ក្រុម U-15 សាលាបាល់ទាត់ជាតិ នាំពានពីចិន មកដល់កម្ពុជាម៉ោង ១១៖៣០នាទីយប់នេះ

ភ្នំពេញ៖ យោងតាមការឲ្យដឹងពីលោក ចាន់ មិថុនា មន្ដ្រីព័ត៌មានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា ក្រុមយុវជនក្រោមអាយុ ១៥ឆ្នាំនៃសាលាបាល់ទាត់ជាតិទន្លេបាទី នឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញ នាវេលាម៉ោង ១១៖៣០នាទីយប់នេះដោយនាំមកជាមួយនូវពានតំណែងជើងឯកពានរង្វាន់ The Belt and Road Initiative U15 Boys Football Tournament ឆ្នាំ២០១៦ ដែលទើបដណ្ដើមបាននៅលើទឹកដីចិន កាលពីពេលថ្មីៗកន្លងទៅទៀតផង ។

14054008_1783043631933137_147327052031601404_n

គួរបញ្ជាក់ថា ក្រុមយុវជនសាលាបាល់ទាត់ជាតិនេះ បានចេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជាតិខាងលើ តាំងពីថ្ងៃទី២៣ ខែសីហាមកម្ល៉េះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុនលោក Inoue Kazunori ហើយក្នុងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៧ ក្រុមយុវជនតំណាងប្រទេសកម្ពុជានេះ បានឆ្លងកាត់ការប្រកួត ៥លើក ប៉ុន្ដែមិនស្គាល់ពាក្យចាញ់នោះទេរហូតបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រទៀតផង ។

14068397_1782261705344663_8457513041946911372_o

ចំពោះលទ្ធផល ៥ប្រកួតនៃក្រុមសាលាបាល់ទាត់ជាតិទន្លេបាទី បានយកឈ្នះក្រុម China Jianyin School របស់ម្ចាស់ផ្ទះចិន  ៣-០ និងយកឈ្នះក្រុម Kempaka International របស់ម៉ាឡេស៊ីរហូតដល់ទៅ ២៧-០ ហើយប្រកួតជម្រុះចុងក្រោយស្មើក្រុម Warriors Football Club របស់សិង្ហបុរី ១-១ ដើម្បីបន្ដឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវជួបក្រុម Orient FC របស់ជប៉ុនហើយបានយកឈ្នះដោយបាល់ប៉េណាល់ទីក្នុងលទ្ធផល ៥-៤ បន្ទាប់ពីប្រកួតពេញម៉ោងស្មើគ្នា ៣-៣ ។

14138014_1781799602057540_6040758812450425470_o

ក្រោយឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ក្រុមសាលាបាល់ទាត់ទន្លេបាទីនេះ បានយកឈ្នះក្រុមយុវជន Sdushor No 8 Team របស់ប្រទេសកាហ្សាក់ស្ថាន ដោយលទ្ធផល ៣-២ ដើម្បីក្លាយជាម្ចាស់ពានកម្រិតយុវជនអន្ដរជាតិនេះតែម្ដង ។

13698118_1781799528724214_4888824527453145803_o

នេះគឺជាជោគជ័យថ្មីរបស់ក្រុមយុវជនសាលាបាល់ទាត់ជាតិទន្លេបាទី ក្រោមការដឹកនាំរបស់ Inoue Kazunoriដែលទើបដឹកនាំក្រុមជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំកម្ពុជា ឡើងវគ្គ ៤ក្រុមចុងក្រោយនៃពាន AFF U-16 Championships កាលពីពេលថ្មីកន្លងទៅ ។

មតិយោបល់

Sponsor

អត្ថបទថ្មីៗ