ព្រឹត្តិការណ៍ TV5 Boxing Knock Out ជុំទី២ ចាប់ផ្ដើមនៅចុងសប្តាហ៍នេះហើយ

ភ្នំពេញ៖ សម្រាប់ថ្ងៃទី២៨ ខែសីហានេះការប្រកួតវគ្គ ១៦នាក់ចុងក្រោយនៃព្រឹត្តិការណ៍ TV5 Boxing Knock Out នឹងចាប់ផ្ដើមប្រកួតហើយ ។ ដោយក្នុងនោះកៅអីចំនួន ៨ត្រូវបានបម្រុងទុកសម្រាប់អ្នកខ្លាំងខណៈដែលទ្វារក៏បើកចំហរទុកសម្រាប់អ្នកចាញ់ចំនួន ៨ នាក់ដើម្បីវិលត្រឡប់ទៅផ្ទះវិញដែរ ។ ការប្រកួតនេះនឹងត្រូវធ្វើឡើងដោយមួយសប្ដាហ៍មាន ២គូប៉ុណ្ណោះហើយកំនត់ត្រឹម ៣ទឹកទេ។

Chorn-Channy-vs-Yon-Darath

សម្រាប់គូទី១ កីឡាករ ឆន ចន្នី មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យនឹងប្រកួតជាមួយអ្នកប្រដាល់ យ៉ុន ដារ័ត្ន របស់ក្លិបតាឡីដំរីមានរិទ្ធ ។ កាលប្រកួតនៅជុំទី១ អ្នកប្រដាល់ ឆន ចន្នី បានប្រកួតឈ្នះអ្នកប្រដាល់ចាន់ សាន់ មកពីក្លិបអេភូថងកីឡាដោយពិន្ទុ ។ ឯ យ៉ុន ដារ័ត្ន បានប្រកួតឈ្នះអ្នកប្រដាល់ កំពែង ខ្មៅ មកពីសមាគមប្រដាល់ក្រសួងកសិកម្មនៅទឹកទី២ ។ ដូច្នេះ ពេលនេះអ្នកខ្លាំងត្រូវជួបជាមួយអ្នកខ្លាំងហើយ ។ មួយវិញទៀត ដារ័ត្ន គឺជាអ្នកប្រដាល់សាកលជម្រើសជាតិ រីឯ ចន្នី គឺជាអ្នកប្រដាល់ក្បាច់គុនបូរាណមួយដែលមានចិត្តធំ ពិសេសប្រសិនបើគេចាញ់ប្រៀបគូប្រកួតនោះគេមិនបាត់បង់ស្មារតីប្រកួតឡើយតែគេវ៉ៃប្ដូរតែម្ដងទោះបីមួយចានទឹក ឬ មួយចានគោកក៏គេប្ដូរដែរ ។ ចំពោះដារ័ត្ន វិញគេមានកណ្ដាប់ដៃល្អរហ័សគ្រាន់តែការវ៉ៃចេញរបស់គេមិនសូវធ្ងន់ប៉ុណ្ណោះ ។ ការប្រកួតកន្លងមកមានអ្នកប្រដាល់មិនតិចទេដែលបាត់បង់សមត្ថភាពប្រកួតដោយសារកណ្ដាប់ដៃរបស់គេ ។ ហេតុនេះតើ ឆន ចន្នី ឬ យ៉ុន ដារ័ត្ន ដែលត្រូវដើរចេញពីការប្រកួតនេះ ?

Sreang-Tithy-vs-Phat-Soda

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរកីឡាករ ស្រៀង ទិតធិ មកពីក្លិបសម្បត្តិគុនខ្មែរ នឹងជួបប្រកួតជាមួយអ្នកប្រដាល់ ផាត សូដា មកពីក្លិបអេភូថងកីឡា ។ កាលជុំទី១ ឬ វគ្គជម្រុះបឋមនោះអ្នកប្រដាល់ ស្រៀង ទិតធិប្រកួតឈ្នះអ្នកប្រដាល់ នួន សុជាតិ របស់ក្លិបកុលបុត្រគុនខ្មែរដោយពិន្ទុ ។ ចំពោះផាត សូដា វិញកាលប្រកួតជម្រុះជុំទី១ បានយកឈ្នះអ្នកប្រដាល់ ម៉ៅ រិទ្ធី ក្លិបពន្លឺ សាមគ្គីខេត្តបាត់ដំបងដោយពិន្ទុ ។ ដូច្នេះ ស្រៀង ទិតធិ និង ផាត សូដា សុទ្ធតែត្រូវការឈ្នះដូចគ្នា៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ