អស្ចារ្យ! ល្បុក្កតោខ្មែរត្រៀមខ្លួនអង្រួនពិធីបើកព្រឹត្តិការណ៍កីឡាជាតិនៅចុងខែនេះ!

ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាជាតិដ៏ធំលើកទី១ នៅកម្ពុជានឹងត្រូវចាប់ផ្តើមពីថ្ងៃទី២៥ ខែតុលា ខាងមុខនេះហើយ ខណៈដែលពិធីបើកជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អមដោយទស្សនីយភាពកីឡា និងសិល្បៈចម្រុះគ្នាប្រកបដោយភាពរស់រវើក។ ជាមួយគ្នានេះដែរ ក្រៅពីការដង្ហែរភ្លើងគប់ដោយបណ្តាកីឡាករ កីឡាការិនីជើងចាស់ និងស្រករក្រោយដែលកំពុងមានកេរ្តិ៍ឈ្មោះល្បីហើយនោះ នៅក្នុងពិធីបើកព្រឹត្តិការណ៍នេះក៏នឹងមានការសម្តែងក្បាច់គុនល្បុក្កតោដ៏ល្បីល្បាញរបស់ខ្មែរជូនមហាជនទស្សនាផងដែរ។

14715593_945950175548893_4362262065041072489_o

ទន្ទឹុមនឹងនេះ ដើម្បីធានាឱ្យការសម្តែងមានភាពរលូនល្អប្រសើរស្របទៅតាមបែបបទបច្ចេកទេស សហព័ន្ធល្បុក្កតោ ដែលស្ថិតក្រោមការដឹកនាំរបស់ឯកឧត្តម វ៉ាត់ ចំរើន បានរៀបចំឱ្យមានការហ្វឹកហាត់ជាលក្ខណៈទ្រង់ទ្រាយធំដោយមានការសហការចូលរួមពីកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាសិស្សានុសិស្ស និងកីឡាករ កីឡាការិនីផងដែរ។

14567606_945950138882230_8624926576326534150_o

លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធល្បុក្កតោបានឱ្យដឹងថា សម្រាប់ការបង្ហាញស្នៀតគុនល្បុក្កតោនាពិធីបើកព្រឹត្តិការណ៍កីឡាជាតិនាថ្ងៃទី២៨ នេះមានការចូលរួមពីកងកម្លាំងខេមភូមិន្ទមកពីសាលានាយទាហានសកម្ម និងសិស្សានុសិស្សដែលមានអាយុក្រោម១៥ឆ្នាំ មកពីសាលាប៊ែលធី ជាពិសេសក៏នឹងមានការបង្ហាញសមយុទ្ធរបស់ក្រុមជម្រើសជាតិល្បុក្កតោផងដែរ។ លោកបានបន្ថែមថា៖ «សហព័ន្ធល្បុក្កតោកម្ពុជាបានបញ្ជូនគ្រូជាច្រើននាក់ដែលដឹកនាំដោយលោកគ្រូតា សាន គឹមស៊ាន និងលោកគ្រូតា ហុកឈាងគីម ដើម្បីធ្វើការបង្ហាត់នូវស្នៀតគុនដល់សិក្ខាកាមសាលានាយទាហានសកម្ម និងសិស្សសាលាប៊ែលធីទាំងអស់នោះ ដោយជារួមមានទាហាន ២០០នាក់ សិស្សានុសិស្ស ២២០នាក់ រួមទាំងកីឡាករជម្រើសជាតិយើង ១០នាក់ទៀត»។

14691257_945950432215534_547810277681978675_o

អគ្គលេខាធិការដែលបានបង្ហាញមុខនៅក្នុងខ្សែភាពយន្តបែបវាយតប់ជាច្រើនរឿងរូបនេះបានបញ្ជាក់ថា៖« ការបង្ហាញក្បាច់គុនក្នុងព្រឹត្តិការណ៍ដ៏ធំនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្ហាញពីវប្បធម៌ និងសិល្បៈក្បាច់គុនបុរាណខ្មែរល្បុក្កតោដែលជាមរតកដ៏មានតម្លៃនៃបុព្វបុរសខ្មែរ ដើម្បីផ្សព្វផ្សាយឱ្យប្រជាជនខ្មែរ ព្រមទាំងជនបរទេសផងបានស្គាល់កាន់តែច្បាស់អំពីគុនតម្លៃរបស់កីឡាប្រពៃណីមួយនេះ។»

14715096_945950085548902_5579065018887997812_o

សូមបញ្ជាក់ថា ល្បុក្កតោខ្មែរបានទទួលបានការចាប់អារម្មណ៍ខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលដែលកីឡាយុទ្ធគុនមួួយនេះក៏ត្រូវបានថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទសម្រេចដាក់បញ្ចូលជាប្រភេទយុទ្ធគុនសម្រាប់កងទ័ពហ្វឹកហាត់រួមជាមួយនឹងប្រដាល់គុនខ្មែរ និងយុទ្ធក្រមខមផងដែរ។ ជាងនេះទៅទៀត ឯកឧត្តមវ៉ាត់ ចំរើន ធ្លាប់បានលើកឡើងថា ល្បុក្កតោកម្ពុជានឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍សុីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះតាមរយៈការបង្ហាញក្បាច់គុនទ្រង់ទ្រាយធំដោយនឹងមានការចូលរួមពីអត្តពលិកជាច្រើនពាន់នាក់ឯណោះ។

14523180_943342762476301_5978219083712737787_n

មិនត្រឹមតែប៉ុណ្ណោះ សហព័ន្ធល្បុក្កតោ រួមជាមួយគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងស្ថាប័នពាក់ព័ន្ធនានាកំពុងតែបំពេញការងារយ៉ាងសស្រាក់សស្រាំក្នុងការរៀបចំបញ្ចូលកីឡាយុទ្ធគុនបុរាណខ្មែរមួយនេះទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូថែមទៀតផងដើម្បីបង្ហាញឱ្យពិភពលោកបានឃើញថា ជនជាតិខ្មែរគឺជាម្ចាស់ពិតប្រាកដនៃកីឡាល្បុក្កតោនេះ៕

14706986_945950435548867_167525269239631630_o

14712776_945950062215571_2630207693557444013_o

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ