ក្រោយទស្សនិកជនព្រមានគប់ដបទឹកជាញឹកញាប់រួចមក សហព័ន្ធប្រដាល់ សម្រេចបង្កើតយន្តការដោះស្រាយភាពអសកម្មរបស់ខ្លួន

ភ្នំពេញ៖ តាមការសង្កេតឃើញថា នៅក្នុងវិស័យកីឡាប្រដាល់មួយរយៈពេលនេះមានកើតឡើងនូវបញ្ហាមិនល្អមួយចំនួនដែលបង្កឡើងដោយមន្ត្រីដែលទទួលបន្ទុកខាងយុត្តិធម៌ដែលក្នុងនោះមានអាជ្ញាកណ្ដាល ចៅក្រម ប្រធានគណៈវិនិច្ឆ័យ និង ស្នងការប្រកួត ជាដើម។ ជាពិសេសប្រធានគណៈវិនិច្ឆ័យមួយចំនួនបែរជាថ្លើមធំហ៊ានប្ដូរលទ្ធផលហើយគេមិនដឹងថាពួកគេធ្វើបែបនេះដើម្បីផលប្រយោជន៍អ្វីឱ្យប្រាកដនោះឡើយ។ ដូច្នេះដើម្បីដោះស្រាយបញ្ហាទាំងនេះថ្នាក់ដឹកនាំនៃសហព័ន្ធកីឡាប្រដាល់បានសម្រេចបង្កើតឡើងនូវក្រុមប្រឹក្សាវិន័យមួយដើម្បីដោះស្រាយវិវាទ ក៏ដូចជាភាពមិនប្រក្រតីណាមួយ។ជាមួយគ្នានេះដែរ ឯកឧត្តមឧត្តមសេនីយ៍វ៉ា ស៊ិនភិរម្យ អនុប្រធានទី១ សហព័ន្ធប្រដាល់ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាវិន័យនេះ ។

photo_2017-08-16_15-20-05 [800x600]

ក្នុងពិធីប្រគល់លិខិតតែងតាំងនាព្រឹកថ្ងៃទី១៧ ខែសីហានេះ ឯកឧត្តមឧត្តមសេនីយ៍ឯក តែម ម៉ឺន ដែលជាប្រធានបានមានប្រសាសន៍ថា នេះជារបៀបពង្រឹងសមត្ថភាពការងាររបស់សហព័ន្ធ និងលុបបំបាត់នូវភាពមិនប្រក្រតីនានានៅពេលអនុវត្តការងារ ។ ក្រុមប្រឹក្សាវិន័យនេះមានឯកឧត្តមឧត្តមសេនីយ៍វ៉ា ស៊ិនភិរម្យ ជាប្រធាន លោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េន ជាអនុប្រធាន និងឧត្តមសេនីយ៍និន ភិរម្យ ជាអនុប្រធានដោយបានបែងចែកជាអនុគណៈកម្មការផ្សេងៗមួយចំនួនទៀតដែលទទួលបន្ទុកការប្រកួតតាមស្ថានីយ៍ទូរទស្សន៍នានាដូចជាលោក ឯម ហៀងទទួលបន្ទុកការប្រកួតសម្រាប់ទូរទស្សន៍ PNN និង NTV និងការប្រកួតតាមបណ្ដាខេត្តមួយចំនួន ។ លោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េន ទទួលបន្ទុកការប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍ អប្សរា TV5 និង បណ្ដាខេត្តមួយចំនួន ។ ឧត្តមសេនីយ៍និន ភិរម្យ ទទួលបន្ទុកការប្រកួតនៅសង្វៀនបាយ័ន CTN និង CNC ព្រមទាំងការប្រកួតនៅតាមបណ្ដាខេត្តមួយចំនួន ។

photo_2016-08-16_13-35-05

លោកវ៉ា ស៊ិនភិរម្យ ដែលទើបបានទទួលការតែងតាំងថ្មីនោះបានសន្យាថា លោកនឹងព្យាយាមធ្វើឲ្យមានភាពប្រក្រតីក្នុងសហព័ន្ធ ទប់ស្កាត់នូវភាពមិនប្រក្រតី និងព្យាយាមដោះស្រាយឲ្យបានលឿនបំផុតនូវរាល់បាតុភាពនានាដើម្បីពង្រឹងភាពយុត្តិធម៌ក្នុងការប្រកួត ព្រោះការបង្កើតក្រុមប្រឹក្សាវិន័យនេះឡើងគឺដើម្បីជាការលាងសម្អាតខ្លួនក្នុងខណៈដែលមានការប្រកួតជាច្រើនដែលមានការសម្រេចផ្ទុយរបស់ប្រធានគណៈវិនិច្ឆ័យទៅនឹងការសម្រេចរបស់ចៅក្រមទាំង ៥ ។ ជាពិសេសមួយរយៈចុងក្រោយនេះដោយសារតែភាពមិនប្រក្រតីក្នុងការកាត់ក្ដី ឬ ក្នុងការសម្រេចរបស់ប្រធានគណៈវិនិច្ឆ័យទើបបានធ្វើឲ្យអ្នកទស្សនាគប់ដបទឹកសុទ្ធមកលើសង្វៀនជាញឹកញាប់ ។ ដូច្នេះ ចាំមើលថាតើបន្ទាប់ពីមានក្រុមប្រឹក្សាវិន័យនេះហើយការបំពេញការងារសុក្រឹតជាងមុន ឬ យ៉ាងណា ? ហើយសង្ឃឹមថា ទណ្ឌកម្មនឹងកើតមានចំពោះជនគ្រប់រូបដែលប្រព្រឹត្តខុសមិនមែនតែសម្រាប់បុគ្គលដែលមានឋានៈតូចតាចនោះឡើយ៕

photo_2016-08-14_06-03-59 [800x600]

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ