គិរីវង់សុខសែនជ័យ បន្ថែមទំនុកចិត្តក្នុងការប្រកួត League-II ដោយខ្ចីជើងកីឡាករវ័យក្មេងភ្នំពេញក្រោន ២នាក់ ថែមទៀត

ភ្នំពេញ៖ កីឡាករ វ៉ាត់ សំណាង និង ឈុត សេងទៀង ដែលជាសមាជិកក្រុមយុវជននៃក្លឹបភ្នំពេញក្រោន ត្រូវបានក្លឹបគិរីវង់សុខសែនជ័យ ខ្ចីជើងមួយរយៈដើម្បីជួយក្រុមខ្លួនក្នុងយុទ្ធនាការប្រកួតបាល់ទាត់លីគលំដាប់ទី២ ឬ League-II ដែលនៅសល់ចំនួន ៥ប្រកួតចុងក្រោយ ។ នេះបើយោងតាមការជូនដំណឹងរបស់ក្លឹបភ្នំពេញក្រោនកាលពីម្សិលមិញ ។ វ៉ាត់ សំណាង គឺជាខ្សែការពារកណ្ដាលដ៏រឹងមាំ ហើយក៏ទើបបញ្ចប់បេសកកម្មជាមួយក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំកម្ពុជា ក្នុងការប្រកួតពាន AFF U-19 Championships នៅវៀតណាមកាលពីពេលថ្មីៗកន្លងទៅ ។ រីឯកីឡាករ សេងទៀត គឺជាខ្សែប្រយុទ្ធ ហើយក៏ជាអតីតសមាជិកនៃក្រុមជម្រើសជាតិយុវជន U-14 និង U-16កម្ពុជាផងដែរ ។

14681630_1399433973417456_8321683919236018794_n

ជាមួយនិងការខ្ចីជើងកីឡាករវ័យក្មេងពីក្លឹបភ្នំពេញក្រោនេះ ថ្នាក់ដឹកនាំក្លឹបគិរីវង់សុខសែន កាន់តែមានភាពកក់ក្ដៅក្នុងការប្រជែងតំណែងជើងឯក League-II លើកទី១ ពិសេសគឺឈានទៅលេងលីគកំពូលកម្ពុជា រដូវកាលក្រោយសាជាថ្មីផងដែរ ដោយសារនេះជាការបន្ថែមភាពជឿជាក់ដោយសារតែកីឡាករទាំងពីរធ្លាប់មានបទពិសោធន៍ស្រាប់ជាមួយក្លឹបកំពូលភ្នំពេញក្រោន និងក្រុមជម្រើសជាតិផងនោះ ។ គួរបញ្ជាក់ថា មកទល់ពេលនេះក្រុមគិរីវង់សុខសែនជ័យ បានឆ្លងកាត់ ៣ប្រកួតមកហើយ ក្នុងនោះឈ្នះ២ គឺឈ្នះយុវជនក្រសួងការពារជាតិ ៦-០ និងឈ្នះក្រុមម្ចាស់ផ្ទះខេត្តស្វាយរៀង ៦-២ បន្ទាប់មកប្រកួតចុងក្រោយចាញ់ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ដោយលទ្ធផល ២-០ ធ្វើឲ្យអតីតក្រុមលីគកំពូលកម្ពុជានេះឈរលេខរៀងទី២ និងមាន ៦ពិន្ទុក្នុងដៃ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ