ល្បុក្កតោកម្ពុជា ត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកួតក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាសុីនៅថ្ងៃទី២៨ នេះ!

ដាណាង៖ ខណៈដែលការប្រកួតកាន់តែខិតជិតមកដល់នោះ ក្រុមកីឡាករ កីឡាការិនី ល្បុក្កតោកម្ពុជា បានបន្តហ្វឹកហាត់យ៉ាងស្វិតស្វាញ ក៏ដូចជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងការប្រកួតលើវិញ្ញាសាក្បាច់គុនបុរាណ (Traditional Martial Art)  នៃព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាសុីលើកទី៥ (The 5th Asian Beach Games) ដែលកំពុងតែប្រព្រឹត្តទៅនៅទីក្រុងដាណាង នៃប្រទេសវៀតណាមនោះ។

14344184_927361670741077_1730510493957122926_n

ជាមួយគ្នានេះដែរ លោក អ៊ូ តារា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានថ្លែងឱ្យដឹងថា សម្រាប់ការចូលរួមជាលើកដំបូងនេះ កម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីល្បុក្កតោចំនួន ៩ រូបក្នុងនោះមានកីឡាការិនីចំនួន ៥ រូបផងដែរ ដើម្បីប្រកួតលើវិញ្ញាសាកីឡាក្បាច់គុនបុរាណ ដោយពួកគេនឹងត្រូវប្រជែងដើម្បីដណ្តើមមេដាយជាមួយនឹងបណ្តាក្បាច់គុននៃប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាសុីដូចជាកីឡាមួយថៃ របស់ថៃ និងបញ្ចសិលា របស់ឥណ្ឌូនេសុីជាដើម។ ទន្ទឹមនឹងនេះលោកបានបន្ថែមថា៖  «កីឡាករ កីឡាការិនីរបស់យើងបានត្រៀមខ្លួនរួចជាស្រេចដើ់ម្បីបង្ហាញក្បាច់គុនល្បុក្កតោ ដែលជាកីឡាយុទ្ធគុនរបស់បុព្វបុរសខ្មែរនៅក្នុងព្រឹត្តិការណ៍ប្រកួតដ៏ធំនៅក្នុងទ្វីបអាសុីនេះ មិនតែប៉ុណ្ណោះយើងបានធ្វើការហ្វឹកហាត់យ៉ាងខ្ជាប់ខ្ជួនតាមរយៈការប្រមូលផ្តុុំរបស់ក្រុមជម្រើសជាតិតាំងតែពីខែមេសាមកម្ល៉េះ ដើម្បីសម្រេចបំណងប្រាថ្នាក្នុងការដណ្តើមមេដាយជូនជាតិមាតុភូមិ យើងយើងទាំងអស់គ្នានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីប្រទេសជាតិយើង។»

14355776_929279060549338_4834945928637387957_n

សូមបញ្ជាក់ថា ក្រុមកីឡាករ កីឡាការិនី ល្បុក្កតោកម្ពុជា បានចាកចេញពីមាតុប្រទេសនាថ្ងៃទី២៤ ខែកញ្ញា កន្លងទៅដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំនៅក្នុងទ្វីបអាសុីនេះ ហើយពួកគេនឹងត្រូវចាប់ផ្តើមប្រកួតនៅថ្ងៃទី២៨ ខែកញ្ញា ខាងមុខនេះ ខណៈដែលកីឡាប៉េតង់ ចំបាប់ វ៉ូវីណាម និងបាល់ទះឆ្នេរខ្សាច់ ក៏នឹងត្រូវប្រកួតជាបន្តបន្ទាប់ទៀតដែរ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ