អ្នកប្រដាល់កម្ពុជា ២រូប បន្តប្រកួតចាញ់អ្នកប្រដាល់ថៃដូចគ្នា

ភ្នំពេញ៖ ខ្សែក្រវាត់ខារ៉ាបាវលើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី៣ ខែកញ្ញា ម្សិលមិញនេះ អ្នកប្រដាល់កម្ពុជា ២រូបបានបន្តប្រកួតចាញ់អ្នកប្រដាល់ថៃដូចគ្នា ។ អ្នកប្រដាល់ម៉ន ចាន់តារ៉ាក្លិបការិយាល័យទី ៥ កងទ័ពជើងគោក ត្រូវអ្នកប្រដាល់ថៃ Aram Boy ប្រើកែងវាយឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី ៤ ។ នៅក្នុងទឹកទី ៣ កែងរបស់ Aram Boy បានធ្វើឲ្យ តារ៉ា ដួលហើយត្រូវអាជ្ញាកណ្ដាលរាប់ ៨ ម្ដងហើយ ពេលចូលមកដល់ទឹកទី ៤នេះ តារ៉ាហាក់ដូចជាឆេវឆាវបន្តិច ដោយចង់ប្ដូរកែងសងវិញ ប៉ុន្តែត្រូវ Aram Boy វាយឲ្យសន្លប់តែម្ដង ។ ២ប្រកួតរបស់តារ៉ា ចាញ់ទាំង ២ ប្រកួត ខណៈដែល Aram Boy ២ប្រកួតរបស់គេគឺឈ្នះទាំងអស់។
ចំពោះឆៃ សារ៉ា មកពីសមាគមប្រដាល់ក្រសួងការពារជាតិ ក៏ប្រកួតចាញ់អ្នកប្រដាល់ថៃ Pha Yalek ដោយពិន្ទុទាំងមិនអស់ចិត្តផងដែរ ។ ក្នុងការប្រកួត ៥ ទឹកនោះ សារ៉ាខិតខំបញ្ចេញកែងរបស់ខ្លួនក្នុងបំណងផ្ដួលអ្នកប្រដាល់ថៃរូបនេះឲ្យបានមុនទឹកទី ៥ ប៉ុន្តែ Pha Yalek ដែលវ៉ៃមិនឆេវឆាវនោះ គេបានគ្រប់គ្រងស្ថានការណ៍បានល្អជាង ទោះបីជាគេមិនសូវវ៉ៃចេញក៏ពិតមែន តែការវ៉ៃចេញរបស់គេម្ដងៗមានប្រសិទ្ធិភាពល្អណាស់ ។ ២ប្រកួតរបស់សារ៉ាជួបបរាជ័យទាំង ២ ប្រកួត ឯ ២ប្រកួតរបស់ Pha Yalek ឈ្នះទាំង ២ ប្រកួត ។ សារ៉ា និង ចាន់តារ៉ាទំនងជាអស់ឱកាសប្រជែងយកកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រហើយមើលទៅ ។

photo_2016-09-04_03-48-55 [800x600]

photo_2016-09-04_03-49-31 [800x600]

photo_2016-09-04_03-50-07 [800x600]

photo_2016-09-04_03-50-12 [800x600]

ចំណែកឯសង្វៀន CNC កាលពីយប់ម្សិលមិញនេះដែរ ក៏មានការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់គោជល់ ដែល កន ចន្ថាសមាគមប្រដាល់ក្រសួងការពារជាតិ និង អ៊ុំ ចំរើនក្លិបតាឡីដំរីមានរិទ្ធប្រជេងបានកៅអីសម្រាប់ជួបគ្នានៅ វគ្គផ្ដាច់ព្រ័ត្រ ។
វី សេរីចាន់ឌីនក្លិបខ្លារខិនមានរិទ្ធដែលឈរក្នុងតំណែងលេខ ១ ពូលB នោះត្រូវអ្នកប្រដាល់កន ចន្ថាសមាគមប្រដាល់ក្រសួងការពារជាតិទាត់ឲ្យរបួសដៃនៅទឹកទី ៣ ។ ចំពោះអ៊ុំ ចំរើនវិញ ដែលឈរក្នុងតំណែងលេខ ១ ពូល A បានប្រើកែងផ្ដួលមាជ សុខរ៉ាក្លិបតាព្រហ្មមានជ័យឲ្យ សន្លប់នៅត្រឹមទឹកទី ២ ។
សុខរ៉ាត្រូវជួបចាន់ឌីនដណ្ដើមចំនាត់ថ្នាក់លេខ ៣ ឯអ៊ុំ ចំរើនត្រៀមជួបកន ចន្ថាប្រជែងយកតំណែងម្ចាស់ខ្សែក្រវាត់គោជល់នេះ ។

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ