មានរឿងប្លែកៗជាច្រើន ក្រោយអ្នកប្រដាល់មឿន សុខហ៊ុច បានខ្សែក្រវាត់ប្រាក់ពីស្រុកថៃ

ភ្នំពេញ៖ មួយរយៈពេលថ្មីៗនេះក្នុងបណ្ដាញសង្គម(ហ្វេសប៊ុក) មានការលើកឡើងខុសៗគ្នាពីករណីរបស់អ្នកប្រដាល់កម្ពុជាមឿន សុខហ៊ុច ដែលទើបតែឈ្នះខ្សែក្រវាត់ Max World Championship 2016 នៅប្រទេសថៃ ដោយមានខ្លះថានេះជាខ្សែក្រវាត់បានមកដោយការចំណាយលុយដើម្បីទិញវាពីគេមក ឯ ខ្លះទៀតជួយជម្រុញឲ្យមានការផ្ដល់រង្វាន់លើកទឹកចិត្តដល់អ្នកប្រដាល់រូបនេះ ។

Moeun Sok Huch

ឯកឧត្តមយុទ្ធ ភូថងប្រធានកិត្តយសរបស់សហព័ន្ធប្រដាល់ និង ជាអ្នកដឹកនាំអ្នកប្រដាល់ សុខហ៊ុច ទៅប្រកួត នៅក្នុងព្រឹត្តិការណ៍ Max Mauy Thai បានមានប្រសាសន៍ថា ការនិយាយថាខ្សែក្រវាត់នេះបានមកដោយការចំណាយលុយនោះ វាមិនត្រឹមតែមើលងាយព្រឹត្តិការណ៍ ឬ អ្នកប្រដាល់កម្ពុជានោះទេតែជាការប្រមាថដល់មរតកក្បាច់គុនបូរាណខ្មែរ ។ ឯកឧត្តមបានពន្យល់ថាអ្នកប្រដាល់ខ្មែរខ្លាំងទើបអាចវ៉ៃដណ្ដើមបានខ្សែក្រវាត់ ប្រសិនបើខ្មែរមិនខ្លាំងទេនោះ ទោះជាមានលុយប៉ុន្មានយកទៅទិញក៏ទិញមិនបានដែរ ។ ឯកឧត្តមបញ្ជាក់ថែមទៀតថា ព្រឹត្តិការណ៍នេះជាការប្រកួតក្នុងទ្រង់ទ្រាយសាកល និងមានចៅក្រមអាជ្ញាកណ្ដាលចម្រុះជាតិ សាសន៍ជាអ្នកកាត់ក្ដី ហើយចំពោះការនិយាយបែបនេះ មានលក្ខណៈបំពាន និងមើលស្រាលដល់ក្បាច់គុនបូរាណខ្មែរខ្លាំងណាស់។

ចំណែកឯ ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាលោកមិនគាំទ្រចំពោះការលើកឡើងនេះទេ ព្រោះជាការប្រមាថដល់ក្បាច់គុនបូរាណខ្មែរយើងណាស់ ។ ប្រសិនបើខ្សែក្រវាត់ចេះតែយកលុយទៅទិញបាននោះប្រហែលជាព្រឹត្តិការណ៍ប្រកួតបែបនេះមិនមានឡើយ ។

ចំពោះករណីដែលលើកឡើងថាហេតុអ្វីក៏គ្មានការប្រកាសផ្ដល់រង្វាន់ដល់អ្នកប្រដាល់កម្ពុជារូបនេះពីសំណាក់រាជរដ្ឋាភិបាល ?
នៅក្នុងអនុក្រិតរបស់រាជរដ្ឋាភិបាន លេខ៥៣២ អ ន ក្រ.ប ក បានប្រកាសលើការផ្ដល់រង្វាន់លើកទឹកចិត្តតែចំពោះ ការប្រកួតកីឡាអូឡាំពិករដូវក្ដៅ ឬ រដូវរងា ការប្រកួតកីឡាអាស៊ីរដូវក្ដៅ ឬ រងា និង ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ តែប៉ុណ្ណោះ ។
ចំពោះសេចក្ដីប្រកាសអន្តរក្រសួងបានកំណត់ថាព្រឹត្តិការណ៍ប្រកួតនៅក្រៅប្រទេសដែលមានរង្វាន់ សម្រាប់ជ័យលាភីនោះមានការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោក សាកលវិទ្យាល័យអាស៊ី និង សាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ ការប្រកួតជើងឯកពិភពលោក ជើងឯកអាស៊ី និង ជើងឯកអាស៊ីអាគ្នេយ៍ ការប្រកួតកីឡានៃបណ្ដាប្រទេសនិយាយភាសាបារាំង(Jeux Francophone) ARAFUFA Games និង កីឡាសុច្ឆន្ទៈទន្លេមេគង្គ(Mekong Good Will Games) ។

ទោះជាយ៉ាងនេះក៏ដោយក៏សហព័ន្ធបានស្វែងរកការឧបត្ថម្ភពីផ្នែកឯកជនដោយរកបានប្រាក់ឧបត្ថម្ភច្រើនគួរសមដែរដើម្បីលើកទឹកចិត្តដល់អ្នកប្រដាល់កម្ពុជារូបនេះ ។

Moeun Sok Huch2

 

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ