សុខ ផេង ត្រឡប់ទៅជួយបឹងកេតអង្គរជាថ្មី ក្រោយលេងឲ្យណាហ្គាវើលបានមួយរដូវកាល

ភ្នំពេញ៖ ខ្សែប្រយុទ្ធកម្លាំងយក្ស សុខ ផេង បានត្រៀមខ្លួនចូលរួមជាមួយក្រុមជើងឯកលីគកំពូលកម្ពុជា បឹងកេតអង្គរ សារជាថ្មីម្ដងទៀតហើយ បន្ទាប់ពីចាកចេញទៅលេងឲ្យក្លឹបណាហ្គាវើល មួយរដូវកាល កាលពីឆ្នាំ២០១៦កន្លងទៅ ។ នេះបើយោងតាមការឲ្យដឹងពីលោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមបឹងកេតអង្គរ ។ លោក ប្រាក់ សុវណ្ណារ៉ា បានបង្ហើបឲ្យដឹងថា ជាការត្រៀមខ្លួនការពារតំណែងជើងឯកលីគកំពូលកម្ពុជា រដូវកាលថ្មី ក៏ដូចជាពាន Hun Sen Cup ឆ្នាំ២០១៧ ពិសេសដើម្បីត្រៀមប្រកួតពានរង្វាន់  Toyota Mekong Club Championship 2016-2017 នាពេលខាងមុខ ក្លឹបបានសម្រេចនាំចូលកីឡាករថ្មី ៣រូបទៀតហើយ ដែលជាកីឡាករមកពីក្លឹបណាហ្គាវើលទាំងអស់តែម្ដង ក្នុងនោះក៏មានកីឡាករ សុខ ផេង អតីតកីឡាករបឹងកេតផងដែរ ។

11230_1722081291340570_2498927981133152865_n

ប៉ុន្ដែលោកមិនទាន់បានបញ្ជាក់ច្បាស់ពីការនាំចូលកីឡាករ សុខ ផេង ជាថ្មីនេះឡើយ ដោយលោកគ្រាន់តែបង្ហើបថា សម្រាប់សមាជិកថ្មី ២រូបផ្សេងទៀតនោះ គឺមានកីឡាករ ស៊ុន សុវណ្ណរិទ្ធី និងកីឡាករវ័យក្មេង សេត រ៉ូស៊ីប ដែលជាសមាជិកនៃក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំកម្ពុជា ។ សរុបពេលនេះ បឹងកេតអង្គរ បាននាំចូលកីឡាករថ្មី ៤រូបហើយ ខណៈកីឡាករដំបូង ដែលបឹងកេតនាំចូល គឺកីឡាករ ស្លេះ ស៊េន ដែលបានចុះកិច្ចសន្យាជាមួយក្លឹបជើងឯក ២ជំនាន់នេះ កាលពីពេលថ្មីៗកន្លងទៅ ។

13233017_1771823116366387_3296663009269592997_n

គួរបញ្ជាក់ថា បច្ចុប្បន្នបឹងកេតអង្គរ បាននឹងកំពុងត្រៀមខ្លួនក្នុងនាមជាក្រុមតំណាងប្រទេសកម្ពុជា ចូលរួមប្រកួតពានរង្វាន់ Toyota Mekong Club Championship 2016-2017 ជាលើកទី២ ក្នុងតំណែងរង់ចាំគូប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅចុងឆ្នាំ២០១៦នេះ ។ ប៉ុន្ដែបើសិនបឹងកេត ឈ្នះការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ក្រុមដឹកនាំដោយលោក ប្រាក់ សុវណ្ណារ៉ា នេះ នឹងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវជួបក្រុមជើងឯកលីគកំពូលថៃ Buriram United ដែលជាក្រុមការពារតំណែងជើង នៅដើមឆ្នាំ២០១៧ខាងមុខ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ