កីឡា ៣ ប្រភេទដែលសង្ឃឹមថានឹងទទួលបានផ្លែផ្កាល្អក្នុងព្រឹត្តិការណ៍កីឡាជាតិខាងមុខនេះ

ភ្នំពេញ៖ គ្រប់បណ្ដាប្រភេទកីឡាទាំង១៥ សុទ្ធតែសង្ឃឹមថានឹងទទួលបានលទ្ធផលល្អ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១ ឬហៅថា National Games ដែលនឹងចាប់ផ្តើមនៅចុងខែតុលានេះ ខណៈដែលកីឡា ៣ប្រភេទគឺហែលទឹក កាយសម្ព័ន្ធ និងចំបាប់ កំពុងមានក្តីសង្ឃឹមខ្ពស់ជាងគេថានឹងបានផ្លែផ្កាល្អសម្រាប់ការត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣ នារយៈពេល ៧ឆ្នាំខាងមុខនេះ។

11091508_965057563505054_8208643034268878125_n

អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកលោក ហែម គីរី បានឱ្យដឹងថា គិតមកដល់ពេលនេះទាំងគណៈកម្មការ មន្រ្តីបច្ចេកទេសប្រកួត និងកីឡាករ កីឡាការិនី ដែលត្រូវចូលរួមបានត្រៀមរួចរាល់អស់ហើយគឺគ្មានអ្វីត្រូវបារម្ភទៀតនោះទេ។ លោកបន្តថា ក្នុងព្រឹត្តិការណ៍នេះនឹងមានមានអត្តពលិកចូលរួមចំនួន ៤២នាក់ មកពីខេត្តកោះកុង, ខេត្តកំពង់ចាម, ក្លឹបក្រសួងមហាផ្ទៃ និងរាជធានីភ្នំពេញ ហើយអត្តពលិកទាំងនេះ ត្រូវបានសម្រិតសម្រាំងយកមកប្រកួត ដោយផ្អែកទៅលើលទ្ធផល និងកម្រិតបច្ចេកទេសរបស់ពួកគេ ក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនាពេលកន្លងមក។

img_0572-copy

ចំណែកអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាលោក ណយ ផាណា ក៏បានឱ្យដឹងដែរថា ដើម្បីត្រៀមខ្លួនសម្រាប់កីឡាជាតិឲ្យទទួលបានជោគជ័យនោះ សហព័ន្ធជំនាញមួយនេះបានរៀបចំការប្រកួតដោយបែងចែកចេញ ជា ២ប្រភេទវិញ្ញាសាធំៗ គឺកីឡាកាយសម្ព័ន្ធបែប Aerobic និងកីឡាកាយសម្ព័ន្ធ Artistic។ សព្វថ្ងៃនេះសម្រាប់ប្រភេទកីឡាកាយសម្ព័ន្ធមានតែ ៤រាជធានី-ខេត្ត រាជធានីភ្នំពេញ ក្រចេះ តាកែវ និង ខេត្តកំពង់ឆ្នាំង សរុបមានកីឡាករ កីឡាការិនីចំនួន ៥១រូប ក្នុងនោះកីឡាករ កីឡាការិនី ១៥នាក់ និងមន្ត្រីបច្ចេកទេស ២១នាក់។ លោកអះអាងថា ដើម្បីត្រៀមព្រឹត្តិការណ៍កីឡាជាតិនេះផង និងស៊ីហ្គេមនាពេលខាងមុខផង សហព័ន្ធរបស់លោកបានបង្កើតវគ្គបណ្តុះបណ្តាលដល់ថ្នាលយុវជននានា ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងបន្ថែមទៀតនូវមូលដ្ឋានគ្រឹះដ៏រឹងមាំ ក៏ដូចជាបង្កើនកម្រិតបច្ចេកទេស សមត្ថភាពរបស់ពួកគេផងដែរ។

10550933_326051417554997_6176494944279500206_n

ចំពោះប្រភេទកីឡាចំបាប់វិញ អគ្គលេខាធិការសហព័ន្ធ លោក ធិន វិចិត្រ ក៏បានលើកឡើងមិនខុសពីសហព័ន្ធខាងលើដែលថា សហព័ន្ធបានត្រៀមខ្លួនរួចរាល់ហើយដែរសម្រាប់កីឡាករ កីឡាការិនី មន្ត្រីបច្ចេកទេស ចៅក្រម អាជ្ញា កណ្តាលជាដើម។ សូមបញ្ជាក់ថា ប្រភេទកីឡាដែលដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិត្រូវបានសម្រេចដោយផ្លូវការចំនួន ១៥ រួមមាន៖ អត្តពលកម្ម, ហែលទឹក, វាយសី, បាល់បោះ, ប្រដាល់, បាល់ទាត់, ចំបាប់, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WTF, វាយកូនបាល់, បាល់ទះ, ប៉េតង់, ល្បុក្កតោ, កាយសម្ព័ន្ធ និងសូរិនហ្សិកាំប៉ូ ដោយគ្រោងចំណាយថវិកាជាតិប្រមាណ ១លានដុល្លារអាមេរិក៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ