ក្រុម U-19 ថៃ​ ជ្រុះចេញពី AFC U-19 Championship 2016 ក្រោយចាញ់ ៣ ប្រកួតជាប់ៗគ្នាយ៉ាងជូរចត់

បារ៉ែន៖ ក្រុមU-19 ជម្រើសជាតិថៃ បានបាត់បង់ឱកាសក្នុងការឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ AFC U-19 Championship Bahrain 2016 ហើយ បន្ទាប់ពីទទួលបានលទ្ធផលដ៏ខកចិត្តរួចមក ពោលគឺក្រុមដំរីសឹកថៃបានទទួលបរាជ័យទាំង ៣ ប្រកួតជាប់ៗគ្នាតែម្តង។
bah_tha
ក្នុងការប្រកួតចុងក្រោយកាលពីម្សិលមិញក្រុម U-19 ជម្រើសជាតិថៃ បានបន្តចាញ់ក្រុមម្ចាស់ផ្ទះបារ៉ែនក្នុងលទ្ធផល ៣-២ បន្ទាប់ពីបរាជ័យក្នុងជំនួបជាមួយកូរ៉េខាងត្បូង ៣-១ និងចាញ់ក្រោមថ្វៃជើងក្រុមអារ៉ាប៊ីសាអូឌីត ៤-០ កាលពីសប្តាហ៍មុនរួចមក។ លោក Anurak Srikerd គ្រូបង្វឹកក្រុមជម្រើសជាតិថៃបានលើកឡើងថា លទ្ធផលនេះបានកើតឡើងដោយសារតែក្រុមរបស់លោកមានពេលខ្លីក្នុងការរៀបចំខ្លួនពោលគឺបានប្រមូលផ្តុំគ្នាត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះមុនការប្រកួតចូលមកដល់ យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា៖«ខ្ញុំបានព្យាយាមផ្តល់ឱកាសឱ្យសមាជិកទាំង ២៣ រូបបានលេងនៅក្នុងព្រឹត្តិការណ៍នេះ ព្រោះខ្ញុំចង់ឱ្យពួកគេបានដកស្រង់បទពិសោធន៍ពីការប្រកួតធំៗ ដើម្បីអាចអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែល្អប្រសើរថែមទៀត។»

bahrain_rejoice

លទ្ធផលបែបនេះបានធ្វើឱ្យក្រុមជើងឯករងពាន AFF U-19 Championship 2016 នេះត្រូវវិលត្រលប់មកកាន់ស្រុកកំណើតវិញជាមួយនឹងពិន្ទុសូន្យក្នុងដៃ ខណៈដែលក្រុម U-19 ជម្រើសជាតិវៀតណាមគឺជាក្រុមតែមួយគត់នៅក្នងតំបន់អាស៊ានដែលកំពុងតែមានឱកាសក្នុងការឆ្លងផុតវគ្គជម្រុះតាមពូលនៃពាន AFC U-19 Championship Bahrain 2016 នេះដោយពួកគេនៅសល់មួយប្រកួតទៀតក្នុងដៃ ពោលគឺត្រូវជួបក្រុម  U-19 អុីរ៉ាក់នៅថ្ងៃស្អែកជាបន្តទៀត៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ