ឯកឧត្តម វ៉ាត់ ចំរើន៖ ពាក្យបច្ចេកទេសក្នុងកីឡាគួរប្រើភាសាជាតិជាជាងប្រើប្រាស់ភាសាបរទេស!

ភ្នំពេញ៖ ស្របពេលដែលវិស័យកីឡាកម្ពុជាកំពុងបោះជំហានឆ្ពោះទៅរកភាពរីកចំរើនជាបន្តបន្ទាប់ឥតឈប់ឈរនោះ គេសង្កេតឃើញថា ក្នុងរយៈកាល ២ឆ្នាំចុងក្រោយនេះ បណ្តាញសារព័ត៌មានក្នុងស្រុកនានាបានធ្វើការផ្សព្វផ្សាយរាល់ព័ត៌មានកីឡាទាំងអស់ប្រកបដោយការប្រើប្រាស់ពាក្យពេចន៍បច្ចេកទេសកីឡាជាភាសាជាតិបានយ៉ាងល្អ ទាំងការសរសេរអត្ថបទ ក៏ដូចជាការអត្ថាធិប្បាយទាំងនៅក្នុងទូរទស្សន៍ កាសែត និងតាមបណ្ដាគេហទំព័រអនឡាញនានាផងដែរ។ នេះក៏ជាសមទ្ធិផលមួយដែលបានកើតចេញពីការខិតខំយ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតាមរយៈការបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានចំនួន ៣លើករួចមកហើយ។

img_9854-copy

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឯកឧត្តមវ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ «រាល់សំណេររបស់អ្នកសារព័ត៌មាន និងអ្នកធ្វើអត្ថាធិប្បាយក្នុងវិស័យកីឡាធ្វើយ៉ាងណាព្យាយាមប្រើពាក្យបច្ចេកទេសនេះបន្តិចម្តងៗ យូរទៅនឹងក្លាយជាទម្លាប់ទាំងអ្នកសរសេរ និងអ្នកអត្ថាធិប្បាយសម្រាប់ឲ្យក្មេងជំនាន់ក្រោយយកទៅប្រើតាម ម្យ៉ាងវិញទៀតធ្វើបែបនេះយើងបានរួមចំណែកលើកកម្ពស់ភាសាជាតិផងដែរ។  អ្នកសរសេរអត្ថបទសារព័ត៌មាន និងអ្នកធ្វើអត្ថាធិប្បាយក្នុងវិស័យកីឡាគប្បីព្យាយាមប្រើពាក្យបច្ចេកទេសឲ្យចំជាភាសាខ្មែរដើម្បីជៀសវាងមនុស្សជំនាន់ក្រោយចោទប្រកាន់ថ្នាក់ដឹកនាំកីឡានៅសម័យណាមួយដែលនាំឲ្យបាត់បង់ពាក្យពេចន៍ជាភាសាដើមរបស់ខ្លួន។»

img_9850-copy

ឯកឧត្តមបានបន្តថា៖ «ការប្រើប្រាស់ពាក្យបច្ចេកទេសនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានគ្រោងនឹងធ្វើការបណ្ដុះបណ្ដាលពួកគេឱ្យបាន ២ដងក្នុង ១ឆ្នាំ ដើម្បីបញ្ជៀសការប្រើប្រាស់ភាសាបច្ចេកទេសបរទេស ខណៈដែល NOCC ធ្លាប់បានបើកវគ្គបណ្ដុះបណ្ដាលនេះ ៣លើករួចមកហើយ។ ក្នុងនាមយើងជាអ្នកសរសេរអត្ថបទ និងជាអ្នកអត្ថាធិប្បាយមានតួនាទីបង្ហាញឲ្យសាធារណជនបានយល់ពីកីឡាដែលអ្នកកំពុងធ្វីអត្ថាធិប្បាយ ហើយបើយើងជាអ្នកសរសេរវិញគួរតែព្យាយាមប្រើពាក្យសម្រាយដើម្បីឲ្យអ្នកអាន អ្នកស្តាប់ងាយយល់ពីកីឡានោះ។ ដូច្នេះ ការព្យាយាមប្រើពាក្យបច្ចេកទេសជាភាសាជាតិក្នុងវិស័យកីឡាឲ្យបានត្រឹមត្រូវគឺជាការកាត់បន្ថយការប្រើពាក្យបច្ចេកទេសជាភាសាបរទេស ដូច្នេះចាប់ពីពេលនេះតទៅទាំងអ្នកសរសេរអត្ថបទកីឡា និងអ្នកធ្វើអត្ថាធិប្បាយកីឡាពិសេសអ្នកចាត់តាំងកម្មវិធីកីឡាក៏ត្រូវស្វែងយល់ពីប្រភេទកីឡានីមួយៗឲ្យបានច្បាស់ដែរ ៕»

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ