ក្រុមហ៊ុនឯកជនធំៗក្នុងស្រុក ២ រួមគ្នាឧបត្ថម្ភព្រឹត្តិការណ៍កីឡាជាតិលើកទី១ នៅកម្ពុជា

ភ្នំពេញ៖ ស្របពេលដែលព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១ កំពុងខិតចូលមកដល់ឆាប់ៗខាងមុខនោះ ក្រុមហ៊ុនឯកជនក្នុងស្រុកចំនួន២គឺក្រុមហ៊ុនស្រាបៀរកម្ពុជា និងក្រុមហ៊ុនបណ្តាញទូរសព្ទ Smart បានចុះអនុស្សរណៈជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីជួយឧបត្ថម្ភការប្រកួតនេះឱ្យទទួលលទ្ធផលជោគជ័យក៏ដូចជាការជួយលើកទឹកចិត្តដល់អត្តពលិកផងដែរ ។ ការប្រកួតនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងអប់រំ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដើម្បីដកស្រង់បទពិសោធន៍នៃការរៀបចំដោយប្រើរូបមន្ដតាមការរៀបចំកីឡាស៊ីហ្គេមអាស៊ីហ្គេម និងអូឡាំពិកហ្គេមសម្រាប់ត្រៀមដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ ។

img_9118-copy

អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងថា៖ «ក្រុមហ៊ុនឯកជន គឺជាផ្នែកមួយដ៏សំខាន់ ដែលរួមចំណែកឲ្យកីឡារីកចម្រើន និងមានសក្ដានុពល ។ ពិសេសគឺការរួបរួមគ្នាដើម្បីសម្រួចទិសដៅទៅឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមតែម្ដង។» ឯកឧត្តមបានបន្តថា៖ «នេះគឺជាមោទនភាពមួយ ដែលក្រុមហ៊ុនឯកជនបានចូលរួមលើកស្ទួយវិស័យកីឡា តាមរយៈការចុះ MOUសហការគ្នានេះ ហើយវាក៏សរបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើននៃវិស័យកីឡាជាតិកម្ពុជាបច្ចុប្បន្ន និងជំរុញឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនៅថ្ងៃអនាគត ។»

img_9132-copy-1

ជាមួយគ្នានេះផងដែរ តំណាងស្រាបៀរកម្ពុជាលោក Peter Leang បានមានប្រសាសន៍ថា លោកតែងតែជួយដល់សកម្មភាពប្រកួតកីឡាជារៀងរហូតមក ។ សម្រាប់ព្រឹត្តិការណ៍កីឡាជាតិនេះទៀតគឺជាព្រឹត្តិការណ៍សំខាន់មួយហើយលោកជាក្រុមហ៊ុនមួយតំណាងឲ្យជាតិ និងមានយីហោជាតិផងនោះ ហេតុនេះលោកត្រូវតែចូលរួមឧបត្ថម្ភដោយខានមិនបាន ។ ចំណែកតំណាងក្រុមហ៊ុន Smart លោក Thomas Hundt ក៏បានអះអាងដែរថាក្រុមហ៊ុនរបស់លោកចូលរួមឧបត្ថម្ភដល់ការប្រកួតធំៗជាច្រើនឆ្នាំមកហើយៗពេលនេះលោកត្រូវតែចូលរួមឧបត្ថម្ភព្រឹត្តិការណ៍កីឡាជាតិ ក្នុងខណៈជាដៃគូធំមួយ។ គួរបញ្ជាក់ថា ការប្រកួតកីឡាជាតិ លើកទី១ នឹងធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី០៥ ខែវិច្ឆិកាខាងមុខនេះ ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ