លោក ម៉ក់ សំអុល ឡើងជាប្រធានសហព័ន្ធកីឡាហាប់គីដូកម្ពុជាដើម្បីដឹកនាំការងារអាណត្តិទី៦

ភ្នំពេញ៖ ដើម្បីបន្តពង្រឹងវិស័យកីឡាហាប់គីដូឱ្យកាន់តែមានការរីកម្រើនបន្ថែមទៀតនោះ សហព័ន្ធបានធ្វើការតែងតាំងសមាជិកប្រតិបត្តិថ្មីសម្រាប់អាណត្តិ ២០១៦-២០២០ ខណៈដែលសមាជិកចាស់នៅតែសន្យាថានឹងបន្តជួយពីក្រោយបើទោះបីជាការងាររវល់យ៉ាងណាក្ដី។ សម្រាប់សមាជិកថ្មីទាំង ៨រូបដែលទើបតែតែងតាំងនោះរួមមានលោក ម៉ក់ សំអុល ជាប្រធាន, លោក ជា ប៊ុនហេង ហុង ស៊ុនហេង និងលោក សៅ សេងហាក់ ជាអនុប្រធាន, លោក គង់ ចាន់ធីណា ជាអគ្គលេខាធិការ, លោក ស៊ុយ វឌ្ឍី និងលោក ហៅ គឹមឡុង ធ្វើជាអគ្គហិរញឹក និងអគ្គហិរញឹករង រួមទាំងលោក ពុំ ណាង និងលោក ឡាច ស្រីវីរិន្ទ ជាសមាជិក ។

img_9450

លោក ម៉ក់ សំអុល បានលើកឡើងថា ដោយទទួលបានគាំទ្រធ្វើជាប្រធានសហព័ន្ធសមាជិក លោកបានដាក់គោលដៅថានឹងបន្ដដឹកនាំការងារអភិវឌ្ឍន៍កីឡានេះឲ្យរីកចម្រើន ដើម្បីបណ្ដុះបណ្ដាលគ្រូ ចៅក្រម អាជ្ញាកណ្ដាល ពិសេសកីឡាករ-កីឡាការិនី ដើម្បីបានឈានទៅប្រកួតលើឆាកអន្ដរជាតិនាពេលខាងមុខ ក៏ដូចជាដើម្បីដណ្ដើមបានមេដាយកិត្តិយសជូនជាតិដូចប្រទេសកីឡាដទៃទៀតផងដែរ ។ ជាមួយគ្នានោះដែរ លោក សេង ប៊ុនសុង អតីតប្រធានសហព័ន្ធចាស់ ក៏បានបញ្ជាក់ជុំវិញការលាឈប់ពីតួនាទីជាប្រធានសហព័ន្ធផងដែរ គឺដោយសារលោកមានធុរៈកិច្ចច្រើនមិនអាចបំពេញការងារដិតដល់ ប៉ុន្ដែលោកមិនបោះបង់ការរួមចំណែកជួយកីឡានេះឲ្យមានសកម្មភាពបន្ដក្នុងប្រទេសកម្ពុជានោះទេ ។ ជារួមគឺលោកបានប្ដេជ្ញាចិត្តនៅជាមួយសមាជិកប្រតិបត្តិថ្មី ដើម្បីបន្ដការងារមួយចំនួនតាមដែលលោកអាចជួយបាន ។

img_9481

អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ «ហាប់គីដូ គឺជាប្រភេទកីឡាយុទ្ធសិល្ប៍មួយដែលមនុស្សជំនាន់មុននិយមហាត់ដើម្បីការពារខ្លួន ប៉ុន្ដែប៉ុន្មានឆ្នាំចុងក្រោយនេះចំនួនអ្នកហាត់កីឡានេះមានការធ្លាក់ចុះច្រើនដោយមកទល់បច្ចុប្បន្នមានព្រឹទ្ធាចារ្យតិចបំផុតដែលមានកម្រិតខ្សែក្រវាត់ខ្ពស់ ។» ដូច្នេះឯកឧត្តមបានអំពាវនាវដល់អ្នកនិយមលេងកីឡាទាំងអស់ចូលរួមគាំទ្រ និងហាត់កីឡានេះឲ្យបានច្រើនព្រោះហាប់គីដូក៏ចាត់ទុកជាកីឡាគុនបុរាណមួយផងដែរ ។ សូមបញ្ជាក់ផងដែរថា មហាសន្និបាតដើម្បីរុះរើថ្នាក់ដឹកនាំសហព័ន្ធហាប់គីដូនេះបានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីព្រឹកថ្ងៃទី០៥ ខែតុលា ម្សិលមិញនេះ។

img_9462

គួររំលឹកថា លោកឧត្តមសេនីយ៍ម៉ក់ សំអុល គឺអតីតអង្គរក្សឆ្នើមមួយរូបនៅកម្ពុជា និងជាគ្រូបង្វឹកកីឡាយុទ្ធគុនដ៏ល្បីមួយរូបផងដែរ។ ក្នុងអាជីពរបស់ខ្លួនលោកធ្លាប់ជាអង្គរក្សជំនិតយូរឆ្នាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងអំឡុងទសវត្សរ៍ឆ្នាំ៨០ និង ៩០មុននឹងក្លាយជារាជង្គរក្សរបស់ព្រះមហាក្សត្រកម្ពុជាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី និងជាមន្ត្រីប៉ូលីសជាន់ខ្ពស់ដែលមានតួនាទីជាអនុប្រធាននាយកដ្ឋានអង្គរក្ស ទទួលផែនការការពារ និងហែរហមថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងក្នុង និងក្រៅប្រទេសផងដែរ៕

14593168_1240659662658095_912848006_n

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ