តើនរណាដែលជាអ្នកឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ TV5 Boxing Knock Out ថ្ងៃអាទិត្យនេះ?

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែតុលាខាងមុខនេះព្រឹត្តិការណ៍ TV5 Boxing Knock-Out នឹងចាប់ផ្ដើមប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ខណៈដែលអ្នកប្រដាល់ជើងខ្លាំង ៤ រូបនឹងត្រូវប្រជែងគ្នាក្នុងវគ្គនេះ។ ក្នុងនោះ កីឡាករ ស្រៀង ទិតធិ មកពីក្លិបសម្បត្តិគុនខ្មែរ ត្រូវជួបជាមួយអ្នកប្រដាល់ឈុន បញ្ញា របស់ក្លិបរ៉ាហាប់ស្វាយប៉ាក រីឯ មាឃ សុវណ្ណារ៉ា របស់ក្លិបខេត្តរតនគីរី ត្រូវប្រកួតជាមួយអ្នកប្រដាល់លីន វិបុល ក្លិបបូរីរាជសីហ៍មានរិទ្ធ។

14741004_1165443426859955_186534598_n

ក្នុងការប្រកួតជម្រុះ ៣ជុំកន្លងមកនៅជុំទី ១ ទិតធិ បានឈ្នះនួន សុជាតិ មកពីក្លិបកុលបុត្រគុនខ្មែរដោយពិន្ទុ រួចបន្តឈ្នះ ផាត សុដា របស់ក្លិបអេភូថងកីឡាដោយពិន្ទុនៅជុំទី ២ និងនៅជុំទី ៣ បានឈ្នះយ៉ុន ដារ័ត្ន មកពីក្លិបតាឡីដំរីមានរិទ្ធដោយពិន្ទុដែរ ។ ចំពោះឈុន បញ្ញា វិញកាលនៅជុំទី ១ បានឈ្នះ ចៅ រស់ មកពីក្លិបសុភានូមានជ័យដោយពិន្ទុ ។ លុះនៅជុំទី ២ ឈ្នះហេង ពន្លឺ មកពីក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងដោយពិន្ទុ និង ជុំទី ៣ ឈ្នះម៉ន វន្នី របស់ក្លិបការិយាល័យទី ៥កងទ័ពជើងគោកដោយពិន្ទុដែរ ។ ដូច្នេះក្នុងព្រឹត្តិការណ៍នេះអ្នកប្រដាល់ជើងខ្លាំងទាំង ២ ពុំទាន់ស្គាល់ពាក្យចាញ់នៅឡើយទេ ប៉ុន្តែសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះនឹងមានម្នាក់ស្គាល់ចាញ់ហើយៗអ្នកចាញ់នោះគឺមានតែប្រជែងយកចំណាត់ថ្នាក់លេខ៣ ប៉ុណ្ណោះ រីឯអ្នកឈ្នះត្រូវប្រជែងយកឋានៈជើងឯកបន្តទៀត។

14741655_1165443450193286_1396204065_n

មួយគូទៀតនោះគឺ អ្នកប្រដាល់មាឃ សុវណ្ណារ៉ា របស់ក្លិបខេត្តរតនគីរីត្រូវប្រកួតជាមួយអ្នកប្រដាល់លីន វិបុល មកពីក្លិបបូរីរាជសីហ៍មានរិទ្ធ ។ កាលជុំទី ១ សុវណ្ណារ៉ា បានឈ្នះជ័យ សុផល របស់ក្លិបបាគងមានរិទ្ធនៅទឹកទី ១ ក្រោយមកនៅជុំទី ២ បានឈ្នះប្រាក់ ស៊ីណាត មកពីក្លិបតាឯកដំបងដែកមានរិទ្ធនៅទឹកទី ២ និង ជុំទី ៣ បានយកឈ្នះនឹម ណន មកពីក្លិបទ័ពឆ័ត្រយោង៩១១ ដោយពិន្ទុទៀត ។ ចំពោះលីន វិបុល វិញកាលជុំទី១ គេឈ្នះថាន រ៉ាឌី របស់ក្លិបតាព្រហ្មមានជ័យដោយពិន្ទុ ។ នៅជុំទី ២ បានឈ្នះពេជ្រ សាម៉ុន មកពីក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យដោយពិន្ទុ និងជុំទី ៣ ឈ្នះព៊ុន សុធា មកពីសមាគមប្រដាល់ក្រសួងការពារជាតិដោយពិន្ទុ ។ អ្នកខ្លាំងទាំង ២ រូបនេះក៏ពុំទាន់ស្កាល់ចាញ់ដែរ៕

14793922_1165443423526622_1999469182_n

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ