មិត្តភាព៖ ក្រុម U-19កម្ពុជា លត់ប៉ូលិស ៣-០ មុនជួបណាហ្គាវើលល្ងាចនេះ

ភ្នំពេញ៖ ក្រុមជម្រើសជាតិក្រោមអាយុ ១៩ ឆ្នាំកម្ពុជា (U-19) បានយកឈ្នះលើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) ដោយលទ្ធផល ២-០ ក្នុងជំនួបមិត្តភាពលើវាលស្មៅធម្មជាតិនៃមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទីម្សិលមិញ មុននឹងបន្ដប្រកួតមិត្តភាពម្ដងទៀត នៅល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ដោយត្រូវជួបក្រុមណាហ្គាវើល នៅទីលានហ្វឹកហាត់នៃកីឡដ្ឋាន RSN វេលាម៉ោង ៤ ល្ងាច ។

គួរបញ្ជាក់ថា ជំនួបមិត្តភាព ២ ប្រកួតនេះ គឺជាការធ្វើតេស្ដសមត្ថភាពចុងក្រោយ ដើម្បីជ្រើសរើសកីឡាករឆ្នើម ២៣នាក់ នៅក្នុងការប្រមូលផ្ដុំហ្វឹកហាត់ដំណាក់កាលទី៣ សម្រាប់ត្រៀមចូលរួមប្រកួតពាន រង្វាន់ AFF U-19 Championships 2016 នៅប្រទេសវៀតណាម នាពេលឆាប់ៗខាងមុខនេះ។ កីឡាករប្រមូលផ្ដុំដំណាក់កាលទី៣នេះ មានសមាជិកសរុប ២៨នាក់ បន្ទាប់ពីឆ្លងកាត់ការជម្រុះ ២ ដំណាក់កាលកន្លងទៅ ។

ដោយឡែកចំពោះកម្មវិធីប្រកួត AFF U-19 Championships 2016 នឹងចាប់ផ្ដើមពីថ្ងៃទី ១១ ដល់ថ្ងៃទី ២៤ ខែកញ្ញានេះ ដោយក្រុម U-19កម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមការពារតំណែងជើងឯកថៃ ឡាវ មីយ៉ាន់ម៉ា អូស្រ្ដាលី និងឥណ្ឌូនេស៊ី ។ ចំណែកពូលA រួមមានក្រុមវៀតណាម ទីម័រខាងកើត ហ្វីលីពីន ម៉ាឡេស៊ី និងសិង្ហបុរី ខណៈការប្រកួតនឹងអនុវត្តតាមរូបមន្ដវិលជុំ ១ជើង ដើម្បីកំណត់ក្រុមមានពិន្ទុខ្ពស់ជាងគេ ២ក្រុមឡើងទៅវគ្គ ៤ក្រុមចុងក្រោយ ៕

14079920_1785549791682521_6577642614008989259_n

14202710_1785528928351274_6224736036971408011_n

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ