ហុង ផេង វះកាត់បានជោគជ័យ តែត្រូវសម្រាកស្ទើពេញមួយរដូវកាលក្រោយ

ភ្នំពេញ៖ ខ្សែការពារកណ្ដាលរបស់ក្លឹបបឹងកេតអង្គរ ហុង ផេង បានទទួលជោគជ័យក្នុងការវះកាត់ជង្គង់ហើយ ប៉ុន្ដែគួរឲ្យស្ដាយកីឡាករសំខាន់មួយរូបនៃក្រុមជម្រើសជាតិកម្ពុជានេះ ត្រូវសម្រាករយៈពេលពី ៦ខែ ទៅ ៨ខែ ពោលគឺស្ទើតែពេញមួយរដូវកាលក្រោយឯណោះ ដើម្បីព្យាបាលរបួសឲ្យជាសះស្បើយ ១០០ភាគរយ ។

យោងតាមការជូនដំណឹងរបស់ក្លឹបបឹងកេត នៅល្ងាចថ្ងៃទី០៦ ខែកញ្ញានេះ បានឲ្យដឹងថា «ខណះពេលនេះ កីឡាករ ហុង ផេង បានវះកាត់ប្រកបដោយជោគជ័យ ក្នុងនោះសូមថ្លែងអំណរគុណដល់លោកប្រធានក្លិបដែលបានរ៉ាប់រងរាល់ការចំណាយទាំងអស់ សម្រាប់ការវះកាត់រហូតទទួលបានជោគជ័យ ។ ជាងនេះទៅទៀត លោកស្រីដែលជាម្ដាយបង្កើតរបស់លោកប្រធាន បានចំណាយពេលវេលាផ្ទាល់ ដើម្បីមើលថែរ ហុង ផេង រហូតដល់ថ្ងៃត្រឡប់មកកម្ពុជាវិញ» ។

គួរបញ្ជាក់ថា ហុង ផេង បានរងរបួសរហែកសរសៃពួរជង្គង់ក្នុងការប្រកួតជើងទី២ នៃលីគកំពូលកម្ពុជា ជាមួយក្រុមណាហ្គាវើល កាលពីថ្ងៃទី៧ ខែសីហាកន្លងទៅ ។ ភ្លាមៗក្រោយរបួសអ្នកគ្រូពេទ្យបានបញ្ជាក់ថាខ្សែការពារឆ្នើមរូបនេះ អាចប្រឈមនៅក្រៅទីលានប្រហែល ៣ខែ ប៉ុន្ដែដោយសារការសម្រាកព្យាបាលមួយរយៈមិនធូរស្បើយ ទើប ហុង ផេង សម្រេចចិត្តទៅព្យាបាលនៅវៀតណាម រហូតទទួលបានការវះកាត់នេះតែម្ដង ៕

Hong Pheng at Hospital

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ