ជម្រើសជាតិកម្ពុជា ចេញទៅហុងកុងម៉ោង ៧:១៦ នាទីយប់នេះ

ភ្នំពេញ៖ ក្រោយបញ្ចប់ការប្រកួតដំបូងដោយលទ្ធផលស្មើគ្នា ២-២ ជាមួយក្រុម African All Star កាលពីម្សិលមិញរួចមក នៅវេលាម៉ោង ៧៖១៦នាទីយប់នេះ ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរឆ្ពោះទៅទីក្រុងហុងកុងហើយដើម្បីត្រៀមប្រកួតមិត្តភាពអន្ដរជាតិផ្លូវការជាមួយក្រុមជម្រើសជាតិម្ចាស់ផ្ទះហុងកុង នៅដើមខែក្រោយ ។ នេះបើយោងតាមការឲ្យដឹងពីលោក ឆាំង ពិសិដ្ឋ អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា ។

13321895_1751649785072522_1604181490644285064_n

ចំពោះសមាសភាពកីឡាករក្រុមជម្រើសជាតិកម្ពុជា ដែលត្រូវដឹកនាំដោយលោក Lee Tae Hoon នាយប់នេះ គឺមាន ២៤នាក់ក្នុងនោះមកពីក្លឹបចំនួន ៦ ដែលជាសមាជិកលីគកំពូលកម្ពុជា ក្នុងនោះមានកីឡាករនៃក្លឹបព្រះខ័នរាជស្វាយរៀងចំនួន ៨នាក់, បឹងកេតអង្គរ ៥នាក់, ក្រសួងការពារជាតិ ៥នាក់, អគ្គស្នងការដ្ឋាននគរបាលជាតិ ៣នាក់, ភ្នំពេញក្រោន ២នាក់ និងកីឡាករក្លឹបណាហ្គាវើលម្នាក់ ។

13691103_1770127076558126_1264153603942815086_o

ដោយឡែកការប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់ហុងកុង គឺធ្វើឡើងនៅថ្ងៃទី០១ ខែកញ្ញាសប្ដាហ៍ក្រោយ នៅកីឡដ្ឋាន Mong Kok នាទីក្រុងហុងកុង ហើយជំនួបមិត្តភាពនេះ គឺជាការប្រកួតដកស្រង់បទពិសោធន៍ បច្ចេកទេសដ៏សំខាន់មួយរបស់ក្រុមគោព្រៃកម្ពុជាដែលកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះបឋមនៃពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2016 នៅពាក់កណ្ដាលខែតុលាខាងមុខ ។ ប៉ុន្ដែក្រោយប្រកួតជាមួយក្រុមហុងកុង ក្រុមជម្រើសជាតិកម្ពុជាត្រូវរំសាយ ដើម្បីផ្ដល់ឱកាសឲ្យកីឡាករជួយក្លឹបរៀងៗខ្លួនបញ្ចប់ការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០១៦ ។ បន្ទាប់មកទើបលោក Lee Tae Hoon ធ្វើការប្រមូលផ្ដុំជាថ្មីដោយបោះជំរុំហ្វឹកហាត់រយៈពេល ១០ថ្ងៃ នៅប្រទេសសិង្ហបុរី ដើម្បីពង្រឹងសមត្ថភាពកីឡាករបន្ថែម ។ តែក្រោយបោះជំរុំចប់ក្រុមគោព្រៃកម្ពុជា នឹងត្រូវជាម្ចាស់ផ្ទះទទួលក្រុមហុងកុងវិញម្ដង នៅថ្ងៃទី០៦ ខែតុលាមុននឹងប្រកួតមិត្តភាពចុងក្រោយជាមួយក្រុមជម្រើសជាតិស្រីលង្កា នៅថ្ងៃទី០៩ ខែតុលាខាងមុខ ។

13346269_1751648591739308_6877821597317664505_o

ចំណែកការប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នឹងធ្វើឡើងនៅចន្លោះថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែតុលាខាងមុខនេះ ដោយមាន ៤ក្រុមត្រូវប្រជែងគ្នា ក្នុងនោះមានក្រុមម្ចាស់ផ្ទះកម្ពុជា ឡាវ ទីម័រខាងកើត និងក្រុមជម្រើសជាតិប្រ៊ុយណេ ។ ការប្រកួតនេះក្រុមណាសន្សំពិន្ទុបានច្រើនជាងគេ នឹងទទួលបានកៅអីពូលB នៃជុំផ្ដាច់ព្រ័ត្រ ដោយមានក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ម៉ាឡេស៊ី និងវៀតណាម កំពុងរង់ចាំ ខណៈការប្រកួតជុំផ្ដាច់ព្រ័ត្រគ្រោងធ្វើនៅចុងខែវិច្ឆិកា លើទឹកដីសហម្ចាស់ផ្ទះមីយ៉ាន់ម៉ា និងហ្វីលីពីន៕

13693048_1768388393398661_5973313922285488573_o

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ