កីឡាជាតិ៖ បាល់ទាត់ និងកីឡា ៤ប្រភេទទៀត បើកការប្រកួតផ្លូវការថ្ងៃនេះ

ភ្នំពេញ៖ កីឡាចំនួន ៥ប្រភេទ រួមមានកីឡាបាល់ទាត់ បាល់បោះ បាល់ទះ តេក្វាន់ដូ និងវាយកូនឃ្លីលើតុ នឹងត្រូវបើកការប្រកួតផ្លូវការមុនគេ នៅក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី១ នាថ្ងៃទី២៦ ខែតុលានេះ ដែលនឹងធ្វើឡើងនៅលើទីលានផ្សេងៗគ្នា ប៉ុន្ដែភាគច្រើន គឺរៀបចំលើទីលានក្នុងបរិវេណពហុកីឡដ្ឋានជាតិ ។

photo_2016-10-26_08-23-45

សម្រាប់ប្រភេទកីឡាបាល់ទាត់គឺមាន ៣៣ក្រុម ក្នុងនោះក្រុមបាល់ទាត់នារី ១០ក្រុម ដែលការប្រកួតចាប់ផ្ដើមពីថ្ងៃទី២៦ ខែតុលានេះ ដល់ថ្ងៃចុងក្រោយ គឺថ្ងៃទី០៥ ខែវិច្ឆិកា នៅលើទីលានជាច្រើន ដូចជាទីលានពហុកីឡដ្ឋានជាតិ សាលាបាល់ទាត់ជាតិ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាល័យបឹងកេតកង និងវិទ្យាស្ថានអប់រំកាយ និងកីឡាជាដើម ។

photo_2016-10-26_08-23-23

ដោយឡែកក្រុមបាល់បោះមានក្រុមចូលរួមសរុប ២៨ក្រុម ក្នុងនោះមានក្រុមបាល់បោះនារី ៩ក្រុម ធ្វើលើទីលានពហុកីឡដ្ឋានជាតិ ខណៈក្រុមបាល់ទះមាន ១៨ក្រុមចូលរួម(ក្រុមបាល់ទះនារី ៦ក្រុម) ហើយការប្រកួតត្រូវប្រកួតលើទីលានមួយចំនួនតាមខេត្ត(ខាងក្រោម) ។ បាល់បោះ និងបាល់ទះ គឺគ្រោងនឹងបញ្ចប់ថ្ងៃជាមួយគ្នា នៅថ្ងៃទី០៤ ខែវិច្ឆិកាខាងមុខ ។

photo_2016-10-26_08-23-29

ចំណែកប្រភេទកីឡាវាយកូនឃ្លីលើតុ និងកីឡាតេក្វាន់ដូ ដែលចាប់ផ្ដើមប្រកួតដំណាលគ្នាថ្ងៃនេះ នឹងប្រើរយៈពេល ៥ថ្ងៃប៉ុណ្ណោះ ដើម្បីប្រកួតរកជើងខ្លាំង ដោយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ ខែតុលាចុងសប្ដាហ៍នេះ ។

photo_2016-10-26_08-23-35

គួរបញ្ជាក់ថា ខាងលើនេះ គឺជាប្រភេទកីឡាប្រកួតមុនគេ ខណៈពិធីបើកការប្រកួតកីឡាជាតិផ្លូវការ នឹងធ្វើឡើងជាលក្ខណៈទ្រង់ទ្រាយធំ នៅថ្ងៃទី២៨ ខែតុលាខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្ដ្រីនៃកម្ពុជា អមដោយការរៀបចំកម្មវិធីជាច្រើន ដូចជាការរត់ភ្លើងគប់ ការប្រគុំតន្ដ្រីចូលរួមដោយតារាចម្រៀងល្បីៗប្រចាំកម្ពុជា ការបំពាក់ភ្លើងពណ៌ស្ដង់ដាកីឡាស៊ីហ្គេម ការបាញ់កាំជ្រួចជាក្បួនដ៏អស្ចារ្យជាដើម ៕

photo_2016-10-26_08-23-40

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ