AFF U-19៖ វៀតណាម ទីម័រ អូស្រ្ដាលី និងថៃ ឡើងវគ្គ ១/២ផ្ដាច់ព្រ័ត្រ តែកម្ពុជាមកផ្ទះវិញថ្ងៃនេះ

ភ្នំពេញ៖ ពានរង្វាន់ AFF U-19 Championships ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះបានរកឃើញក្រុមជើងខ្លាំង ៤ក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ រួមមានក្រុម U-19វៀតណាម, ទីម័រខាងកើត, អូស្រ្ដាលី និងក្រុមការពារតំណែងជើងឯកថៃ រីឯក្រុម U-19ឆ្នាំកម្ពុជា ក្នុងឱកាសប្រកួតបង្គ្រប់កិច្ចពីម្សិលមិញ បានបរាជ័យក្រោមថ្វីជើងក្រុមយុវជនឥណ្ឌូនេស៊ី ដោយលទ្ធផល ៤-៣ មុននឹងត្រឡប់មកស្រុកកំណើតនៅរសៀលថ្ងៃនេះ ។

14352555_1789802504590583_2388092357319672806_o

សម្រាប់លទ្ធផលការប្រកួតផ្ដាច់ព្រ័ត្រក្នុងពូលB កាលពីម្សិលមិញនេះដែរ ក្រៅពីក្រុមយុវជនកម្ពុជា ជួបក្រុមយុវជនឥណ្ឌូនេស៊ីហើយនោះ គឺមាន ២ប្រកួតផ្សេងទៀត ដែលគួរឲ្យចាប់អារម្មណ៍ និងជាជំនួបកាត់សេចក្ដី ផងដែរ ក្នុងនោះក្រុមយុវជនមីយ៉ាន់ម៉ា បានត្រឹមស្មើគ្នា ១-១ ជាមួយក្រុមកំពូលតារាងថៃ ខណៈក្រុមកីឡាករមាឌធំអូស្រ្ដាលី បានយកឈ្នះក្រុមយុវជនឡាវ ២-១ ដើម្បីឈានទៅវគ្គបន្ដតែម្ដង ។

14305447_1789340557970111_8797034646456429831_o

ចំពោះលទ្ធផលការប្រកួតពូលA គឺក្រុមម្ចាស់ផ្ទះវៀតណាមឈរលេខ១ ជាមួយលទ្ធផលការប្រកួត ៤លើកឈ្នះ៣ និងស្មើ១ មាន ១០ពិន្ទុ ហើយក្រុមយុវជនទីម័រខាងកើត ឈរលេខ២ មាន ៩ពិន្ទុ ក្រោយប្រកួត ៤លើកឈ្នះ៣ និងចាញ់១ ។ រីឯពូល B ក្រុមការពារតំណែងជើងឯកថៃ បានឈរកំពូលតារាង និងមាន ១៣ពិន្ទុ ជាមួយលទ្ធផលការប្រកួត ៥លើកឈ្នះ៤ និងស្មើ១ គ្រាដែលក្រុមយុវជនអូស្ដ្រាលី ឈរលេខ២ បន្ទាប់ពីប្រកួត ៥លើកដូចគ្នា ឈ្នះ៤ និងចាញ់១ មាន ១២ពិន្ទុ ។

14362496_1792297037674463_3898990568130721986_o

ដោយឡែកចំពោះកម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញាស្អែកនេះ ដោយក្រុមយុវជនក្រោមអាយុ ១៩ឆ្នាំវៀតណាម ត្រូវជួបក្រុមយុវជនអូស្ដ្រាលី និងក្រុមការពារតំណែងជើងឯកថៃ ត្រូវជួបក្រុមយុវជនទីម័រខាងកើត ។ នេះគឺជាការប្រកួតដ៏សំខាន់ ដែលក្រុមទាំង ៤ ត្រូវប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ