ប្រធានក្លឹបភ្នំពេញក្រោនប្ដេជ្ញាបន្ដរៀបចំកម្មវិធីសប្បុរសធម៌ដើម្បីរកប្រាក់ជួយមន្ទីរពេទ្យគន្ធបុប្ឋាថែមទៀត

ភ្នំពេញ៖ ថវិកាចំនួន ៦៨,៣១៧ដុល្លារ ដែលទទួលបានពីការរៀបចំកម្មវិធីប្រកួតបាល់ទាត់វ័យចំណាស់  LKC 8th IFC International Soccer 9s Tournament 2016 កាលពីចុងខែកក្កដាកន្លងទៅបូករួមទាំងទឹកប្រាក់ឧបត្ថម្ភផ្ទាល់ ១០០០០ ដុល្លារថែមទៀតរបស់ថ្នាក់ដឹកនាំនៃក្រុមហ៊ុន Good Luck Group ត្រូវបានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ឋាហើយនៅរសៀលថ្ងៃទី២៣ ខែសីហានេះ ក្រោមការដឹកនាំរបស់លោក ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន (PPCFC) ។

_MG_4421

ទន្ទឹមជាមួយគ្នានោះប្រធានក្លឹបបាល់ទាត់ដែលទទួលបានភាពជោគជ័យជាច្រើននៅក្នុងប្រទេសកម្ពុជារូបនេះបានប្ដេជ្ញាចិត្តថា នឹងបន្ដគៀងគរឲ្យមានការរៀបចំកម្មវិធីសប្បុរសធម៌ជាច្រើនទៀតដើម្បីស្វែងរកថវិកាជួយការងារសង្គម ពិសេសគឺផ្តល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ឋាតែម្ដង ។

_MG_4498

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កម្មវិធីប្រគល់ថវិកាខាងលើលោក ឬទ្ធី សំណាង បានឲ្យដឹងថា នេះជាលើកទី២ ហើយដែលក្លឹបភ្នំពេញក្រោន ទទួលបានសិទ្ធិរៀបចំកម្មវិធី LKC 8th IFC International Soccer 9s Tournament នៅរាជធានីភ្នំពេញ ក្នុងគោលបំណងស្វែងរកថវិកាជួយមន្ទីពេទ្យគន្ធបុប្ឋា ។ ប៉ុន្ដែអ្វីដែលលោកសប្បាយចិត្ដគឺកម្មវិធីនេះរកបានថវិការហូតដល់ទៅជិត ៧ម៉ឺនដុល្លារ លើសពីការរំពឹងទុក ខណៈកាលពីលើកទី១ ដែលរកបានត្រឹមជាង២ម៉ឺនដុល្លារប៉ុណ្ណោះ ។

_MG_4462

លោកបញ្ជាក់ថា ថវិកាទាំងនេះ គឺបានមកពីការចូលរួមរបស់កីឡាករជាង ៣០០នាក់ មកពី ៧ប្រទេសដែលចូលរួមក្នុងកម្មវិធីអន្ដរជាតិខាងលើ រួមទាំងការដាក់ឲ្យដេញថ្លៃអាវ ៣ប្រភេទ ក្នុងនោះមានអាវភ្នំពេញក្រោន ដែលមានហត្ថលេខាគ្រប់កីឡាករនៃក្លឹបភ្នំពេញក្រោន លក់បានតម្លៃ ៧.២០០ដុល្លារ, អាវក្លឹប Everton ដែលផ្ដល់ជូនមកក្លឹបភ្នំពេញក្រោន លក់បានតម្លៃ ១៨.០០០ដុល្លារ និងអាវនៃក្លឹប Real Mardrid មួយទៀត ដែលមានហត្ថលេខារបស់ខ្សែប្រយុទ្ធ Michael Owen នៃក្រុមជម្រើសជាតិអង់គ្លេស គឺលក់បាន ៣៨.០០០ដុល្លារ ។

_MG_4429

ដោយសារមើលឃើញពីការខ្វះខាត និងតម្រូវការចាំបាច់របស់មន្ទីរពេទ្យគន្ធបុប្ឋាលោក ឬទ្ធី សំណាង បានប្ដេជ្ញាចិត្តបន្ដរៀបចំកម្មវិធីសប្បុរសធម៌ជាច្រើនទៀត ដើម្បីបន្ដស្វែងរកមូលនិធិសម្រាប់ជួយមន្ទីរកុមារនេះហើយក៏បានអំពាវនាវដល់ក្រុមហ៊ុនដទៃឲ្យចូលរួមការងារសង្គមនេះទៀតផង ។ «នេះជាការចូលរួមចំណែកមួយ សម្រាប់ជួយពេទ្យគន្ធបុប្ឋាហើយកាលពីឆ្នាំមុនយើងក៏ធ្លាប់ធ្វើបានម្ដងដែរ តែបានចំនួន ២ម៉ឺនដុល្លារ ។ ប៉ុន្ដែយើងនឹងខំរកកម្មវិធីឲ្យច្រើនទៀតដើម្បីមកធ្វើជួយពេទ្យគន្ធបុប្ឋា ដែលជួបការខ្វះខាតជារៀងរាល់ថ្ងៃនេះ…។ យើងសង្ឃឹមថា អ្នកមានធនធានទាំងអស់នឹងអាចជួយបន្ដទៀត ដើម្បីជាការរួមចំណែកសម្រួល់ដល់ជីវភាពប្រជាពលរដ្ឋខ្មែរ ដែលកំពុងជួបការលំបាក…» ។

_MG_4442

ទន្ទឹមជាមួយការប្ដេជ្ញាចិត្តបែបនេះ ប្រធានក្លឹបភ្នំពេញក្រោនដដែល ក៏បានលើកឡើងផងដែរថា ការរៀបចំកម្មវិធិនានាអាចដំណើរការទៅបានអាស្រ័យលើមានអ្នកគាំទ្រ ។ ដូចគ្នានេះដែរ ក្លឹបភ្នំពេញក្រោនបានខិតខំគ្រប់បែបយ៉ាងដើម្បីជំរុញវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យរីកចម្រើន និងរួមចំណែកជួយដល់សង្គម អាស្រ័យហេតុនេះលោកបានស្នើឲ្យប្រជាពលរដ្ឋពិសេសមិត្តៗយុវជន ចូលរួមគាំទ្រក្លឹបឲ្យបានច្រើន ដើម្បីបន្ដនិរន្ដភាពរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដូចជាការគៀងគររៀបចំកម្មវិធីអន្ដរជាតិដើម្បីស្វែងរកថវិកាជួយដល់សកម្មភាពមនុស្សធម៌ដូចជាមន្ទីរពេទ្យគន្ធបុប្ឋានេះជាដើម ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ