តួស្រីរឿង Transporter ពេញចិត្តចំពោះការបណ្តុះបណ្តាលថ្នាលយុវជនរបស់ភ្នំពេញក្រោន

ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ច និងស្នាក់នៅប្រទេសកម្ពុជា តារាស្រីដែលបានលេខមុខនៅក្នុងខ្សែភាពយន្តហូលីវូដរឿង The Transporter Refueled ដ៏ល្បីល្បាញនោះ បានសម្តែងនូវភាពរីករាយក៏ដូចជាសមានចិត្តគាំទ្រយ៉ាងពេញទំឹហឹងចំពោះសកម្មភាពនៃការបណ្តុះបណ្តាលថ្នាលយុវជនរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនដែលជាក្លឹបបាល់ទាត់អាជីពដ៏ធំមួយនៅកម្ពុជា។

14600504_1206803382712189_548384887_o

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ក្លឹបភ្នំពេញក្រោនកាលពីចុងសប្តាហ៍មុននេះ អ្នកនាង Gabriella Wright បានលើកឡើងថា អ្នកនាងមានក្តីរំភើបដែលបានឃើញវិស័យកីឡានៅកម្ពុជាមានភាពរីកចម្រើនជាបន្តបន្ទាប់។ តារាស្រីសញ្ជាតិបារាំងរូបនេះក៏បានលើកឡើងផងដែរថា នាងពិតជាពេញចិត្តចំពោះសកម្មភាពនៃការបណ្តុះបណ្តាលថ្នាលយុវជនវ័យក្មេងនៅកម្ពុជា ពិសេសក្លឹបភ្នំពេញក្រោនតែម្តងព្រោះនេះគឺជាក្តីសង្ឃឹមសម្រាប់ប្រទេសជាតិ ក៏ដូចជាបានរួមចំណែកក្នុងការផ្តល់នូវអាជីពមួយសម្រាប់ពួកគេផងដែរ។

14699613_1206803376045523_1913731738_o

ជាងនេះទៅទៀត Gabriella Wright បានបង្ហើបឱ្យដឹងថា អ្នកនាងនឹងពិនិត្យមើលពីលទ្ធភាពក្នុងការចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោននៅក្នុងបេសកកម្មបណ្តុះបណ្តាលយុវជន ព្រមទាំងសកម្មភាពមនុស្សធម៌នានាដែលក្លឹបមួយនេះបានចូលរួមក្នុងសង្គមស្របពេលដែលនាងក៏ជាតារាស្រីមួយរូបដែលបានចូលរួមយ៉ាងផុសផុលនៅក្នុងសកម្មភាពទាំងអស់នេះដែរនោះ។

gabriellawrightmapstarspremierescannesab4xyc6d4yml

ក្នុងឱកាសនោះដែរ លោក ឬទ្ធី សំណាង ប្រធានក្លឹបភ្នំពេញក្រោនបានមានប្រសាសន៍ថា លោកមានក្តីរីករាយ និងសូមស្វាគមន៍ចំពោះដំណើរទស្សនកិច្ចក៏ដូចជាសមានចិត្តរបស់តារាស្រីរូបនេះ ហើយលោកមានក្តីរំពឹងថា អ្នកនាង Gabriella Wright នឹងអាចរួមចំណែកក្នុងបេសកកម្មរបស់ក្លឹបទាំងលើវិស័យបាល់ទាត់ ក៏ដូចជាលើផ្នែកមនុស្សធម៌ក្នុងសង្គមផងដែរ ព្រោះនេះជាអ្វីដែលថ្នាក់ដឹកនាំរបស់ក្លឹបតែងតែប្រកាន់ខ្ជាប់ជានិច្ច។ លោកបានបន្ថែមថា ការបណ្តុះបណ្តាលថ្នាលយុវជនគឺជាគោលដៅដ៏វែងឆ្ងាយមួយដើម្បីពង្រឹងភាពខ្លាំងរបស់ក្លឹបក៏ដូចជាក្នុងជម្រើសជាតិផងដែរ មិនត្រឹមតែប៉ុណ្ណោះក្លឹបភ្នំពេញក្រោនក៏នៅតែបន្តធ្វើការរៃអង្គាស ឬការប្រមូលមូលនិធិដើម្បីជួយដល់ស្ថាប័នមនុស្សធម៌នានាដូចជាមន្ទីរពេទ្យគន្ធបុប្ផាជាដើម ដូច្នេះការចូលរួមរបស់តារាល្បីរូបនេះគឺជាចំណែកដ៏សំខាន់មួយដើម្បីវិស័យកីឡាបាល់ទាត់ និងសង្គមជាតិរបស់យើង៕

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ