ប្រធានក្លឹបភ្នំពេញក្រោន ដាក់គោលដៅប្រើធនធានយុវជន​រហូតទាល់តែទទួលបានជោគជ័យក្នុងលីគកំពូលកម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីក្លឹបភ្នំពេញក្រោន បានបញ្ចប់ការប្រកួតជើងឯកលីគកំពូលកម្ពុជាមុនគេជាមួយនឹងចំណាត់ថ្នាក់លេខ៥ នារដូវកាលថ្មីនេះ យ៉ាងណាក៏ដោយ លោក ឬទ្ធី សំណាង ដែលជាប្រធានក្លឹបបានលើកឡើងថា ទោះបីឆ្នាំនេះមិនទាន់ទទួលបានផ្លែផ្កាល្អប្រសើរក៏ពិតមែន ប៉ុន្ដែលោកបានប្រកាសថានឹងបន្ដការប្រើប្រាស់ធនធានកីឡាករយុវជនយ៉ាងហោច ៨០% នៃក្រុមដើម្បីត្រៀមចូលរួមលីគរដូវកាលក្រោយរហូតទាល់តែទទួលបានជោគជ័យនៅឆ្នាំបន្ដបន្ទាប់ ។

IMG_6380្្្

លោក ឬទ្ធី សំណាង បានបញ្ជាក់ថា សម្រាប់លីគរដូវកាលឆ្នាំ២០១៦នេះ ភ្នំពេញក្រោនបានប្រើប្រាស់ធនធានយុវជនជាងពាក់កណ្ដាល ដើម្បីធ្វើការប្រកួតប្រជែងជាមួយក្រុមដទៃ ។ ប៉ុន្ដែទោះបីឆ្នាំនេះយើងមិនអាចការពារតំណែងជើងឯកបាន ក៏លោកសប្បាយចិត្តនឹងទទួលលទ្ធផលដែលកីឡាករវ័យក្មេងរបស់លោកធ្វើបានដែរ ព្រោះនេះគឺជាបទពិសោធន៍ដ៏សំខាន់សម្រាប់ពួកគេ និងអាចឈានទៅរកភាពជោគជ័យនាថ្ងៃអនាគត ហេតុនេះលោកមិនបោះបង់ការប្រើធនធានកីឡាករយុវជននារដូវកាលក្រោយៗឡើយ ។

_MG_2427

ប្រធានក្លឹបជើងឯក ៦សម័យកាលនេះបានបន្ដថា៖ «សម្រាប់ក្លឹបខ្ញុំ ឆ្នាំក្រោយគឺយើងប្រើយុវជនសឹងតែទាំងអស់ ដើម្បីពង្រឹងយុវជនដែលយើងខ្ញុំខំបណ្ដុះបណ្ដាល ៥ឆ្នាំកន្លងទៅឱ្យ ដើម្បីបង្ហាញថាពួកគេមានសមត្ថភាព និងមានគុណភាពកម្រិតណា ។ ប៉ុន្ដែចំពោះកីឡាករនាំចូលថ្មី យើងនឹងនាំចូលកីឡាករណាដែលមានគុណភាពខ្លាំងដើម្បីដឹកនាំយុវជនយើងឱ្យឈានដល់កម្រិតស្ដង់ដាមួយអាចប្រៀបធៀបនឹងប្រទេសផ្សេងទៀតបាន ដូច្នេះយើងនឹងពង្រឹងការនាំចូលកីឡាករបរទេសថ្មី ខណៈយុវជនយ៉ាងហោចណាស់ក៏ប្រើ ៨០%ដែរ» ។

_MG_2006

ទន្ទឹមជាមួយការដាក់គោលដៅប្រើប្រាស់ធនធានកីឡាករយុវជនបន្ដបែបនេះ គឺដោយសារលោក ឬទ្ធី សំណាង ជឿជាក់លើសមត្ថភាពក្រុមយុវជនភ្នំពេញក្រោន ដែលមានមូលដ្ឋានគ្រឹះច្រើន បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលរយៈពេលវែង ។ លើសពីនេះលោកក៏បានអំពាវនាវដល់ក្លឹបផ្សេងៗ ឱ្យរួមចំណែកបណ្ដុះបណ្ដាលថ្នាលយុវជនបន្ថែមទៀតដើម្បីជំរុញការអភិវឌ្ឍន៍កីឡាបាល់ទាត់កម្ពុជាឲ្យរីកចម្រើន ពិសេសគឺក្រុមជម្រើសជាតិកម្ពុជាដើម្បីឈានទៅប្រកួតដណ្ដើមពានរង្វាន់លើឆាកអន្ដរជាតិឲ្យបានយ៉ាងហោចលេខ២ ឬលេខ៣ នៅថ្ងៃអនាគត ៕

_MG_1841

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ