អស់ទាស់! ពាន KMH Champions League រដូវកាលថ្មីមានប្រាក់រង្វាន់ជិត ២ម៉ឺនដុល្លារ

ភ្នំពេញ៖ ពានរង្វាន់បាល់ទាត់ KMH Champions League រដូវកាលទី២បានប្រកាសទទួលពាក្យក្រុមចូលរួមប្រកួតដណ្ដើមតំណែងជើងឯកជាថ្មីទៀតហើយ ជាមួយនឹងការរៀបចំកាន់តែអស្ចារ្យជាងមុនបន្ទាប់ពីម្ចាស់ពានលោក កាំង សេន បានប្រកាសដំឡើងប្រាក់រង្វាន់សរុបរហូតដល់ទៅជិត ២ម៉ឺនដុល្លារឯណោះ ។ នេះបើយោងតាមសម្ដីលោក កាំង សេន ស្ថាបនិកបង្កើតពាននេះ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញ ។

IMG_0920

នៅចំពោះមុខអ្នកសារព័ត៌មាន និងតំណាងក្រុមចូលរួមមួយចំនួនលោក កាំង សេន បាននិយាយថា ការប្រកួតលើកនេះនឹងមានការផ្លាស់ប្ដូរមួយចំនួន ដើម្បីជំរុញឲ្យមានការចូលរួមកាន់តែច្រើន ពិសេសគឺការដំឡើងប្រាក់រង្វាន់ជ័យលាភីតែម្ដង ។ លោកថា៖ «ការប្រកួតពាន KMH Champions League រដូវកាលទី២នេះ ប្រាក់រង្វាន់នឹងមានការកើនឡើងទ្វេដើម្បីជំរុញឲ្យមានការចាប់អារម្មណ៍ និងមានការចូលរួមច្រើន ពិសេសគឺយើងចង់លើកទឹកចិត្តឲ្យក្រុមនីមួយៗ ខិតខំប្រកួតអស់ពីសមត្ថភាពដើម្បីឆ្លើយតបការគាំទ្រ និងទស្សនារបស់មហាជន» ។

14045935_1098399943580889_6048454584564411749_n

ចំពោះប្រាក់រង្វាន់ជ័យលាភី រួមមានក្រុមក្លាយជាម្ចាស់ពាន KMH Champions League គឺទទួលបានប្រាក់រង្វាន់ ៨.០០០ដុល្លារ(រដូវកាលទី១ ៣.០០០ដុល្លារ) លេខ២ ទទួលបាន ៤.០០០ដុល្លារ លេខ៣ ទទួលបាន ២.០០០ដុល្លារ និងលេខ៤ទទួលបាន ១.០០០ដុល្លារ ។ ចំណែកក្រុម Fair-Play ទទួលបាន ៥០០ដុល្លារ, អ្នកចាំទីល្អ ៣០០ដុល្លារ, អ្នកទាត់ចូលទីច្រើនជាងគេ ៣០០ដុល្លារ និងគ្រូបង្វឹកល្អ ៣០០ដុល្លារ ។ ប៉ុន្ដែចំពោះក្រុមធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ ក្នុងមួយក្រុមទទួលបាន ៤០០ដុល្លារខណៈក្រុមធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ ក្នុងមួយក្រុមក៏ទទួលបានថវិកាលើកទឹកចិត្ត ២០០ដុល្លារ ដែលជាសរុបជាសាច់ប្រាក់ គឺចំនួន១៩.៣០០ដុល្លារឯណោះ ។

Untitled14

លោក កាំង សេន បានបន្ថែមថា ក្រៅពីធ្វើកំណែទម្រង់ប្រាក់រង្វាន់ លក្ខខណ្ឌចូលរួមប្រកួតនៃក្រុមនីមួយៗ ក៏មានការផ្លាស់ប្ដូរដែរដោយក្រុមនីមួយៗអនុញ្ញាតឲ្យមានកីឡាករអាជីព ២រូប និងកីឡាករបរទេស ៤រូបចូលរួម ហើយមានរហូតដល់ទៅ ៣២ក្រុមចូលរួម ។ ប៉ុន្ដែក្នុងចំណោម ៣២ក្រុមនេះ គឺមាន ១៦ក្រុមជាជើងឯកតាមបណ្ដាពានមិនអាជីពនានា កំពុងអង្គុយចាំនៅជុំផ្ដាច់ព្រ័ត្រ ហើយ ១៦ក្រុមទៀត ត្រូវឆ្លងកាត់ប្រកួតជម្រុះសិន តែការប្រកួតជម្រុះនេះ គឺបើកឲ្យមានការចូលរួមដោយសេរី ដោយចាប់ទទួលពាក្យពីពេលនេះរហូតដល់ថ្ងៃទី២២ ខែកញ្ញាខាងមុខ ។ រីឯការប្រកួតធ្វើឡើងនៅលើទីលាន ២ផ្សេងគ្នា គឺទីលាន KMH និងកីឡដ្ឋានវេស្ទើនហើយក៏មានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ PNN ផងដែរ ។

11111111

លោក កាំង សេន បានបញ្ជាក់ថ្មីថា ការបង្កើតពាននេះ គឺមិនមែនចង់បានផលចំណេញអ្វីឡើយក្រៅពីចង់រួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជា និងផ្ដល់ឱកាសឲ្យកីឡាករមិនអាជីពបានបញ្ចេញសមត្ថភាព ។ អ្វីដែលសំខាន់គឺលោករៀបចំពាននេះ ដើម្បីប្រមូលថវិការសប្បុរសធម៌ជួយដល់សង្គម ជាក់ស្ដែងកាលពីពេលថ្មីៗកន្លងទៅលោកក៏បាននាំយកថវិកាទទួលបានពីការរៀបចំ រដូវកាលទី១ ចំនួនជាង ១៥,០០០ដុល្លារ ទៅប្រគល់ជូនមន្ទីពេទ្យគន្ធបុប្ឋាជាដើម ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ