តំណាងសហព័ន្ធជាតិទាំង ១៥ និង រាជធានី-ខេត្ត ២៥ ចូលរួមប្រជុំបច្ចេកទេសជាមួយថ្នាក់ដឹកនាំកីឡា

ភ្នំពេញ៖ ការប្រកួតកីឡាជាតិលើកទី១ នឹងចាប់ផ្ដើមពីថ្ងៃទី២៥ ខែតុលានេះទៅហើយ ជាមួយគ្នានេះដែរ ឯកឧត្តម ហង់ ជួនណារ៉ុណ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា រួមជាមួយឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិកម្ពុជា បានធ្វើការកោះហៅតំណាងសហព័ន្ធជាតិទាំង ១៥ដែលមានឈ្មោះក្នុងការប្រកួត រួមជាមួយតំណាងរាជធានី-ខេត្តទាំង ២៥ ដើម្បីមកចូលរួមប្រជុំបច្ចេកទេសមុននឹងការប្រកួតចាប់ផ្តើមជាផ្លូវការ។

14825562_1172090346195263_1310049342_n

សូមបញ្ជាក់ថា នៅថ្ងៃទី២៦ ខែតុលាប្រភេទកីឡាជាក្រុមដូចជា៖ បាល់ទាត់ បាល់ទះ បាល់បោះ តេក្វាន់ដូ និង វាយកូនឃ្លីលើតុ នឹងត្រូវចាប់ផ្តើមហើយ។ ចំពោះការរៀបចំវិញគឺ ផ្ទះសំណាក់ និងសណ្ឋាគារចំនួន ១៣ ដែលមាន ចំនួន ១.០១០ បន្ទប់ត្រូវបានកក់ទុករួចជាស្រេចសម្រាប់ការស្នាក់នៅរបស់កីឡាករ-កីឡាការិនី និងប្រតិភូរាជធានី-ខេត្តក្នុងអំឡុងពេលប្រកួត ។ ជាមួយគ្នានេះរថយន្ដក្រុងចំនួន ៣០គ្រឿងក៏ត្រូវបានត្រៀមសម្រាប់ដឹកកីឡាករ-កីឡាការិនីពីកន្លែងស្នាក់នៅឆ្ពោះទៅកន្លែងប្រកួតផងដែរ ខណៈដែលរថយន្ដពេទ្យចំនួន ៣គ្រឿងត្រូវបានដាក់ប្រចាំការពីពេលនេះទៅរហូតថ្ងៃបញ្ចប់ការប្រកួត ។

14798827_1172090339528597_152424719_n

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា រាល់ទំនាស់ក្នុងការប្រកួតនឹងកើតមានដោយខានមិនបានហេតុនេះអ្វីៗត្រូវដោះស្រាយក្នុងក្របខណ្ឌរាជធានីខេត្តជាមួយគណៈកម្មការប្រកួត រិឯបញ្ហាបន្ទាន់នានាអាចទំនាក់ទំនងគ្នាតាមសារអេឡិចត្រូនិច ។ ឯកឧត្តមវ៉ាត់ ចំរើន ក៏បានមានប្រសាសន៍ដែរថា ការប្រកួតនេះនឹងមានអ្នកចូលរួមពី ៥០.០០០ ទៅ ៦០.០០០នាក់ ។ សូមបញ្ជាក់ថា នេះជាការប្រកួតដ៏ធំដំបូងលើកទី១ ដែលមានអត្តពលិកចូលរួមចំនួន ២.៧០០នាក់ លើ ១៥ប្រភេទកីឡា មានដូចជា៖ អត្តពលកម្ម, ហែលទឹក, បាល់បោះបុរស-នារី, ប្រដាល់, បាល់ទាត់បុរស-នារី, ចំបាប់, វាយកូនឃ្លីលើតុ, តេក្វាន់ដូ, វាយកូនបាល់, បាល់ទះ (ឆ្នេរខ្សាច់បុរស បាទះលើក្ដារបុរស-នារី), ប៉េតង់, ល្បុក្កតោ, កាយសម្ព័ន្ធ,  ShorinjiKempo, និងវាយសី ។ ជាមួយនឹងការប្រជុំបច្ចេកទេសនេះឯកឧត្តមរដ្ឋមន្ត្រីបានប្រគល់លិខិតសរសើរដល់ប្រតិភូរាជធានី-ខេត្ត ទាំង២៥ និងក្រសួង ២ព្រមទាំងសហព័ន្ធជាតិទាំង១៥ទៀតផង៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ