សហព័ន្ធកីឡាហែលទឹកត្រៀមខ្លួនដើម្បីបង្កើតស្នាដៃក្នុងការប្រកួតកីឡាជាតិលើកទី១

ភ្នំពេញ៖ មកដល់ពេលនេះសហព័ន្ធកីឡាហែលទឹកបានធ្វើការរៀបចំផែនការរួចរាល់អស់ហើយសម្រាប់ការប្រកួតកីឡាជាតិលើកទី១ ខណៈដែលវិញ្ញាសានេះនឹងមានការចូលរួមប្រកួតប្រជែងពីស្ថាប័នចំនួន ៤ រួមមានមន្ទីអប់រំយុវជន និងកីឡារាជធានីភ្នំពេញ, ក្រសួងមហាផ្ទៃ, ក្រុងកំពង់ចាម និងខេត្តកោះកុង។

IMG_9019 copy

អគ្គលេខាធិការនៃសហព័ន្ធកីឡាហែលទឹកស្ម័គ្រចិត្តកម្ពុជា លោកហែម គិរី បានមានប្រសាសន៍ថា៖ «នេះជាលើកទីមួយដែលសហព័ន្ធធ្វើការសហការជាមួយនឹងក្រសួងអប់រំយុវជននិង កីឡា ។ ចឹងយើងប្រហែលជាជួបនូវបញ្ហាខ្លះៗដោយសារបណ្ដាក្លឹបមួយចំនួនទៀតមិនមានលទ្ធភាពមកចូលរួមព្រោះតែបញ្ហាហិរញ្ញវត្ថុប៉ុន្តែទោះយ៉ាងណាសហព័ន្ធកំពុងធ្វើការងារមួយនេះឱ្យបានរលូន និងជោគជ័យ។ សម្រាប់យុទ្ធសាស្ត្រក្នុងឆ្នាំនេះដែរយើងទទួលបានក្មេងៗ និងយុវជនថ្នាលល្អៗដោយសារមានក្រុមយុវជនអាយុ ១០ឆ្នាំរហូតទៅដល់ ១៥ឆ្នាំចូលរួមធ្វើការហ្វឹកហាត់នៅក្នុងហាងទឹកស្ដាតអូឡាំពិកក៏ដូចជាអាងទឹកខេត្តកំពង់ចាមដែរ។»

IMG_9000 copy

លោកបន្តថា៖ «សហព័ន្ធកំពុងតែសម្លឹងរកដៃគូក៏ដូចជាការឧបត្តម្ភពីស្ថាប័ននានាដើម្បីជួយជំរុញការហ្វឹកហាត់ដល់ប្អូនៗ និងគ្រូបង្វឹកទាំងអស់។ ម្យ៉ាងទៀតសហព័ន្ធក៏កំពុងតែចង់បណ្ដុះបណ្ដាលផ្នែកធនធានមនុស្ស ដូចជាកីឡាករ គ្រូ និងគណៈកម្មការបច្ចេកទេសជាដើម។ ជាក់ស្ដែងឆ្នាំនេះ សហព័ន្ធទើបតែបញ្ចប់ការបណ្ដុះបណ្ដាលវគ្គខ្លីមួយរយៈពេល ៣ថ្ងៃគឺវគ្គបណ្ដុះបណ្ដាលគណៈកម្មការបច្ចេកទេសហែលទឹកដែលរៀបចំឡើងដោយសហព័ន្ធហែលទឹកអន្តរជាតិ និងទទួលបានការឧបត្ថម្ភពីក្រសួងអប់រំយុវជន និងកីឡាក៏ដូចជាសហព័ន្ធកីឡាហែលទឹកកម្ពុជា។ ក៏ប៉ុន្តែសហព័ន្ធនៅតែបន្តរកវគ្គបណ្ដុះបណ្ដាលបន្ថែមទៀតដើម្បីពង្រឹងសមត្ថភាពគណៈកម្មការបច្ចេកទេសយើងព្រោះថាយើងនៅមានកម្រិតនៅឡើយ។»

IMG_9061 copy

លោកបានសង្កត់ធ្ងន់ថា៖ «មហិច្ឆតារបស់សហព័ន្ធក្នុងការប្រកួតកីឡាថ្នាក់ជាតិលើកទី១នេះ គឺចង់បានសមិទ្ធផលថ្មី គឺទី១ ធ្វើយ៉ាងណាឱ្យការប្រកួតរបស់យើងរៀបចំទៅតាមស្ដង់ដាអន្តរជាតិ ទី២ រាល់ការប្រកួតគ្រប់អត្តពលិកទាំងអស់ត្រូវតែយល់ពីច្បាប់អន្តរជាតិនៃពីការប្រកួតនេះឱ្យបានច្បាស់ ហើយមួយទៀតសហព័ន្ធចង់បានការចូលរួមប្រកួតឱ្យបានលើសពី ៤ស្ថាប័ន ជារួមគឺបានកាន់តែច្រើនកាន់តែល្អ! ជាងនេះទៅទៀត សហព័ន្ធចង់បានខ្លាំងបំផុតនោះ គឺការបញ្ជូនអត្តពលិកដែលមានសមត្ថភាពឱ្យទៅធ្វើការហ្វឹកហាត់រយៈពេលវែងនៅក្រៅប្រទេសដូចកីឡាការិនីហែម ថុនវិទិនី ចឹង ដែលគាត់បានទទួលសមិទ្ធផលល្អក្នុងព្រឹត្តិការណ៍អន្តរជាតិនៅទីក្រុងរីយ៉ូកាលពីពេលថ្មីៗនេះ» ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ