អត្តពលិកជាង ៥០០០នាក់ ដែលត្រូវប្រកួតកីឡាជាតិលើកទី១នៅកម្ពុជា នឹងត្រូវចុះឈ្មោះតាមប្រព័ន្ធអេឡិចត្រូនិច

ភ្នំពេញ៖ ខណៈដែលនៅសល់តែប្រមាណជា ២ខែទៀតតែប៉ុណ្ណោះព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១ នៅក្នុងប្រទេសកម្ពុជានឹងត្រូវចាប់ផ្តើមហើយ ជាមួយគ្នានេះដែរដោយស្របទៅតាមការវិវត្តន៍នៃសម័យកាលនោះ គណៈកម្មការរៀបចំការប្រកួតបានសម្រេចផ្លាស់ប្តូរនីតិវិធីនៃការចុះឈ្មោះកីឡាករ កីឡាការិនី ដែលត្រូវចូលរួមដោយតម្រូវឱ្យពួកគេធ្វើការចុះឈ្មោះតាមរយៈប្រព័ន្ធអេឡិត្រូនិចជំនួសឱ្យការធ្វើដំណើរមកចុះនៅភ្នំពេញដែលនាំឱ្យមានការខាតបង់ពេលវេលា ថវិកា និងមានភាពយឺតយ៉ាវនោះ។

14067904_882364971867720_6358393622718856978_o

ដើម្បីសម្រួលចំពោះការអនុវត្តវិធីសាស្ត្រថ្មីនេះថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកីឡា បានធ្វើការអញ្ជើញតំណាងនៃរាជធានី-ខេត្តចំនួន ២៥ រួមជាមួយសហព័ន្ធកីឡាជាតិទាំង១៤ និងក្រសួង ២ មកសិក្សាស្វែងយល់ពីវិធីចុះឈ្មោះកាលពីថ្ងៃទី១៨ ខែសីហា ក្រោមការដឹកនាំរបស់ឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា ឯកឧត្តម ព្រំ ប៊ុណ្ណយី និងលោកហ៊ុន សាមុត ផងដែរ។ ឯកឧត្តមអ៊ុក សិទ្ធិជាតិ បានបញ្ជាក់ថាសម្រាប់យុគសម័យនេះការចុះឈ្មោះចូលរួមប្រកួតគេលែងធ្វើតាមរបៀបជិះឡានពីខេត្តមកដាក់ពាក្យនៅគណៈកម្មការទទួលពាក្យនៅភ្នំពេញហើយព្រោះវាអស់សោហ៊ុយច្រើន និង ខាតពេលវេលាពោលគឺគេធ្វើតាមប្រព័ន្ធសារអេឡិចត្រូនិកតែម្ដង ។

13962968_882376531866564_3813944532756172754_o

សូមបញ្ជាក់ថា គណៈកម្មការរៀបចំការប្រកួតកីឡាជាតិគឺជាការសហការគ្នារវាងក្រសួងអប់រំយុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមជាមួយសហព័ន្ធកីឡាជាតិទាំង ១៤ដែលមានឈ្មោះក្នុងការប្រកួត ហើយសហព័ន្ធជាតិទាំង១៤ ក៏ជាអ្នកទទួលខុសត្រូវរៀបចំបទបញ្ជារួម និងបទបញ្ជាបច្ចេកទេសក្នុងការប្រកួតដែរ ។ គិតមកទល់ពេលនេះក្រុមដែលបានចុះឈ្មោះចូលរួមប្រកួតមានបាល់ទាត់បុរស ២៤ក្រុម នារី១០ក្រុម ។ បាល់ទះបុរស ១៩ក្រុម នារី ១១ក្រុម បាល់ទះឆ្នេរខ្សាច់ ៧ក្រុម។ បាល់បោះបុរស ១៤ក្រុម នារី៨ ក្រុម ។ អត្តពលកម្មបុរសមាន ២៤ក្រុម នារី ២៣ក្រុម ។ ប្រភេទកីឡាប៉េតង់បុរសមាន១០ក្រុម នារីមាន ៩ក្រុម ។ ប្រភេទកីឡាវាយសីបុរសមាន ១២ក្រុម នារីមាន ៨ក្រុម ។ ប្រភេទកីឡាវាយកូនបាល់បុរសមាន ៧ក្រុម នារីមាន ៥ក្រុម ។ កីឡាវាយកូនឃ្លីលើតុបុរសមាន ៧ក្រុម នារីមាន៤ក្រុម ។ កីឡាចំបាប់បុរសមាន ៥ក្រុមនារីមាន ៤ ក្រុម ។ តេក្វាន់ដូ W.T.F បុរសមាន ៧ក្រុមនារីមាន ៧ ក្រុម ។ ហែលទឹកបុរសមាន ៤ក្រុមនារីមាន ៤ ក្រុម ។ ល្បុក្កតោបុរសមាន ៤ក្រុម នារីមាន ៤ក្រុម។ កាយសម្ព័ន្ធបុរសមាន ៤ក្រុមនារី ៤ក្រុម ។ប្រដាល់ក្បាច់គុនបូរាណខ្មែរបុរសមាន ១៧ក្រុម នារីមាន៧ក្រុម និង ប្រដាល់សាកលបុរសមាន ១៦ក្រុមនារីមាន ៥ក្រុម ដូច្នេះសរុបទាំងអស់មាន២ ៩៥ក្រុមដែលបានចុះឈ្មោះចូលរួមប្រកួតរួចហើយ៕

13988135_882376528533231_3812624244767297014_o

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ