ព្រឹត្តិការណ៍ជិះកង់នៅតំបន់អង្គរដើម្បីរកថវិកាជួយដល់កុមារ និងស្រ្ដី ប្រារព្ធធ្វើជាលើកទី១១ នៅខែក្រោយ

ភ្នំពេញ៖ អង្គការស្ដ្រី និងកុមារបានសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដើម្បីរៀបចំព្រឹត្តិការណ៍ប្រណាំងកង់មួយនៅថ្ងៃទី៣ ខែធ្នូ ក្នុងគោលដៅផ្សព្វផ្សាយទេសចរណ៍ និងរកថវិកាជួយដល់ស្រ្តី និងកុមារ ។ ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងថា នេះគឺជាការប្រណាំងកង់មួយដែលមិនគិតពីចំណាត់ថ្នាក់ឡើយហើយព្រឹត្តិការណ៍នេះផ្ដល់ឱកាសឲ្យអ្នកជិះកង់នានានៅជុំវិញពិភពលោកចូលរួមដើម្បីជិះកង់តាមតំបន់ព្រៃ វាលស្រែ និងតំបន់អង្គរដ៏អស្ចារ្យរបស់កម្ពុជា ។ ថវិកាមួយចំនួនដែលបានមកពីព្រឹត្តិការណ៍នេះនឹងយកទៅជួយដល់កុមារដែលរស់នៅជាមួយឧពុកម្ដាយក្នុងពន្ធនាគារ ព្រមទាំងយកទៅទិញកង់ចំនួន ១០០គ្រឿងដើម្បីផ្ដល់ឲ្យសិស្សក្រីក្រចំនួន ១០០នាក់ក្នុងខេត្តសៀមរាប និងខេត្តតាកែវផងដែរ ។

14962886_1188531084551189_1608453694_n

ឯកឧត្តមវ៉ាត់ ចំរើន បានបញ្ជាក់ថាការជិះកង់នោះមិនកំណត់ប្រភេទកង់ឡើយ ប៉ុន្តែអ្នកចូលរួមជិះត្រូវតែមានស្មារតីកីឡាមានសុជីវធម៌ និងសីលធម៌ខ្ពស់ មួយវិញទៀត ការប្រណាំងកង់មានហានិភ័យខ្ពស់ណាស់ ដូច្នេះទាមទារឱ្យអ្នកចូលរួមមានការប្រុងប្រយ័ត្នក៏ដូចជាការទទួលខុសត្រូវខ្ពស់ផងដែរ។

bicycle-610

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានរៀបចំ ១០លើករួចមកហើយៗ នេះជាការជិះកង់លើកទី១១ ដោយកាលពីលើកទី១០ នាឆ្នាំ២០១៥ មានអ្នកចូលរួមប្រកួតចំនួន ៨០០នាក់មកពី ៣២ប្រទេស ដោយឡែក សម្រាប់ឆ្នាំនេះមានអ្នកចុះឈ្មោះចូលរួមប្រកួតចំនួន ៣០០នាក់ហើយ ។ បើតាមការរំពឹងទុក ដល់ថ្ងៃប្រកួតនឹងមានអ្នកចូលរួមពី ៨០០ នាក់ទៅ៩០០នាក់ ។ ក្នុងឱកាសនោះអ្នកស្រីហង្ស ពិផល ប្រធានអង្គការមនុស្សធម៌ដើម្បីកុមារ និងស្រ្តីសម្រាប់ជនជាតិកម្ពុជាបានឱ្យដឹងថា ការចុះឈ្មោះចូលរួមប្រកួតមានតម្លៃ ១៥ដុល្លារ នឹងមានថែមអាវយឺតឲ្យមួយ តែបើ ២៥ដុល្លារថែមអាវជិះកង់ឲ្យមួយទៀត សម្រាប់ជនបរទេសគឺ ៨៥ដុល្លារដោយថែមអាវយឺត និងអាវប្រណាំងកង់ ១ ។ សម្រាប់កុមារកំព្រាដែលរស់នៅតាមមជ្ឈមណ្ឌលនានានោះគឺចុះឈ្មោះមិនគិតលុយហើយមានផ្តល់កង់ឲ្យខ្ចីជិះទៀតផង ៕

cycling-trekking-around-angkor7d-656

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ