លីគទី ២ បន្ដការប្រកួតចុងសប្ដាហ៍នេះ ក្រោយសម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគលំដាប់ទី២ ឬ League-II រដូវកាលទី១ នឹងបន្ដការប្រកួតនាចុងសប្ដាហ៍នេះហើយ បន្ទាប់ពីផ្អាកការប្រកួតមួយសប្ដាហ៍ ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌ ដែលទើបបញ្ចប់កាលពីចុងសប្ដាហ៍កន្លងទៅ ។

ការបន្ដប្រកួតជាថ្មីនេះ គឺជាការប្រកួតសប្ដាហ៍ទី២ ដែលនឹងធ្វើឡើងនៅថ្ងៃទី០៩ ខែតុលានេះ ដោយមាន ៤ប្រកួត រួមមានក្រុមម្ចាស់ផ្ទះខេត្តកំពង់ស្ពឺ ប៉ះយុវជនសាលាបាល់ទាត់ជាតិបាទី, ក្រុមកំពង់ផែស្វយ័តខេត្តព្រះសីហនុ ប៉ះក្រុមភ្ញៀវខេត្តកំពង់ឆ្នាំង, ក្រុមអគ្គិសនីកម្ពុជា ជួបខេត្តស្វាយរៀង នៅលើទីលានកីឡដ្ឋានខេត្តព្រៃវែង និងក្រុមគិរីវង់សុខសែនជ័យ ត្រូវបើកទ្វាកីឡដ្ឋានខេត្តទទួលក្រុមមជ្ឈមណ្ឌលហ្វឹហ្វឺនកីឡាខេមរភូមិន្ទុ ។

ចំពោះក្រុមមជ្ឈមណ្ឌលហ្វឹហ្វឺនកីឡាខេមរភូមិន្ទុ នេះគឺជាការប្រកួតដំបូងរបស់ខ្លួន គ្រាដែលក្រុមដទៃ បានបញ្ចប់ការប្រកួតមួយសប្ដាហ៍ទៅហើយ ។ ជាបណ្ដោះអាសន្នពេលនេះមាន ៤ក្រុមកំពុងកាន់តែ ៣ពិន្ទុក្នុងចំណោម ៩ក្រុម ដែលចូលរួមប្រកួតលីគលំដាប់ទី២ លើកដំបូងនេះ គឺមានក្រុមខេត្តសៀមរាប ក្រុមគិរីវង់សុខសែនជ័យ ក្រុមអគ្គិសនីកម្ពុជា និងក្រុមកំពង់ផែស្វយ័តខេត្តព្រះសីហនុ ។

គួរបញ្ជាក់ថា លីគទី២ បានចាប់ផ្ដើមប្រកួតកាលពីថ្ងៃទី ២៥ ខែកញ្ញា កន្លងទៅ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ២៥ ខែធ្នូខាងមុខ ដោយមាន ៩ ក្រុមចូលរួម ។ ការប្រកួតគឺប្រើប្រាស់រូបមន្ដប្រកួតវិលជុំមួយជើង ដើម្បីសន្សំពិន្ទុ បើក្រុមណាមានពិន្ទុច្រើនជាងគេ ពោលគឺក្រុមជាប់លេខ១ និងលេខ២ នឹងត្រូវឡើងទៅលេងលីគកំពូលកម្ពុជា ឆ្នាំ២០១៧ ប៉ុន្ដែបើសិនក្រុមលេខ១ និងលេខ២ នោះ ជាក្រុមនៃក្លឹប ឬសមាគមមានឈ្មោះលេងនៅលីគកំពូលស្រាប់ គឺត្រូវជ្រើសរើសក្រុមចំណាត់ថ្នាក់បន្ទាប់មកជំនួសវិញ៕

14370263_1754399351477164_2435737001215444185_n

អត្ថបទ៖ បុត្រា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ