ខ្សែក្រវាត់ខារ៉ាបាវ៖ រឿម វណ្ណៈ សន្លប់ក្នុងទឹក១ ចំណែក ឌុម កែវដា ឈ្នះថៃទាំងប្រផិតប្រផើយ

ភ្នំពេញ៖ ការប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវនារសៀលថ្ងៃទី២៧ ខែសីហាម្សិលមិញនៅលើសង្វៀនអាស៊ីអាគ្នេយ៍បានបញ្ចប់ទៅដោយកីឡាករកម្ពុជា រឿម វណ្ណៈ មកពីក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យត្រូវអ្នកប្រដាល់ថៃ Pra Vit ប្រើជើងទាត់ឲ្យសន្លប់មុនស្នូរជួង បញ្ចប់ទឹកទី ១ ខណៈដែលអ្នកប្រដាល់ ឌុម កែវដា បានតស៊ូយកឈ្នះទាំងថៃទាំងប្រផិតប្រផើយ។

photo_2016-08-28_03-39-08 [800x600]

គ្រាន់តែទឹកទី១ចាប់ផ្ដើម Pra Vit បានប្រើជើងទាត់ចំកញ្ចឹងក និងកញ្ចប់មាត់របស់ វណ្ណៈ បណ្ដាលឲ្យវង្វេងហើយត្រូវអាជ្ញាកណ្ដាលរាប់ ៨ចំនួន ២លើកទៅហើយ ។ បន្ទាប់មកក្រោយពីរងជើងទី ៣ដែលទាត់ចំចង្ការនោះអាជ្ញាកណ្ដាលក៏បានបញ្ឈប់លែងឲ្យប្រកួតបន្តតែម្ដង ។ នេះជាអ្នកប្រដាល់ទី ៣ហើយដែលកីឡាករកម្ពុជាបានចាញ់អ្នកប្រយុទ្ធឆ្លងដែនថៃក្នុងព្រឹត្តិការណ៍នេះ ។ដោយអ្នកប្រដាល់ ២នាក់ដំបូងដែលចាញ់អ្នកប្រដាល់ថៃដែរនោះមានឆៃ សារ៉ា មកពីសមាគមប្រដាល់ក្រសួងការពារជាតិ និង ម៉ន ចាន់តារ៉ា មកពីក្លិបការិយាល័យទី ៥កងទ័ពជើងគោក ។

photo_2016-08-28_03-39-00 [800x600]

ក្នុងព្រឹត្តិការណ៍នេះដែរកីឡាករ ឌុម កែវដា មកពីក្លិបម្កុដរាជសីហ៍បានប្រកួតឈ្នះអ្នកប្រដាល់ថៃ Yorth Sayam ដោយពិន្ទុទាំងប្រផិតប្រផើយ ។ កែវដា គឺជាអ្នកប្រដាល់កម្ពុជាដំបូងគេហើយដែលប្រកួតឈ្នះអ្នកប្រដាល់ថៃតែទោះជាយ៉ាងណាក៏រូបគេត្រូវជួបឧបសគ្គច្រើនទៀតក្នុងព្រឹត្តិការណ៍នេះហើយវាក៏អាចចូលមកបង្អាក់ដំណើរទៅគ្រងខ្សែក្រវាត់បានគ្រប់ពេលផងដែរ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ