សំបុត្រទស្សនា U-16 កម្ពុជា ប៉ះ U-15 ចិន រក្សាតម្លៃធម្មតាដូចក្រុមឈុតធំប្រកួត

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញតម្លៃសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់មិត្តភាពអន្ដរជាតិរវាងក្រុមជម្រើសជាតិក្រោមអាយុ ១៦ ឆ្នាំកម្ពុជា (U-16) និងក្រុមជម្រើសជាតិក្រោមអាយុ ១៥ ឆ្នាំចិន (U-15) ហើយ ដោយរក្សាតម្លៃធម្មតាដូចក្រុមជម្រើសជាតិឈុតធំប្រកួតដែរ ពោលគឺប្រភេទទី១ មានកៅអីតម្លៃ ១០,០០០រៀល និងប្រភេទទី២ គ្មានកៅអីតម្លៃ ៥,០០០រៀល ។

គួរបញ្ជាក់ថា ការប្រកួតមិត្តភាពនេះ នឹងធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញានេះ វេលាម៉ោង ៦៖៣០នាទីល្ងាច នៅលើទីលានពហុកីឡដ្ឋានជាតិ ដើម្បីអបអរសាទរខួបលើកទី៥៨ នៃទំនាក់ទំនងការទូកម្ពុជា-ចិន ហើយក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ ។ ចំណែកកាលបរិច្ឆេទនៃការលក់សំបុត្រវិញ នឹងដំណើរកាលចាប់ពីថ្ងៃទី០២ ខែកញ្ញាស្អែកនេះតទៅ នៅក្នុងពហុកីឡដ្ឋានជាតិ ។ ជាមួយការត្រៀមប្រកួតមិត្តភាព ដើម្បីរឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរនេះដែរ លោក Inoue Kazunori ដែលជាគ្រូបង្វឹកក្រៅពីប្រើប្រាស់ធនធានកីឡាករយុវជននៃសាលាបាល់ទាត់ជាតិ លោកក៏បានកីឡាករយុវជននៃក្លឹបភ្នំពេញក្រោនចំនួន ៧នាក់ចូលរួមផងដែរ ។ មុនការប្រកួតផ្លូវការនេះមកដល់ ក្រុម U-16កម្ពុជា ធ្លាប់បានប្រកួតសាកល្បងជាមួយក្រុមយុវជនដូនពេញម្ដងមកហើយ ដោយលទ្ធផលឈ្នះ ៤-២ ៕

13697005_624347741074846_3396388236466785780_n

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ