ថ្នាក់ដឹកនាំកីឡារួមគ្នាស្រាយបំភ្លឺអំពីព្រឹត្តិការណ៍កីឡាជាតិ ខណៈពេលវេលាចាប់ផ្តើមកាន់តែជិតដល់

ភ្នំពេញ៖ ប៉ុន្មានថ្ងៃនេះមានប្រិយមិត្តនៅលើបណ្ដាញសង្គមខ្លះបានរិះគន់ដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំយុវជន និងកីឡាថា ហៅអត្តពលិកល្បីៗទៅចូលរួមហាក់ដូចជាមានការរើសអើងខ្លះក៏ហៅ ឯខ្លះក៏មិនហៅ ។ យ៉ាងណាក៏ដោយ ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានពន្យល់នៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១៧ ខែតុលាថាគ្មានការរើសអើងឡើយពោលគឺមនុស្សល្បីៗត្រូវបានអញ្ជើញទាំងអស់ ។ ឯកឧត្តមបន្តថា មកទល់ពេលនេះអូឡាំពិកកម្ពុជានៅតែបន្តអំពាវនាវរកអត្តពលិកពីទសវត្សឆ្នាំ៦០ និង អ្នកស្រករក្រោយទោះបីនៅទីណាក៏ដោយសូមអញ្ជើញមកចូលរួមក្នុងពិធីបើក និងបិទការប្រកួតដ៏ធំនេះ ។
14625432_1163203667083931_1763929568_n

ជាមួយគ្នានេះ ឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃក្រសួងអប់រំយុវជន និងកីឡាបានព្រមានថា សម្រាប់ប្រភេទកីឡាប្រដាល់ដែលមិនមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះដោយសារប្រាក់រង្វាន់តិចនោះគឺជារឿងរបស់ពួកគេ។ ពួកគេវាយឲ្យស្ថានីយ៍ទូរទស្សន៍ដែលមានតម្លៃខ្លួនខ្ពស់ៗចុះតែពួកគេមិនមានឱកាសជាប់ជាកីឡាជម្រើសជាតិឡើយ ។ កីឡាជម្រើសជាតិគឺជ្រើសរើសចេញពីកីឡាជាតិនេះតែម្ដង ។ ការប្រកួតកីឡាមានតម្លៃខ្ពស់ណាស់ហើយជាប់ជាកីឡាជម្រើសជាតិក៏មានប្រាក់ខែច្រើនដែរ ។ ឯកឧត្តមអគ្គនាយកកីឡាក៏បានប្រកាសពីការបើកឲ្យមានបន្ទប់អ្នកសារព័ត៌មាន (Media Room) សម្រាប់អ្នកសារព័ត៌មានធ្វើការផងដែរ។

14618784_1163203680417263_531234177_o

ឯកឧត្តមវ៉ាត់ ចំរើន ក៏បានប្រកាសស្វែងរកជំនួយពីក្រុមហ៊ុន Smart ដើម្បីបង្កើតឲ្យមានWI- FI ក្នុងអំឡុងការប្រកួតនេះនៅបន្ទប់អ្នកសារព័ត៌មានទៀតផង ។ ឯកឧត្តមបន្ថែមថា បើចាស់ៗមិនអាចចូលរួមក្នុងការដង្ហែរបានទេនោះយើងនឹងរៀបចំកន្លែងទស្សនាសមរម្យសម្រាប់គាត់ដែរគឺយើងមិនបោះបង់នរណាចោលម្នាក់នោះឡើយ ។ ជាងនេះទៀត ឯកឧត្តមស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាមានប្រសាសន៍ថា ព្រឹត្តិការណ៍យើងបើកឲ្យ ប្រជាជនចូលទស្សនាដោយមិនលក់សំបុត្រឡើយ ។ ពហុកីឡដ្ឋានជាតិអូឡាំពិកអាចផ្ទុកមនុស្សបានពី ៥០.០០០ ទៅ ៦០.០០០នាក់ហេតុនេះសូមអញ្ជើញប្រជាជនកម្ពុជាមកចូលរួមពីធីបើក និង បិទការប្រកួតដែលមានជាលើកដំបូងនៅនៅថ្ងៃទី២៨ តុលា និង ៥វិច្ឆិកា ។ ឯកឧត្តមឲ្យដឹងទៀតថាព្រឹត្តិការណ៍នេះមានអត្តពលិក និង ប្រតិភូ ២.៧០០នាក់មន្ត្រីបច្ចេកទេស ៥៤៨នាក់ ហើយកីឡាចំនួន ១៥ប្រភេទដែលមាន ១៨៩វិញ្ញាសាត្រូវបានដាក់ឲ្យប្រកួត ៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ