លោក តូ រិទ្ធី​យ៉ា៖ ខ្ញុំមាន​មោទកភាពណាស់ដែលបានកាន់ភ្លើងគប់ក្រោយបញ្ចប់អាជីពជកីឡាករជាង ២០ ឆ្នាំហើយនោះ!

ភ្នំពេញ៖ នៅក្នុងពិធីសមសាកល្បងលើកចុងក្រោយកាលពីល្ងាចថ្ងៃទី២៦ ខែតុលា ម្សិលមិញនេះ លោក តូ រិទ្ធីយ៉ា បានសម្ដែងនូវភាពសប្បាយរីករាយគ្មានអ្វីប្រៀបផ្ទឹម ខណៈដែលរូបលោកគឺជាអត្តពលិកមួយរូបដែលនឹងត្រូវរត់កាន់ភ្លើងគប់ ឬហៅថា ភ្លើងអទិពេទ ដែលជាភ្លើងសម្រាប់បើកព្រឹត្តិការណ៍កីឡាធំៗ ដូចនៅអូឡាំពិកហ្គេម និង ស៊ីហ្គេម នាពិធីបើកកីឡាជាតិនៅថ្ងៃស្អែកនោះ ។

14711432_1126068140813879_1410216670913450207_o

អតីតកីឡាកររត់ប្រណាំងម៉ារ៉ាតុងក្នុងទសវត្សរ៍៨០និង៩០ រូបនេះ បានថ្លែងថា លោកបានសម្រេចគោលបំណងដែលបានទន្ទឹងរង់ចាំអស់រយៈពេលជាង ២០ឆ្នាំហើយ បន្ទាប់ពីលោកត្រូវបានថ្នាក់ដឹកកីឡាជ្រើសរើសឲ្យកាន់ភ្លើងគប់រត់ក្នុងថ្ងៃបើកការប្រកួតកីឡាជាតិលើកទី១ ជាប្រវត្តិសាស្ត្រ នាយប់ថ្ងៃទី២៨ ខែតុលា នៅពហុកីឡដ្ឋានជាតិនោះ។ លោកបានបន្ថែមថា៖ « ការរៀបចំការប្រកួតកីឡាជាតិនេះ មានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ដើម្បីចម្រាញ់ជ្រើសរើសធនធានកីឡាករ និងមន្ត្រីបច្ចេកទេសដែលមានសមត្ថភាព និងបច្ចេកទេស សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ខាងមុខ»។

14859901_1128546927232667_6121417066776420708_o

សូមបញ្ជាក់ថា លោក តូ រិទ្ធីយ៉ា បានចូលប្រឡូកក្នុងវិស័យកីឡាម៉ារ៉ាតុងនៅឆ្នាំ១៩៧៩ បន្ទាប់មកទៀត ក្រោយពីបានហ្វឹកហាត់អស់រយៈពេល ៤ឆ្នាំរួចមក លោកក៏ត្រូវបានជ្រើសរើសជាកីឡាករជម្រើសជាតិតាំងពីឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៨៩ ជាមួយគ្នានេះលោកបានឆ្លងកាត់បទពិសោធន៍នៃការប្រឡូកក្នុងវិស័យកីឡាម៉ារ៉ាតុងជាច្រើនដូចជា Olympic Games, Asia Games និង ASEAN Games ជាដើម ។ គួរបញ្ជាក់ផងដែរថា សម្រាប់ការរត់ភ្លើងគប់បើកការប្រកួតកីឡាជាតិលើកទី១នេះ ក្រៅពីលោក តូ រិទ្ធីយ៉ា នៅមានកីឡាករ និងអតីតកីឡាករជើងចាស់ឆ្នើមៗ ៨រូបផ្សេងទៀតរួមមាន លោក កែវ ថុន, លោក អៀត គឹមហេង, លោក ប៉ែន ផាត, លោក សោម សារ៉ន, កីឡាករ ប្រាក់ មុន្នីឧត្តម, ចាន់ វឌ្ឍនាកា, កីឡាការិនី កែ ឡេង និងកីឡាការិនី ស៊ន សៀវម៉ី ផងដែរ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ