ថៃលើកពាន BIDC-Cup ក្នុងទឹកដីកម្ពុជា

BIDC Cup

BIDC cup 2013

ប្រទេសថៃ បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ BIDC-Cup លើកទី៣ នៅលើទឹកដីកម្ពុជា ក្នុងពេលដែលម្ចាស់ផ្ទះ ធ្លាក់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងមិនស្ងប់ចិត្ត។
ព្រឹត្តិការណ៍ BIDC-Cup ដែលមានឈ្មោះពេញថា Mekong Region Youth U-23 International Tournament BIDC-Cup ត្រូវបានធ្វើឡើងពីថ្ងៃទី២-១០ ខែវិច្ឆិកា ដោយមានប្រទេសចំនួន៦ ចូលរួម តែលើកនេះប្រទេសចិនមិនបានចូលរួមឡើយ ជំនួសមកវិញដោយប្រទេសម៉ាឡេស៊ី។ ការប្រកួតត្រូវចែកចេញជា ២ពូល គឺពូល A មានថៃ វៀតណាម និងមីយ៉ាន់ម៉ា។ ពូល B មានកម្ពុជា ម៉ាឡេស៊ី និងឡាវ។
ក្នុងការប្រកួតផ្ដាច់ព្រ័ត្រនាយប់ថ្ងៃទី១០ ខែតុលា ក្រុមថៃជើងឯករងលើកទី២ (ឆ្នាំ២០១១) បានប្រកួតឈ្នះក្រុមមីយ៉ាន់ម៉ាម្ចាស់ជើងឯកឆ្នាំ២០១១ ក្នុងលទ្ធផល ២ ទល់ ០។ គួរបញ្ជាក់ថា កាលពីជួបគ្នានៅក្នុងពូលថៃឈ្នះមីយ៉ាន់ម៉ា ៣ ទល់ ១។ នេះអាចនិយាយបានថា ក្រុមថៃ បានធ្វើការសងសឹកបានសម្រេចទៅលើមីយ៉ាន់ម៉ា ដែលកាលពីឆ្នាំ២០១១ ខ្លួនបានត្រឹមជើងឯករងប៉ុណ្ណោះ ដោយរុញមីយ៉ាន់ម៉ាឲ្យធ្លាក់មកកាន់កាប់តំណែងជាជើងឯករងវិញម្ដង។
ដោយឡែកនៅក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលត្រូវជួបគ្នារវាងក្រុមកម្ពុជា លេខ២ ពូល B និងក្រុមថៃលេខ១ ពូល A ដែលមានរយៈពេលដល់ទៅ ១២០នាទី នោះក្រុមម្ចាស់ផ្ទះកម្ពុជាប្រកួតចាញ់ថៃ១ ទល់២ ទាំងអារម្មណ៍មិនស្ង់បចិត្ត។
លេងក្នុងតង់ទី១ ក្រុមទាំងពីរបានត្រឹមស្នើគ្នាប៉ុណ្ណោះ ០ ទល់ ០ ហើយមកដល់តង់ទី២ ថៃរកបានមួយគ្រាប់មុន នៅនាទី៧៦ ដោយកីឡាករលេខ៩ Jirawut Saranan។ រៀបតែបញ្ចប់តង់ទី២ទៅហើយ ពោលគឺនៅនាទី៨៥ រស់ សំអឿន លេខ១៥ របស់កម្ពុជាបានទាមទារយកស្មើវិញ។ លទ្ធផល១ស្នើនេះ នៅរក្សារហូតដល់ ៩០នាទីបញ្ចប់ការប្រកួត ដោយតម្រូវឲ្យអាជ្ញាកណ្ដាល ជនជាតិឡាវ លោក Xayhaseut Phongsanit បន្តការប្រកួតរយៈពេល១៥នាទី ២ដង បន្ថែមទៀតដើម្បីរកឈ្នះ-ចាញ់។ ១៥ នាទី នៃម៉ោងបន្ថែមលើកទី១ លទ្ធផលនៅរក្សាស្មើគ្នាដដែល តែ១៥នាទី នៃម៉ោងបន្ថែមលើកទី២ គឺនាទី១១៣ លេខ១៩ របស់ថៃឈ្មោះ Anon Sanmad រកបានមួយគ្រាប់ឲ្យថៃ ដែលមួយគ្រាប់នេះជាគ្រាប់បាល់ជ័យជំនះសម្រាប់ថៃលើកពាន។
ចំពោះក្រុមជើងឯកពានរង្វាន់ BIDC-Cup ទទួលបានពានរង្វាន់ និងថវិកាចំនួន ២០.០០០ដុល្លារអាមេរិក ចំណែកឯក្រុមជើងឯករងទទួលបានថវិកាចំនួន ១០.០០០ដុល្លារអាមេរិក។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះរង្វាន់មានត្រឹមតែក្រុមចំណាត់ថ្នាក់លេខ១ និង លេខ២ ប៉ុណ្ណោះ។ នៅក្នុងការប្រកួតនេះ អ្នកទាត់បាល់ចូលទីច្រើនជាងគេ បានទៅកីឡាករឡាវឈ្មោះ Khonesavanh Sihavong ពាក់អាវលេខ៧។ អ្នកចាំទីល្អ បានទៅអ្នកចាំទីពាក់អាវលេខ១ របស់ថៃឈ្មោះ Tossaporn Srirueng និងកីឡាករដែលលេងល្អជាងគេបានទៅកីឡាករពាក់អាវលេខ ៩ របស់ថៃឈ្មោះ Jirawut Saranan ដែលអ្នកទាំងបីនាក់នេះ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តក្នុងម្នាក់ៗ ១.០០០ដុល្លារដូចៗគ្នា៕

មតិយោបល់

Sponsor

អត្ថបទថ្មីៗ