មតិខ្លះៗជុំវិញការមិនពេញចិត្តឲ្យ ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម កាន់ភ្លើងគប់ក្នុងពិធីបើកកីឡាជាតិ!

ភ្នំពេញ៖ ម្ចាស់ Account Facebook ឈ្មោះ Meanith Mean ដែលអះអាងខ្លួនជាអ្នកគាំទ្រកីឡាជាតិម្នាក់ បានសម្ដែងការមិនពេញចិត្ត និងបានចោទសួរតាមរយៈ Page របស់អគ្គនាយកដ្ឋានកីឡាជាតិទៀតផង ពាក់ព័ន្ធនឹងការកំណត់ឲ្យកីឡាករបាល់ទាត់ ២រូប គឺកីឡាករ ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម ដែលត្រៀមរត់កាន់ភ្លើងគប់ក្នុងពិធីបើកការប្រកួតកីឡាជាតិ (National Games) លើកទី១ ក្នុងពិធីបើកនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ ។
14329947_1113101608755518_2390273466185560017_n

លោក Meanith Mean បានលើកឡើងថា «សុំសួរឯកឧត្តមមួយចំនុច ហេតុអ្វីបានជាមានកីឡាករដល់ទៅ ២រូបក្នុងការកាន់ភ្លើងកីឡាជាតិ ហើយមិនមែនជាប្រធានក្រុម(មិនឲ្យតម្លៃប្រធានក្រុម) តើមានកីឡាប៉េតង់ចូលរួមប្រកួតទេ? បើមាន ហេតុអ្វីមិនមានតំណាងពួកគាត់កាន់ភ្លើង (ប៉េតង់តែងបានមេដាយមាស) រឺកីឡាផ្សេងទៀត ដែលទទួលបានមេដាយមាស? ខ្ញុំជាអ្នកស្រលាញ់បាល់ទាត់ តែខ្ញុំមិនសប្យាយចិត្តសោះឃើញការរៀបចំបែបនេះ» ។

14492468_1800067700230730_2507182167955380014_n

ជាមួយនឹងការចោទសួរបែបនេះ ភាគីខាងអគ្គនាយកដ្ឋានកីឡា ចំណុះឲ្យក្រសួងអប់រំ ដែលទទួលបន្ទុកការងារនេះ បានបកស្រាយ «ខ្ញុំសូមជម្រាបជូនថាការរត់ភ្លើងគប់គណៈកម្មការរៀបចំការប្រកួតបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់មុននឹងសម្រេចដាក់សុំការសម្រេចពីថ្នាក់ដឹកនាំ ដោយក្នុងនោះយើងបានបែងចែកជា ២ក្រុម គឺក្រុមអតីតកីឡាករ-កីឡាការិនីឆ្នើមៗ និងកីឡាករ-កីឡាការិនីឆ្នើមនាពេលបច្ចុប្បន្ននេះ ពិសេសផ្តោតទៅលើភាពលេចធ្លោរនៃប្រជាប្រិយភាពរបស់ពួកគាត់ចំពោះមហាជន» ។14642358_1801494743421359_2904481156064401912_n

«ខាងក្រោមនេះជាបញ្ជីឈ្មោះអ្នករត់ភ្លើងគប់ក្នុងការប្រកួតកីឡាជាតិលើកទី១ គឺអតីតក្រុមអតីតអ្នកកីឡាជើងចាស់ រួមមាន៖ ១- ព្រឹទ្ធាចារ្យកីឡា កែវ ថុន ២-លោកគ្រូ សោម សារ៉ន ហៅម៉ាំង ៣-លោកគ្រូ អ៊ាត គឹមហេង ៤-លោកគ្រូ តូ រិទ្ធីយ៉ា ។ ចំពោះក្រុមកីឡាករ-កីឡាការិនីឆ្នើមបច្ចុប្បន្ន រួមមាន៖ ១- វីរៈកីឡាការិនី ស៊ន សៀវម៉ី ២- វីរៈកីឡាការិនី កែ ឡេង ៣- កីឡាករ ប្រាក់ មុនីឧត្តម ៤- កីឡាករ ចាន់ វឌ្ឍនាកា» ។ នេះជាក់ការបញ្ជាក់របស់មន្ដ្រីនៃអគ្គនាយកដ្ឋានកីឡា ។combine_images

ប៉ុន្ដែការឆ្លើយតបនេះ មិនគ្រប់គ្រាន់ឲ្យលោក Meanith Mean ទទួលយកនោះទេ ផ្ទុយទៅវិញ លោកបានលើកឡើងទៀតថា «កីឡាបាល់ទាត់មិនទាន់ឆ្នើមទេ គ្រាន់តែល្បីតាមសារព័តមានលើកកិត្តិយសតែប៉ុណ្ណោះ ។ វីរះជននាំមេដាយមាសជូនជាតិ ទើបឆ្នើម សូមមេត្តាពិចារណាឡើងវិញ ។ ស្តាយណាស់ដែលម្ចាស់មេដាយមាសមិនបានកាន់ភ្លើងគប់ អ្នកកាន់ភ្លើងគប់ជាគំរូដល់កីឡាករវ័យក្មេង ជាពិសេសគាត់ពាក់មេដាយមាសនឹងខ្លួនហើយកាន់ភ្លើងគប់ ដើម្បីដាស់អារម្មណ៍កីឡាករខ្មែរ ក្មេងៗ ឲ្យប្រឹងប្រែង ការពារមេដាយមាសដែលគាត់ពាក់នឹងខ្លួន»។

1

ជាមួយនឹងការលើកឡើងជាលក្ខណៈទទួចឲ្យមានការផ្លាស់ប្ដូរសមាភាពអ្នកកាន់ភ្លើងគប់នេះ មិនទទួលបានការឆ្លើយតបអ្វីច្រើនពីភាគីអគ្គនាយកដ្ឋានកីឡាឡើយ ដោយគ្រាន់តែឆ្លើយតបយ៉ាងខ្លីថា «សូមអរគុណ ដែលបានផ្តល់យោបល់» ។ តែយ៉ាងណាសមាសភាពអ្នកកាន់ភ្លើងគប់ ក្នុងពិធីបើកដែលនឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជានាពេលឆាប់ៗខាងមុខ ទំនងជាគ្មានការផ្លាស់ប្ដូរឡើយ ដោយគណៈកម្មការរៀបចំរៀបចំរួចទៅហើយ ខណៈអ្នកមានឈ្មោះខាងលើ ក៏កំពុងហ្វឹកហាត់ត្រៀមចូលរួមក្នុងព្រឹត្តិការណ៍កីឡាជាតិប្រវត្តិសាស្ដ្រនេះផងដែរ ៕

2

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ