ថ្នាក់ដឹកនាំកីឡាចាប់ផ្តើមសើរើរឿងកីឡាករប្រដាល់សាកលដែលលួចទៅប្រកួតសេរីខុសជំនាញ

ភ្នំពេញ៖ ឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡាបានប្រកាសប្រាប់អនុរក្សប្រដាល់ជម្រើសជាតិឲ្យពិនិត្យឲ្យបានហ្មត់ចត់ចំពោះអ្នកប្រដាល់សាកលជម្រើសជាតិដែលតែងតែលួចទៅប្រកួតប្រដាល់សេរីតាមស្ថាននីយ៍ទូរទស្សន៍នានាដើម្បីរកប្រាក់នោះ ។ ឯកឧត្តមបានបញ្ជាក់ថាលោកស្វាគមន៍ និងចូលរួមអបអរចំពោះការដែលពួកគេទៅប្រកួតប្រដាល់សាកលលើសង្វៀនទូរទស្សន៍នានាព្រោះកីឡាត្រូវការប្រកួតបែបនេះហើយដើម្បីពង្រឹងសមត្ថភាព ប៉ុន្តែការទៅប្រកួតប្រដាល់សេរី (ក្បាច់គុនបូរាណ) លោកសូមហាមឃាត់ដាច់ខាតព្រោះវាធ្វើឲ្យខូចកីឡាករទៅវិញទេ។

photo_2016-08-19_09-42-36 [800x600]

នាពេលកន្លងមកនេះ គេសង្កេតឃើញថាមានអ្នកប្រដាល់សាកល ២-៣នាក់ប៉ុណ្ណោះដែលតែងតែលួចទៅប្រកួតប្រដាល់សេរី ហើយក៏មានអ្នកប្រដាល់ខ្លះរងគ្រោះរហូតដល់មានគ្រោះថ្នាក់បាក់ឆ្អឹងទៀតផង ។ យ៉ាងណាក៏ដោយ អ្នកប្រដាល់ដែលចូលចិត្តទៅលួចវ៉ៃសេរីទាំងនោះត្រូវបានគេកត់បញ្ចូលទៅក្នុងរបាយការណ៍រួចរាល់ហើយដែលក្នុងនោះមានដូចជាកីឡាករ ពេជ្រ ម្ទេសខ្មាំង មកពីក្លិបអារុណរះកីឡា, កីឡាករ អេ វីរៈខាំឈីតភូថង មកពីក្លិបអេភូថងកីឡា, និងកីឡាករ យ៉ុន ដារ័ត្ន មកពីក្លិបតាឡីដំរីមានរិទ្ធជាដើម ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ កីឡាករអេ វីរៈខាំឈីតភូថង បានបាក់ឆ្អឹងដងកាំបិតដោយសារការទៅលួចវ៉ៃសេរីកន្លងមកហើយពេលនេះដៃដែលរងគ្រោះថ្នាក់នោះមិនអាចប្រើការបាននៅឡើយ។ តាមពិតកំហុសនេះក៏មានចំណែករបស់គ្រូបង្វឹកដែរ ពីព្រោះការលួចទៅប្រកួតតាមស្ថាននីយ៍ទូរទស្សន៍នានាគឺគ្រូបង្វឹករបស់ពួកគេជាអ្នករៀបចំឲ្យ ដូច្នេះបើគ្រូមិនរៀបចំឲ្យទេគេគ្មានឱកាសដើម្បីប្រកួតឡើយ ។

MrMSP-0205

ឯកឧត្តមអ៊ុក សិទ្ធិជាតិ បានព្រមានថាបើប្រាក់ខែជម្រើសជាតិជិត ៥០០ដុល្លារគេនៅតែចាយមិនគ្រាន់ហើយនៅលួចទៅវ៉ៃសេរីទៀតនោះគេអាចដកខ្លួនចេញពីជម្រើសជាតិហើយទៅប្រកួតសេរីវិញបាន មួយវិញទៀតឯកឧត្តមក៏បានណែនាំឱ្យក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធប្រដាល់ត្រូវធ្វើការជាមួយគ្រូបង្វឹក និងអ្នកប្រដាល់ផ្ទាល់ដើម្បីដោះស្រាយបញ្ហាទាំងនេះ និងកុំបណ្តោយឱ្យមានរូបភាពមិនល្អបែបនេះកើតឡើងបន្តទៀត៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ