ជម្រើសជាតិថៃ តាំងចិត្តយកឈ្នះអុីរ៉ាក់ ក្រោយចាញ់អារ៉ាប់រួម ៣-១ យប់មិញ!

ថៃ៖ បន្ទាប់ពីចាញ់ក្រុមអារ៉ាប់រួម (Arab Emirate United) ជាមួយនឹងលទ្ធផល ៣-១ កាលពីយប់មិញរួចមក ក្រុមបាល់ទាត់ជម្រើសជាតិថៃ បានតាំងចិត្តថា នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីដណ្តើមយក ៣ ពិន្ទុពីក្រុមអុីរ៉ាក់វិញសម្រាប់ការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ( World Cup Qualifier 2018) តំបន់អាសុីនាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ វេលាម៉ោង ៦:៣០ ល្ងាចនៅលើទឹកដីទីក្រុងតេហេរ៉ង់ នៃប្រទេសអុីរ៉ង់ វិញម្តង។

 

20161006-11_345

លោក Kiatisuk Senamuang គ្រូបង្វឹកក្រុមជម្រើសជាតិថៃបានលើកឡើងថា លទ្ធផលកាលពីយប់មិញគឺជាការខកចិត្តមួយសម្រាប់ក្រុមរបស់ខ្លួន និងជារឿងមួយគួរឱ្យសោកស្តាយដែលត្រូវបាត់បង់ ៣ ពិន្ទុថែមទៀត ប៉ុន្តែលោកបានតាំងចិត្តនឹងយកជ័យជម្នះលើក្រុមអុីរ៉ាក់សម្រាប់ការប្រកួតជាបន្តទៀតឱ្យបាន។

20161006-11_6011

គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «វាពិតជារឿងមួយដ៏គួឱ្យសោកស្តាយ ព្រោះខ្ញុំគិតយើងធ្វើបានយ៉ាងល្អ ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរទៅវិញដោយយើងត្រូវបាត់បង់អស់ ៣ ពិន្ទុថែមទៀត។ យ៉ាងណាក៏ដោយ ខ្ញុំសូមអរគុណចំពោះទឹកចិត្ត និងការគាំទ្ររបស់អ្នកគ្រប់គ្នា ហើយយើងនឹងធ្វើឱ្យបានល្អបំផុតសម្រាប់ការប្រកួតបន្ទាប់ទៀតជាមួយក្រុមអុីរ៉ាក់។ »

20161006-11_7785

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិថៃដែលត្រូវបានស្គាល់ថាជាក្រុមដ៏ខ្លាំងមួយក្នុងតំបន់អាស៊ានមិនទទួលបានលទ្ធផលគាប់ប្រសើរឡើយនៅក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ( World Cup Qualifier 2018) តំបន់អាសុីនេះ ដោយចាញ់ទាំង ៣ប្រកួតតែម្តងពោលគឺបានបរាជ័យក្រោមថ្វីជើងក្រុមអារ៉ាប៊ីសាអូឌីត ១-០ រួចបន្តចាញ់ក្រុមសាម៉ូរ៉ៃជប៉ុន ២-០ នៅក្នុងដីខ្លួនឯង មុននឹងស្គាល់ពាក្យបរាជ័យសារជាថ្មីជាមួយក្រុមអារ៉ាប់រួមកាលពីយប់មិញ៕

20161006-11_1424

អត្ថបទ៖ មករា

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ