ក្រោយឈ្នះម្ចាស់ផ្ទះ ២ លើក ក្រុមគោព្រៃកម្ពុជា ត្រូវកម្ដៅសាច់ដុំ ១ប្រកួតទៀតមុនហោះមកផ្ទះវិញ

ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា ជិតដល់ថ្ងៃកំណត់ត្រឡប់មកស្រុកកំណើតវិញហើយ ក្រោយបោះជំរុំហ្វឹកហាត់នៅសិង្ហបុរីអស់រយៈពេល ៧ថ្ងៃកន្លងទៅ ប៉ុន្ដែមុនធ្វើដំណើរតាមយន្ដហោះមកវិញ ក្រុមគោព្រៃនេះ នៅមានការប្រកួតកម្ដៅសាច់ដុំមួយលើកទៀត នៅថ្ងៃទី២៩ ខែកញ្ញាខាងមុខនេះ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះសិង្ហបុរីចំនួន ២ប្រកួតរួចមក ។
14445158_1795736883997145_4061890704061938876_o

តាមការឲ្យដឹងពីលោក ឆាំង ពិសិដ្ឋ អ្នកកាត់ទូទៅក្រុមជម្រើសជាតិកម្ពុជា បានឲ្យដឹងពីសិង្ហបុរីថា គូប្រកួតកម្ដៅសាច់លើកចុងក្រោយរបស់ក្រុមគោព្រៃកម្ពុជា គឺក្លឹប Geylang International ដែលឈរចំណាត់ថ្នាក់លេខ៦ នៃលីគកំពូលសិង្ហបុរី ឆ្នាំ២០១៦ ។ ប៉ុន្ដែមុនជួបក្រុមនេះ ជម្រើសជាតិកម្ពុជា បានយកឈ្នះម្ចាស់ផ្ទះសិង្ហបុរី ២ក្រុមមកហើយ រួមមានយកឈ្នះក្រុមជើងឯកលីគកំពូលសិង្ហបុរី Albirex Niigata ២-១ និងបន្ដយកឈ្នះក្រុមជម្រើសជាតិសិង្ហបុរី ១-០ កាលពីម្សិលមិញ ។

14480571_1795736880663812_2032193756616269700_o

អ្នកចាត់ក្រុមដដែលបានបន្ដថា នេះគឺជាការប្រកួតដកស្រង់បទពិសោធន៍ និងពង្រឹងសមត្ថភាពរបស់ក្រុមជម្រើសជាតិកម្ពុជា អំឡុងពេលហ្វឹកហាត់រយៈពេល ១០ថ្ងៃនៅលើទឹកដីសង្ហបុរី ចាប់ពីថ្ងៃទី២១-៣០ ខែកញ្ញានេះ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នាពាក់កណ្ដាលខែក្រោយ ដោយត្រូវប្រជែងកៅអីពូលB នៃជុំផ្ដាច់ព្រ័ត្រជាមួយក្រុមជម្រើសជាតិឡាវ ប្រ៊ុយណេ និងទីម័រខាងកើត ។

14468359_1795735310663969_1937511614268317526_o

យ៉ាងណាក៏ដោយ មុននឹងឈានដល់ការប្រកួតផ្លូវការ ពោលគឺបន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា ត្រឡប់មកពីហ្វឹកហាត់នៅសិង្ហបុរីវិញ គឺជម្រើសជាតិកម្ពុជា ត្រូវប្រកួតមិត្តភាពអន្ដរជាតិផ្លូវការ ២ប្រកួតទៀត នៅលើទឹកដីរបស់ខ្លួន រួមមានត្រូវជួបក្រុមហុងកុង នៅថ្ងៃទី០៦ ខែតុលា និងត្រូវជួបក្រុមជម្រើសជាតិស្រីលង្កា នៅថ្ងៃទី០៩ ខែតុលា ហើយការប្រកួតនេះ ត្រូវធ្វើឡើងនៅលើទីលានពហុកីឡដ្ឋានជាតិតែមួយគត់ ៕

14409926_1795723037331863_8181316223137530807_o

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ