មិត្តភាព៖ ក្រុម U-19កម្ពុជា បន្ដយកឈ្នះប៉ូលីស ២-១ មុនចេញទៅវៀតណាមថ្ងៃស្អែក

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា(U-19) បានយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលីស) ដោយលទ្ធផល ២-១ នៅក្នុងជំនួបមិត្តភាពលើកទី២ លើទីលានសាលាបាល់ទាត់ជាតិបាទីកាលពីម្សិលមិញមុននឹងចេញដំណើរទៅចូលរួមប្រកួតពានរង្វាន់ AFF U-19 Championship 2016 នាល្ងាចថ្ងៃទី០៩ ខែកញ្ញាស្អែកនេះ ។

14225438_1785527978351369_1799692670400135207_n

គួររំលឹកថា កាលពីចុងសប្ដាហ៍មុនក្រុម U-19កម្ពុជា បានយកឈ្នះប៉ូលីស ៣-០ ម្ដងរួចមកហើយ ជាមួយគ្នានេះដែរ សម្រាប់ការប្រកួតលើកនេះក្រុមគោព្រៃជំទង់នេះនៅតែបន្ដធ្វើបានល្អដោយនៅតង់ទី១ រកបានគ្រាប់បាល់នាំមុខ ១គ្រាប់ ដែលធ្វើសម្រេចដោយកីឡាករ ឆេង ម៉េង បន្ទាប់មកទើបកីឡាករ គន្ធា រ៉ាវ៉ាន់ បន្ថែម ១គ្រាប់ទៀតនៅតង់ទី២ មុននឹងកីឡាករ នួន បុរី របស់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិរកបាន ១គ្រាប់វិញនៅចុងម៉ោង ។

14207673_1787642981473202_5669585938466881682_o

គួរបញ្ជាក់ថា នេះគឺជាការប្រកួតកម្ដៅសាច់ដុំលើកចុងក្រោយរបស់ក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា បន្ទាប់ពីឆ្លងកាត់ការប្រកួត ៥លើកឈ្នះ៣ ស្មើ១ និងចាញ់១ ក្នុងនោះប្រកួតដំបូងក្រុមដឹកនាំដោយគ្រូជនជាតិជប៉ុនលោក Ohara Kazunori នេះបានប្រកួតចាញ់ក្រុម African All Stars ២-០ តែបានយកឈ្នះ ក្រុមបឹងកេតអង្គរ ៥-០ ឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ៣-០ មុនស្មើក្រុមណាហ្គាវើល ១-១ និងចុងក្រោយយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ២-១ ម្សិលមិញ ។

14205993_1787711071466393_7319598583994740448_o

ដោយឡែកពានរង្វាន់ AFF U-19 Championship 2016 នឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែកញ្ញាខាងមុខនេះ នៅទីក្រុងហាណូ ប្រទេសវៀតណាម ដោយ U-19កម្ពុជា ស្ថិតក្នុងពូល B ជាមួយថៃ, អូស្ដ្រាលី, មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ។ សម្រាប់ការប្រកួតបើកឆាករបស់យុវជនកម្ពុជា នឹងត្រូវជួបក្រុមយុវជនអូស្រ្តាលី នៅថ្ងៃទី១២ ខែកញ្ញានេះ ហើយព្រឹត្តិការណ៍នេះដែរទូរទស្សន៍ឈានមុខក្នុងស្រុក BTV-News នឹងធ្វើការផ្សាយបន្ដផ្ទាល់រហូតដល់ចប់តែម្ដង ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ