កីឡដ្ឋាន RSN របស់ភ្នំពេញក្រោននឹងក្លាយជាទីលានប្រកួតក្នុងជំនួបប្រ៊ុយណេ-ឡាវ នៅថ្ងៃស្អែក

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែតុលា ស្អែកនេះ ក្រុមបាល់ទាត់ជម្រើសជាតិទាំង ៤ ប្រទេសដែលកំពុងចូលរួមប្រកួតប្រជែងក្នុងវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នឹងត្រូវប្រកួតក្នុងពេលដំណាលគ្នាស្របពេលដែលទីលាននៃកីឡដ្ឋានចំនួន ២ ត្រូវបានប្រើប្រាស់សម្រាប់ជំនួបចុងក្រោយនៃក្រុមនីមួយៗនេះ។
11731746_1063746080319582_2216046425745727173_o

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជាដែលកំពុងឈរកំពូលតារាងនឹងត្រូវជួបជាមួយក្រុមជម្រើសជាតិទីម័រខាងកើតនៅលើទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិក និងមួយគូទៀតនោះគឺក្រុមជម្រើសជាតិប្រ៊ុយណេ ជាមួយក្រុមជម្រើសជាតិឡាវ ដែលនឹងត្រូវជួបគ្នានៅលើទីលានស្មៅធម្មជាតិ RSN របស់ក្លឹបភ្នំពេញក្រោន ដោយការប្រកួតទាំងពីរនេះត្រូវចាប់ផ្តើមនាវេលាម៉ោង ៦.៣០ ល្ងាចដូចគ្នា ហើយសម្រាប់តម្លៃសំបុត្រទស្សនាគឺ ១០,០០០ រៀល ( កន្លែងមានដំបូល)  និង ៥,០០០ រៀល (កន្លែងគ្មានដំបូល)។

14680668_1393045310722989_761380949161086440_n

គួររំលឹកថា ក្រុមជម្រើសជាតិកម្ពុជា និង ក្រុមជម្រើសជាតិទីម័រធ្លាប់បានជួបគ្នាម្តងរួចមកហើយក្នុងការប្រកួតមិត្តភាពអន្តរជាតិកាលពីថ្ងៃទី២៩ ខែឧសភាកន្លងទៅ ដោយកាលណោះក្រុមកម្ពុជាបានយកឈ្នះក្នុងលទ្ធផល ២-០ ក៏ប៉ុន្តែសម្រាប់គ្រូបង្វឹក Lee Tae Hoon ក្រុមទីម័រនឹងត្រៀមខ្លួនបានល្អ បើទោះបីនេះជាការប្រកួតបង្គ្រប់កិច្ចសម្រាប់ពួកគេក៏ដោយ។ ទន្ទឹមនឹងនេះ បណ្តាអ្នកគាំទ្រកម្ពុជាបានសម្តែងនូវចំណាប់អារម្មណ៍ ក៏ដូចជាទទូចចង់ឃើញក្រុមកម្ពុជាបានឈានឡើងទៅវគ្គចែកពូលចុងក្រោយជាបន្តទៀត ខណៈដែលកម្ពុជាមិនដែលបានឆ្លងផុតវគ្គជម្រុះឡើយនៅក្នុងរយៈពេល ៣លើកចុងក្រោយនេះ (ឆ្នាំ២០១០, ២០១២, ២០១៤) ។

14591626_1393045540722966_3294422149171133069_n

សម្រាប់ក្រុមប្រ៊ុយណេ និងឡាវ ដែលសុទ្ធតែធ្លាប់ចាញ់មួយប្រកួតម្នាក់ក្រោមថ្វីជើងកម្ពុជានោះក៏ត្រូវប្រជែងគ្នាយ៉ាងខ្លាំងក្លាដែរក្នុងក្តីរំពឹងថាអាចនឹងបង្អាក់ដំណើររបស់កម្ពុជាក្នុុងការឆ្លងផុតវគ្គជម្រុះនេះ ប៉ុន្តែនេះមិនមែនជាក្តីរំពឹងដែលសម្រេចបានដោយងាយឡើយព្រោះថានៅពេលនេះ ក្រុមម្ចាស់ផ្ទះកំពុងតែមាន ៦ ពិន្ទុពេញនៅក្នុងដៃ និងមានគ្រាប់បាល់ចំណេញ ៤គ្រាប់ផងដែរ៕

អត្ថបទ៖ មករា

 

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ