ក្តៅៗ ក្លឹបភ្នំពេញក្រោន ទទួលបានសិទ្ធិចូលរួម AFC Cup 2017 វិញហើយក្រោយឈ្នះបណ្តឹងនៅស្វីស

ភ្នំពេញ៖ យោងតាមការប្រកាសព័ត៌មានរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានឱ្យដឹងថា បន្ទាប់ពីបានរង់ចាំអស់រយៈពេលជាច្រើនខែរួចមក នៅទីបំផុតស្ថាប័ន Court of Arbitration for Sport (CAS) ដែលមានមូលដ្ឋាននៅប្រទេសស្វីសបានចេញសេចក្តីសម្រេចដោយអនុញ្ញាតិឱ្យក្លឹបជើងឯក ៦ សម័យកាលនេះបានក្លាយជាបេក្ខភាពពេញសិទ្ធិឡើងវិញដើម្បីចូលរួមក្នុងការប្រកួត AFC Cup 2017 ដោយត្រូវលេងនៅក្នុងវគ្គ Playoff Stage ដែលអាចនឹងធ្វើឡើងនៅអំឡុងខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ។
14022257_1780333138870853_8647415368097117791_n
គួររំលឹកថា កាលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានប្រកាសថា ក្លឹបភ្នំពេញក្រោន ត្រូវបានដកសិទ្ធិក្នុងការចូលរួមប្រកួតពានរង្វាន់  AFC Cup 2017 បើទោះបីជាក្លឹបនេះគឺជាជើងឯកលីកកំពូលនៃប្រទេសកម្ពុជាឆ្នាំ២០១៥ ក៏ដោយ។  យ៉ាងណាក៏ដោយ ក្រោយការប្រកាសនេះ ក្លឹបភ្នំពេញក្រោន បានធ្វើការប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC ទៅកាន់ស្ថាប័ន Court of Arbitration for Sport (CAS) កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ។
 13669106_1774739596096874_2780443296294192375_n
នៅទីបំផុត បន្ទាប់ពីឆ្លងកាត់ការពិនិត្យសេុីបអង្កេតយ៉ាងដិតដល់រួចមក ស្ថាប័ន CAS ដែលមានទីស្នាក់ការនៅទីក្រុង Lausanne ប្រទេសស្វីស បានចេញសេចក្តីសម្រេចមួយកាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ថ្មីៗនេះ ដោយបានច្រានចោលសេចក្តីសម្រេចរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC ហើយបានតម្រូវឲ្យ AFC ផ្តល់សិទ្ធិទៅឲ្យក្លឹបភ្នំពេញក្រោនជាផ្លូវការវិញដើម្បីចូលរួមក្នុងការប្រកួត AFC Cup 2017 ។
14051745_1780333042204196_8266831314850998427_n
គួររំលឹកថា សហព័ន្ធបាល់ទាត់អាស៊ីបានសម្រេចដកសិទ្ធិពីក្លឹបជើងឯកឆ្នាំចាស់ ភ្នំពេញក្រោនតាមរយៈសេចក្តីសម្រេចរបស់ខ្លួនកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅដោយសំអាងថា ក្លឹបជើងឯក ៦សម័យកាលនៃលីកកំពូលកម្ពុជានេះបានប្រព្រឹត្តិខុសទៅនឹងមាត្រា ៧៣.៦ នៃលក្ខន្តិកៈរបស់សហព័ន្ធបាល់ទាត់អាស៊ី (ដែលបានលើកឡើងថា ក្លឹបណាដែលមានការទាក់ទងក្នុងសកម្មភាពនៃការរៀបចំលទ្ធផលក្នុងការប្រកួតនឹងមិនត្រូវបានអនុញ្ញាត្តឱ្យចូលរួមក្នុងការប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីឡើយ)។ ដូច្នេះដើម្បីជាការជំនួសវិញ សហព័ន្ធបាល់ទាត់អាសុីបានសម្រេចឱ្យក្លឹបបាល់ទាត់ណាហ្គាវើលដែលជាជើងឯករងនៃលីកកំពូលកម្ពុជារដូវកាលឆ្នាំ២០១៥ បានក្លាយជាក្លឹបតំណាងឱ្យប្រទេសកម្ពុជាដើម្បីទៅចូលរួមប្រកួតក្នុងវគ្គជម្រុះជុំដំបូងពានរង្វាន់លំដាប់ទី២ប្រចាំទ្វីប AFC Cup 2017 ហើយនៅពេលនេះ ណាហ្គាក៏កំពុងតែស្ថិតនៅក្នុងប្រទេសម៉ុងហ្គោលីដើម្បីធ្វើការប្រកួតជម្រុះផងដែរ។
13892119_1778368562400644_5402389831272463916_n
យ៉ាងណាក៏ដោយ យោងតាមការបញ្ជាក់របស់មន្ត្រីក្លឹបភ្នំពេញក្រោនបានឱ្យដឹងថា  ក្រោយពីបានធ្វើការស៊ើបអង្កេតនិងបានរកឃើញថាមានកីឡាករ  និងមន្ត្រីក្លឹបមួយចំនួនដែលបានបង្កកំហុសនេះឡើង ដោយពួកគេបានប្រព្រឹត្តកំហុសដ៏ធ្ងន់ធ្ងរមួយពាក់ព័ន្ធនឹងការរៀបចំលទ្ធផលទុកជាមុន ពោលគឺពុំមែនជាកំហុសរបស់ក្លឹបទាំងមូលនោះទេ ហើយក្លឹបក៏បានផ្តល់ព័ត៌មានជូនដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីធ្វើការស៊ើបអង្កេតបន្ថែមទៀត ហើយជាលទ្ធផលគណៈកម្មាការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានដាក់ពិន័យលើមន្ត្រីរបស់ក្លឹបចំនួន ៤រូបតាមរយៈសេចក្តីសម្រេចចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ កន្លងទៅរួមទាំងកីឡាករមួយចំនួនទៀតខណៈដែលក្នុងចំនោមពួកគេទាំងនេះក៏កំពុងតែលេងឱ្យក្លឹបណាហ្គាផងដែរ៕
អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ