ទូក​ក្តោង គ្រោងចេញទៅប្រកួតនៅក្រៅប្រទេស ខណៈធនធានអត្តពលិកនៅខ្សោយ

ក្នុងដំណើរឆ្ពោះទៅកាន់ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនាប្រទេសម៉ាឡេស៊ីឆ្នាំ ២០១៧ នោះ សហព័ន្ធកីឡាទូកក្ដោងកម្ពុជា គ្រោងនឹងបញ្ជូនអត្តលិកទៅដណ្ដើមមេដាយ ខណៈដែលបច្ចុប្បន្ន សហព័ន្ធមួយនេះ នៅខ្សត់ខ្សោយ អត្តពលិកនៅឡើយ ពោលគឺមានតែ ២ នាក់ប៉ុណ្ណោះ។

កីឡាទូកក្តោង គឺជាប្រភេទកីឡាដែលគេនិយមចូលចិត្តលេងបំផុត ដោយសារតែមនុស្សលេងជាមួយខ្យល់ធម្មជាតិនៅលើទឹក ហើយអ្នកលេងភាគច្រើនចេញមកពីអ្នកមានកំណើតជិតសមុទ្រ ឬតំបន់មានទឹក ដែលស្គាល់ជីវភាពអ្នករស់នៅតំបន់ទឹក។ ផលប្រយោជន៍របស់កីឡាទូកក្តោង គឺជាកីឡាអាជីពផង កម្សាន្តផងនិងទាក់ទាញទេសចរណ៍ផង ព្រោះអ្នកលេងកីឡានេះសប្បាយនឹងធម្មជាតិ ខ្យល់លើទឹក បរិយាកាសធម្មជាតិ ប្រើប្រាស់ប្រាជ្ញាស្មារតីក្នុងការបញ្ជាល្បឿន ព្រមទាំងប្រើប្រាស់គ្រប់សរីរាង្គលើដងខ្លួនទាំងមូល និងមានចលនាគ្រប់សាច់ដុំ។

IMG_0299-copy

ទីប្រឹក្សាប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា និងជាអ្នកជំនាញទូកក្តោងមកពីសិង្ហបុរីស្ម័គ្រចិត្តមក ធ្វើគ្រូបង្វឹកឲ្យ កម្ពុជាលោក Meng Wong ធ្លាប់បាននិយាយថា៖  តាមស្ថានភាពជាក់ស្តែងនៅកម្ពុជាគឺសហព័ន្ធកីឡាទូកក្តោងកំពុងធ្វើការស្វែងរកកីឡាករ ហើយយើងកំពុងពិនិត្យជ្រើសរើសអ្នកផ្សេងទៀតមកហាត់ ខណៈលក្ខខណ្ឌសម្រាប់ចូលហ្វឹកហាត់ងាយបំផុត គឺទី ១ ចេះហែលទឹក ទី ២ ដឹងពីទិសខ្យល់ និងទី ៣ មានបេះដូងស្រឡាញ់ចូលចិត្តកីឡាប្រភេទនេះជាបញ្ហាសំខាន់»។

លោកបន្តថា៖ តែទោះបីយ៉ាងណាសហព័ន្ធ នឹងប្រឹងប្រែងបណ្តុះបណ្តាលអត្តពលិកកម្ពុជាដែលមានស្រាប់សិន  ដើម្បីត្រៀមចូលរួមការប្រកួតនៅម៉ាឡេស៊ី ឆ្នាំ ២០១៧ ហើយផែនការហាត់ ព្រមទាំងការរ៉ាប់រងការចំណាយ គឺសហព័ន្ធបានគិតគូររួចជាស្រេចក្នុងលទ្ធភាពខ្ពស់ប៉ុន្តែការស្វែងរកអ្នកមកហ្វឹកហាត់សម្រាប់អាជីពនៅមិនទាន់បានជ្រាបទូលំទូលាយនៅឡើយ ខណៈកីឡាប្រភេទនេះនៅថ្មីសម្រាប់ប្រទេសកម្ពុជា។ តែរយៈពេលមិនយូរទេ យើងនឹងទទួលបានក្រុមសម្រាប់ជម្រើសជាតិមួយយ៉ាងស័ក្តិសម និងមានគុណភាព ដែលជាគោលដៅរបស់យើង»។

លោក ថោង រដ្ឋាសក្តិ មន្ត្រីសហព័ន្ធកីឡាទូកក្តោងកម្ពុជា បានឱ្យថា៖ ទីតាំងហាត់ជាបណ្តោះអាសន្ននៅមូលដ្ឋានកងទ័ពជើងទឹករាមខេត្តព្រះសីហនុ ហើយក្រៅពីនេះយើងកំពុងពិនិត្យទីតាំងនៅតាមខេត្តមួយចំនួន ដែលជាប់ទន្លេ ដើម្បីផ្សព្វផ្សាយពីកីឡាទូកក្តោង។

លោកបន្តថាសម្រាប់ផែនការគឺចង់បានកីឡាករដែលចេញពីកងទ័ពជើងទឹក នឹងក្លាយជាកីឡាករល្អឆ្នើម និងជាគ្រូជំនាញ ឬគ្រូបង្គោលផងដែរ ដើម្បីធ្វើឲ្យកីឡាទូកក្តោងឈានទៅរកភាពជោគជ័យតាមអ្វីដែលយើងចង់បាន។

គួបញ្ជាក់ផងដែរថា៖ កីឡាទូកក្តោង ដែលមាការពេញនិយមខ្លាំងនៅប្រទេសជឿនលឿន ព្រមទាំងជាកីឡាមានប្រវត្តិក្នុងល្បែងអូឡាំពិកពិភពលោកតាំងពីឆ្នាំ ១៨៣២ និងបានចូលរួមប្រកួតកីឡាអូឡាំពិកទំនើប នៅបារាំង កាលពីឆ្នាំ ១៩០០ ខណៈដែលកម្ពុជាបនបង្កើតជាសហព័ន្ធកីឡាទូកក្តោងនៅឆ្នាំ ២០១៥ ក្រោយការផ្តួចផ្តើមរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងមានលោកហ្គោដិន តាំង ជាជនជាតិចិនសញ្ជាតិខ្មែរ និងជាប្រធានសហព័ន្ធ ជាអ្នកទំនុកបម្រុង៕

IMG_9052

អត្ថបទ៖ ជីង ឡុង

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ