ក្រុមU-19វៀតណាម បង្កើតប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍ AFC U-19 Championship ក្រោយចូលរួមអស់ ២០ឆ្នាំរួចមក

បារ៉ែន៖ ក្រុម U-19 ជម្រើសជាតិវៀតណាមបានបង្កើតនូវភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានក្លាយជាក្រុមតែមួយគត់នៅក្នុងតំបន់អាស៊ានដែលបានទទួលសិទ្ធិដើម្បីឡើងទៅប្រកួតក្នុងវគ្គ ៨ ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ AFC U-19 Championship Bahrain 2016 បន្ទាប់ពីបានទទួលលទ្ធផល ០-០ នៅក្នុងជំនួបជាមួយក្រុមអុីរ៉ាក់កាលពីម្សិលមិញរួចមក។ នៅក្នុងវគ្គជម្រុះតាមពូលនេះក្រុមវៀតណាមមាន ៥ពិន្ទុនៅក្នុងដៃដោយធ្លាប់ឈ្នះមួយ និងស្មើ ២ ប្រកួត ពោលគឺឈ្នះក្រុមកូរ៉េខាងជើង ប៉ុន្តែស្មើក្រុមអារ៉ាប់រួម (United Arab Emirate) និងក្រុមអុីរ៉ង់ ។

irq_vie
គ្រូបង្វឹកក្រុមវៀតណាម លោក Hoang Anh Tuan បានថ្លែងទាំងរីករាយថា៖ «ខ្ញុំពិតជាមានមោទកភាពណាស់ ចំពោះកីឡាករវ័យក្មេងរបស់យើង ព្រោះថាយើងបានបង្កើតនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យបាល់ទាត់វៀតណាម! ចំពោះការប្រកួតនេះវិញ យើងបានគិតទុកហើយថា ទោះបីជាក្រុមរបស់យើងបានត្រឹមស្មើគូប្រកួតក៏យើងអាចឡើងទៅវគ្គបន្តទៀតបានដែរ ដូច្នេះលទ្ធផល ០-០ ជាមួយក្រុមខ្លាំង និងមានបច្ចេកទេសខ្ពស់ដូចជាក្រុមអុីរ៉ាក់នេះគឺជាមោទកភាពមួយសម្រាប់យើងទាំងអស់គ្នា។» អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ នេះគឺជាលើកទី១ ហើយសម្រាប់ក្រុមU-19 វៀតណាម ដែលបានឆ្លងផុតវគ្គជម្រុះតាមពូលគិតចាប់ពីបានចូលរួមក្នុងព្រឹត្តិការណ៍នេះតាំងតែពីឆ្នាំ១៩៩៦ មក។ vietnam-u19-in-afc-championship

សម្រាប់ការប្រកួតបន្ទាប់នោះគឺ ក្រុមវៀតណាម និងត្រូវជួបក្រុមម្ចាស់ផ្ទះបារ៉ែន ដណ្តើមប្រជែងគ្នាឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តទៀត ខណៈដែលបារ៉ែនគឺជាក្រុមខ្លាំងមួយដែលទើបតែបានបំបាក់ក្រុមដំរីសឹកថៃ ៣-២ កាលពីថ្ងៃទី១៩ ខែតុលា កន្លងទៅ។ យ៉ាងណាក៏ដោយ ក្រុម U-19 វៀតណាម ក៏ជាក្រុមខ្លាំងមួយដែរនៅក្នុងតំបន់អាសុីអាគ្នេយ៍ដោយថែមទាំងធ្លាប់ទទួលតំណែងជាជើងឯក (២០០២) និង ជើងឯករងជាច្រើនលើកនៅក្នុងការប្រកួតដណ្តើមពាន AFF U-19 Championship ។
afc-u19-championship-group-b

សូមបញ្ជាក់ថា ក្រុម U-19 ជម្រើសជាតិវៀតណាម និងថៃ គឺជាក្រុមតែ ២ គត់នៅក្នុងតំបន់អាស៊ានដែលទទួលបានសិទ្ធិចូលរួមក្នុងការប្រកួតដណ្តើមពានរង្វាន់ AFC U-19 Championship Bahrain 2016 ដែលជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំមួយនៅក្នុងតំបន់អាសុីសម្រាប់ក្របខណ្ឌយុវជនអាយុក្រោម ១៩ ឆ្នាំ ក៏ប៉ុន្តែនៅពេលនេះក្រុមជម្រើសជាតិថៃបានជ្រុះចេញពីការប្រកួតនេះហើយក្រោយពីទទួលបរាជ័យទាំង ៣ លើកជាប់ៗគ្នារួចមក៕

vietnam-u19-in-aff-championship

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ