គ្រូបង្វឹកប្រ៊ុយណេ៖ ក្មួយស្ដេចប្រ៊ុយណេលេង​នៅ Leicester មិនមែនជាតួឯកឡើយ!

ភ្នំពេញ៖ លោក Mike Wong Mun Heng គ្រូបង្វឹកក្រុមជម្រើសជាតិប្រ៊ុយណេ បានលើកឡើងថា «ខ្ញុំទទួលស្គាល់ Faiq Jefri Bolkiah គឺជាកីឡាករមានបទពិសោធន៍លេងនៅក្លឹបអឺរ៉ុប ប៉ុន្ដែចំពោះការចូលរួមប្រកួតជម្រុះ AFF Suzuki Cup 2016 ខ្ញុំមិនឲ្យតម្លៃខ្ពស់ទៅលើកីឡាករតែម្នាក់នេះទេ សំខាន់គឺខ្ញុំត្រៀមលក្ខណៈសម្បត្តិជាក្រុមរួមតែម្ដង» ។

img_3139

ការលើកឡើងរបស់បុរសជនជាតិសិង្ហបុរីរូបនេះ គឺបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមកាលពីម្សិលមិញ ។ លោកបន្ដថាក្រុមប្រ៊ុយណេ បានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការស្វែងរកកៅអីជុំផ្ដាច់ព្រ័ត្រនៃពានកម្រិតអាស៊ានខាងលើ ដែលនឹងចាប់ផ្ដើមល្ងាចនេះ។ ដោយឡែកកីឡាករម្នាក់ៗ ក៏គ្មានបញ្ហាអ្វីគួរឲ្យព្រួយបារម្ភដែរ មិនចំពោះតែកីឡាករ Faiq Jefri Bolkiah តែម្នាក់នោះទេ ។

faiq-jefri-bolkiah-leicester

គួរបញ្ជាក់ថា កីឡាករ Faiq Jefri Bolkiah គឺជាក្មួយប្រុសបង្កើតរបស់ស្ដេចប្រ៊ុយណេ ហើយបច្ចុប្បន្នគេលេងនៅក្រុមយុវជន Leicester City ។ ចំណែកការមកជួយក្រុមជម្រើសជាតិប្រ៊ុយណេក្នុងយុទ្ធនាការប្រកួត AFF Suzuki Cup 2016 លើទឹកដីកម្ពុជានេះវិញ បានធ្វើឲ្យអ្នកគាំទ្រវិស័យកីឡាមានការចាប់អារម្មណ៍ជាខ្លាំង ចំពោះរូបគេ ហើយក្រុមនីមួយៗ ក៏ត្រៀមយុទ្ធសាស្រ្ដដើម្បីការពារគេផងដែរ ។

faiq-jefri-bolkiah-at-chelsea

ដោយឡែក Bolkiah បានលើកឡើងថា ការមកដល់ទឹកដីកម្ពុជានេះ ខ្លួននឹងព្យាយាមធ្វើឲ្យបានល្អបំផុតដើម្បីជួយក្រុមជម្រើសជាតិរបស់ខ្លួន ហើយគេក៏មិបានចាត់ទុកខ្លួនឯង ជាតួឯកក្នុងក្រុមដែរបើទោះបីមានការគិតថាខ្លួនជាកីឡាករសំខាន់ក្នុងក្រុមក៏ដោយ ។ យ៉ាងណាមិញបាល់ទាត់គឺលេងជាក្រុម ដូច្នេះគេរំពឹងថាការប្រកួតបើកឆាកជាមួយក្រុមទីម័រខាងកើតល្ងាចនេះ ក្រុមទាំងមូលនឹងធ្វើបានល្អ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ