គ្រូ U-16កម្ពុជា ជំរុញយុវជនឲ្យខំប្រឹង ខណៈលោកសម្លឹងឃើញពាន World Cup មកកៀកដៃកម្ពុជា!

ភ្នំពេញ៖ លោក Inoue Kazunori គ្រូបង្វឹកក្រុមជម្រើសជាតិយុវជនក្រោមអាយុ ១៦ឆ្នាំកម្ពុជា (U-16) និងសាលាបាល់ទាត់ជាតិបាទី បានផ្ដល់ដំបូន្មានល្អៗ ដល់យុវជនប្រមាណជាង ៥០នាក់ ដែលបានធ្វើតេស្ដចូលរួមក្រុមថ្នាលយុវជនប្រចាំសាលាបាល់ទាត់ជាតិបាទីកាលពីម្សិលមិញថា ពួកគេត្រូវខំប្រឹង និងកំណត់គោលដៅខ្លួនឲ្យបានច្បាស់លាស់ ដើម្បីជំរុញកីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែមានរីកចម្រើន និងឈានទៅលើកពានលើឆាកអន្ដរជាតិ ពិសេសគឺពាន World Cup ដែលលោកសម្លឹកឃើញកម្ពុជាកំពុងមានឱកាសប្រកួតប្រជែង ។

13582150_1761831947387639_1175551193077284942_o
បុរសជនជាតិជប៉ុនរូបនេះ បានទទួលស្គាល់ថា បច្ចុប្បន្នវិស័យកីឡាបាល់ទាត់កម្ពុជា ពិតជាមានភាពរីកចម្រើន ហើយក៏មានកីឡាករល្អៗមួយចំនួនដែរ ប៉ុន្ដែបើប្រៀបធៀបកម្រិតសមត្ថភាពជាសាកល គឺកម្ពុជា នៅមិនទាន់ដល់កម្រិតប្រកួតប្រជែងយកពានថ្នាក់តំបន់ ឬពានកម្រិតពិភពលោកបាននោះទេ ។ ដោយហេតុនេះ លោកបានជំរុញយុវជនជំនាន់ក្រោយរបស់កម្ពុជាឲ្យខំប្រឹង និងតស៊ូហ្វឹកហាត់ ដើម្បីប្រទេសជាតិកម្ពុជា ជាពិសេសគឺការត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខតែម្ដង ។

13725086_1766897356881098_7571219228962751901_o

គ្រូបង្វឹកដែលបានជួយឱ្យក្រុម U-16កម្ពុជា ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៦ដដែលនេះ បានបន្ដថា៖ «ពាន World Cup ជិតមកដល់ដៃយើងហើយ យើងត្រូវខំប្រឹងទាំងអស់គ្នា… ។ ប៉ុន្ដែមុននឹងឈានដល់ពានកម្រិតពិភពលោកនេះ យើងត្រូវប្រជែងយកពានថ្នាក់តំបន់ជាមុនសិន ពិសេសគឺពានកីឡាស៊ីហ្គេម ហើយមុនដល់ពានស៊ីហ្គេម យើងត្រូវលើកពានអន្ដរជាតិ ដូចជាពាន Suzuki Cup ជាដើម ។ ខ្ញុំសង្ឃឹមថា បាល់ទាត់កម្ពុជានឹងខ្លាំងនាថ្ងៃអនាគត ប្រសិនបើយុវជនជំនាន់មានការខំប្រឹង និងមានគោលដៅច្បាស់លាស់» ។

13580671_1761831954054305_6375390566018682861_o

លោក Inoue Kazunori បានបញ្ជាក់ទៀតថា កាលពីដើមឡើយ បាល់ទាត់ជប៉ុន ក៏មិនខុសពីកម្ពុជាដែរ ហើយកីឡាករម្នាក់ៗ ចាប់ផ្ដើមពីដំបូងក៏មិនខុសពីក្មេងៗនៅកម្ពុជាដែរ ប៉ុន្ដែដោយមានគោលដៅ និងមានឆន្ទៈតស៊ូហ្វឹកហាត់ បច្ចុប្បន្នក្រុមបាល់ទាត់ជប៉ុន បានឈានទៅប្រកួតពានកម្រិតពិភពលោកជាច្រើន ហើយក៏មានកីឡាករជាច្រើនដូចជា កីឡាករ Shinji Kagawa និង Keisuke HONDA ជាដើម បានទៅលេងនៅក្លឹបអឺរ៉ុបទៀតផង ។ ដូច្នេះប្រសិនបើកីឡាករក្មេងៗកម្ពុជា ខំប្រឹងនោះបាល់ទាត់កម្ពុជា ក៏នឹងរីកចម្រើនដូចជប៉ុននៅថ្ងៃខាងមុខផងដែរ ។

photo_2016-11-06_20-36-44

គួរបញ្ជាក់ថា នៅថ្ងៃទី៦ និងថ្ងៃទី៧ ខែវិច្ឆិកានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា តាមរយៈមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី បានរៀបចំកម្មវិធីធ្វើតេស្ដយុវជនក្រោមអាយុ ១៥ឆ្នាំមួយក្រុមមកបណ្ដុះបណ្ដាល សម្រាប់ត្រៀមការប្រកួតអន្ដរជាតិផ្សេងៗ ខណៈបច្ចុប្បន្នកន្លែងបណ្ដុះបណ្ដាលបាល់ទាត់នេះ បានថ្នាលយុវជន ២ក្រុមរួចមកហើយ ។ សម្រាប់ការធ្វើតេស្ដជ្រើសរើសថ្នាលយុវជនថ្មីនេះ គឺមានកីឡាករប្រមាណជាង ៥០នាក់ចូលរួម ប៉ុន្ដែលទ្ធផលនៅមិនទាន់ដឹងភ្លាមៗនោះទេ គឺរង់ចាំការសម្រេចពីលោក Inoue Kazunori សិន ៕

អត្ថបទ៖ បុត្រា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ