AFF Suzuki Cup៖ ទីម័រខាងកើត នឹងមកដល់កម្ពុជាមុនគេល្ងាចនេះ

ភ្នំពេញ៖ ក្រុមជម្រើសជាតិទីម័រខាងកើត នឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជា នាវេលាម៉ោង ៥ល្ងាចថ្ងៃទី១២ ខែតុលានេះហើយ តាមជើងហោះហើរលេខ KA206 ដើម្បីត្រៀមខ្លួនចូលរួមប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ដោយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែតុលានេះ ។ នេះបើយោងតាមការឲ្យដឹងពីមន្ដ្រីព័ត៌មានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ គួរបញ្ជាក់ថា មុននឹងធ្វើដំណើរមកប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រនៃពានកម្រិតអាស៊ានខាងលើ កាលពីយប់មិញ ក្រុមជម្រើសជាតិទីម័រខាងកើត បានរងការបរាជ័យជាលើកទី២ ក្រោមថ្វីជើងក្រុមឆាយនីសតៃប៉ិ ដោយលទ្ធផល ២-១ នៅក្នុងជំនួបជម្រុះពានរង្វាន់ជើងឯកអាស៊ី Asian Cup 2019 ដែលនាំឲ្យទីម័រខាងកើតមិនអាចឡើងទៅវគ្គបន្ដនៃពានប្រចាំទ្វីបអាស៊ីនេះបានឡើយ ។

timor-leste-2015-mitre-home-kit-red-black-red-line-up

សម្រាប់បេសកកម្មលើទឹកដីកម្ពុជានេះវិញ ក្រុមទីម័រខាងកើត ត្រូវប្រឈមជាមួយគូប្រជែង ៣ក្រុម រួមមានក្រុមគោព្រៃរបស់ម្ចាស់ផ្ទះកម្ពុជា ឡាវ និងក្រុមជម្រើសជាតិប្រ៊ុយណេ ប៉ុន្ដែឡាវ និងប្រ៊ុយណេ មិនទាន់ធ្វើដំណើរមកដល់កម្ពុជានោះទេ តែបើតាមប្រភពព័ត៌មានច្បាស់ការក្រុមទាំងពីរ នឹងមកដល់កម្ពុជា នៅថ្ងៃស្អែក ដោយឡាវ មកដល់ម៉ោង ១៖១៥នាទីរសៀល ខណៈប្រ៊ុយណេ មកដល់ម៉ោង ៥៖៤០នាទីល្ងាច ។ ចំពោះកម្មវិធីប្រកួតបើកឆាកថ្ងៃទី១៥ ខែតុលាចុងសប្ដាហ៍នេះវិញ គឺក្រុមទីម័រខាងកើត ត្រូវជួបក្រុមប្រ៊ុយណេ ខណៈក្រុមម្ចាស់ផ្ទះកម្ពុជា ត្រូវជួបក្រុមជម្រើសជាតិឡាវ នៅលើទីលានពហុកីឡដ្ឋានជាតិតែមួយគត់ ប៉ុន្ដែបើគិតត្រឹមល្ងាចថ្ងៃទី១០ ខែតុលាម្សិលមិញ សំបុត្រប្រភេទ១ តម្លៃ ១ម៉ឺនរៀល សម្រាប់ទស្សនាកម្ពុជា ប្រកួតជាមួយឡាវ គឺបានលក់អស់ទៅហើយ ។ នេះបើយោងតាមការបញ្ជាក់របស់សហព័ន្ធ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ