ឯកឧត្តមវ៉ាត់ ចំរើន៖ NOCC នឹងពង្រឹងវគ្គរដ្ឋបាលនៅទូទាំងប្រទេសជាពិសេសគឺគ្រូៗកីឡាតាមជនបទ

ឧត្តរមានជ័យ៖ ស្របពេលដែលកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣នោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បាននឹងកំពុងធ្វើការបណ្ដុះបណ្ដាលគ្រូកីឡាជាច្រើននៅតាមបណ្ដាខេត្តនៅទូទាំងប្រទេសដើម្បីឱ្យពួកគាត់យល់ដឹងពីជំនាញកីឡាឱ្យបានច្បាស់ នឹងបន្តពង្រឹងអត្តពលិករបស់ខ្លួននៅតាមបណ្ដាលខេត្តឱ្យកាន់តែមានសមត្ថភាពល្អខ្លាំងឡើងថែមទៀត។

14695474_1115902068497153_5047714528701761444_n

ជាមួយនឹងការបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡានៅតាមបណ្ដាខេត្តនៅឆ្នាំនេះ NOCC បានបើកវគ្គសិក្សាពិសេសជំនាញរដ្ឋបាលកីឡា នៅខេត្តឧត្តរមានជ័យ រយៈពេល៥ថ្ងៃ ដោយសហការជាមួយដៃគូអង្គការសាមគ្គីអូឡាំពិកអន្តរជាតិ ដើម្បីផ្តល់ជូនមន្ត្រីកីឡា នៅក្នុងខេត្តទាំងមូល ដែលមកពីវិទ្យាល័យអនុវិទ្យាល័យ និងគ្រូកីឡា តាមមន្ទីរអប់រំខេត្ត និងស្រុក។

14705818_1115901805163846_6144588450219601085_n

ឯកឧត្តមវ៉ាត់ ចំរើន វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងថា៖ «វគ្គបណ្តុះបណ្តាលនេះ NOCC នឹងបន្តបើកបង្រៀនឲ្យបានដល់ខេត្តឆ្ងាយៗ ពិសេសជនបទ ដើម្បីឲ្យសកម្មភាពកីឡាជ្រាបទូទាំងប្រទេសបានទូលំទូលាយហើយការបើកវគ្គបណ្តុះបណ្តាលនេះ គឺជាគំនិតនិងផែនការរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ដែលតែងតែជំរុញឲ្យមានការការបណ្តុះបណ្តាលមន្ត្រីជំនាញកីឡានៅតាមខេត្តឲ្យបានច្រើនលើកក្នុងមួយឆ្នាំៗ ព្រោះមេដឹកនាំកីឡា និងគ្រូបង្វឹកត្រូវការជាចាំបាច់នូវចំណេះដឹងពីរដ្ឋបាលកីឡា វេជ្ជសាស្រ្ត និងបញ្ហាជាច្រើនទៀត ដែលពាក់ព័ន្ធជាមួយកីឡា ដោយក្នុងនោះភាសាអង់គ្លេស ជាយានដ៏សំខាន់ សម្រាប់ទំនាក់ទំនងសហព័ន្ធកីឡាអន្តរជាតិ»។

14590319_1115902108497149_167834135348605874_n

អនុប្រធានគ្រប់គ្រងកម្មវិធីបណ្តុះបណ្តាលនៃ NOCC លោក មាស សារ៉េត បានឲ្យដឹងថា វគ្គសិក្សានេះមានគ្រូឧទ្ទេស៤នាក់ក្នុងនោះ មានឯកឧត្តម វ៉ាត់ ចំរើន បង្ហាញពីវិទ្យាសាស្ត្រកីឡា ទីផ្សារកីឡា ច្បាប់ល្បែងកីឡានិងប្រវត្តិរបស់អូឡាំពិក និងប្រភពកំណើតរបស់កីឡាពីបុរាណ ដល់សម័យអូឡាំពិកទំនើបនិងការគ្រប់គ្រងដឹកនាំទៅចូលរួមប្រកួតក្នុងលក្ខណៈជាតិនិងអន្តរជាតិ។

14671277_1115901911830502_1649506320647516784_n

លោកវេជ្ជបណ្ឌិត ស្ដើង ជា ប្រធានអនុគណៈកម្មការវេជ្ជសាស្ត្រអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឧទ្ទេសនាមពីការត្រួតពិនិត្យដូពីង (សារធាតុញៀនក្នុងកីឡា) ការបញ្ជាក់ភេទ ការសង្គ្រោះបឋម និងវេជ្ជសាស្ត្រ និងកីឡា។ លោក កែវ សារ៉េត នាយកសាលាបាល់ទាត់ជាតិបាទី ឧទ្ទេសនាមពីគោលការណ៍លេងដោយយុត្តិធម៌ការកំណត់និស្ស័យរបស់កីឡា ការអភិវឌ្ឍគ្រូបង្វឹក ការអភិវឌ្ឍកីឡាកម្រិតខ្ពស់ និងការដោះស្រាយបញ្ហាវិវាទឬជម្លោះក្នុងសកម្មភាពកីឡា។ ចំណែកឯ លោក បឹង គឹមតោ អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាឧទ្ទេសនាមពីរបៀបធ្វើការងារជាមួយអ្នកស្ម័គ្រចិត្ត ទំនាក់ទំនងការរៀបចំព្រឹត្តិការណ៍កីឡា ស្ត្រី និងកីឡាការរៀបចំអង្គប្រជុំ។ គួរបញ្ជាក់ផងដែរថា «វគ្គស្ដីពីរដ្ឋបាលកីឡានេះសម្រាប់ថ្នាក់ដឹកនាំកីឡា និងគ្រូបង្វឹក» ត្រូវបានធ្វើឡើងដោយមានរយៈពេល ៥ ថ្ងៃគឺចាប់ពីថ្ងៃទី១០ ដល់១៤ ខែតុលា ឆ្នាំ២០១៦ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ