MCL ល្ងាចនេះ វេស្ទើន ទទួលណាហ្គា រីឯបឹងកេតអង្គរ ស្វាគមន៍បៀលប្រាយ ហើយស្វាយរៀង ជួបប៉ូលីស

សម្រាប់ការប្រកួតនាល្ងាចនេះ ក្នុងកម្មវិធីមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៥  មានការប្រកួតចំនួនបីគូ ដែលសុទ្ធតែក្រុមខ្លាំង ក្នុងនោះ ក្រុមវេស្ទើន ដែលស្ថិតនៅលេខ៥ ក្នុងតារាងពិន្ទុគិតត្រឹមសប្តាហ៍ទី៥នៃការប្រកួត បានបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលក្រុមណាហ្គាវើល​ ដែលស្ថិតនៅលេខ៣ ក្នុងតារាងពិន្ទុគិតត្រឹមសប្តាហ៍ទី៥ដូចគ្នា។ ចំពោះក្រុមណាហ្គាវើលក្នុងចំណោម៤ប្រកួតរបស់ខ្លួន ឈ្នះ៣ និងចាញ់១ម្តង ក្រោមថ្វីជើងរបស់ក្លឹបភ្នំពេញក្រោន ចំណែកក្រុមវេស្ទើន ដែលទើបតែសម្ភោធកីឡដ្ឋានរបស់ខ្លួនឯណោះវិញ ក្នុង៤ប្រកួត ឈ្នះ២ ចាញ់១ និងស្មើ១។ ការប្រកួតចុងក្រោយយកឈ្នះក្រុមស្វាយរៀង នៅទឹកដីរបស់ស្វាយរៀងក្នុងលទ្ធផល ១-០។

5

(វេស្ទើន(ស) នាការប្រកួតជាមួយបៀលប្រាយ)

ងាកទៅមើលក្លឹបឈរនៅលេខ២ក្នុងតារាងបណ្តោះអាសន្ន បឹងកេតអង្គរ ត្រូវបើកទ្វារកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ស្តាតចាស់ ទទួលស្វាគមន៍ក្រុមមិនដែលចាញ់ បៀលប្រាយ យូណាយធីត។ សម្រាប់ក្រុមទាំងពីរនេះសុទ្ធតែមិនដែលស្គាល់ រសជាតិចាញ់នោះទេ ពោលក្រុមបឹងកេតអង្គរ ៤ប្រកួត ឈ្នះ៣ និងស្មើ១ ឯបៀលប្រាយ យូណាយធីត ៤ប្រកួត ឈ្នះ២ និងស្មើ២ ឈរនៅលេខ៤។

9

(បឹងកេត(ស) អំឡុងការប្រកួតជាមួយភ្នំពេញក្រោន)

ចំណែកឯមួយគូទៀត ក្រុមស្វាយរៀង ជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៥ ត្រូវជួបនឹង ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅកីឡដ្ឋានស្វាយរៀងរបស់ខ្លួន។ ក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីកឆ្នាំនេះ ក្រុមស្វាយរៀងហាក់ធ្វើមិនបានល្អទាល់តែសោះ ពោល៤ប្រកួតរបស់ខ្លួន ឈ្នះ១ ស្មើ១ និងចាញ់២ ការប្រកួតចុងក្រោយចាញ់ វេស្ទើន ក្នុងលទ្ធផល ១-០ ក្នុងទឹឹកដីរបស់ខ្លួន ក្រុមនេះឈរលេខរៀងទី៨ ត្រឹមសប្តាហ៍ទី៥។

រង់ចាំមើលថា តើក្រុមណាហ្គាអាចធ្វើព្យុះធ្វើភ្លៀងនៅកីឡដ្ឋានវេស្ទើន ដើម្បីយក៣ពិន្ទុដែររឺទេ? ចុះក្រុមមិនដែលចាញ់ទាំងពីរ តើក្រុមមួយណាដែលរក្សាបាននូវពាក្យថា”មិនដែលចាញ់” ហើយក្រុមបឹងកេតអង្គរ អាចយកបាន៣ពិន្ទុ ដើម្បីឡើងមក ឈរនៅកំពូលតារាងបានដែរអត់? ចំណែកឯ ស្វាយរៀងអាចស្តារមុខមាត់ខ្លួនលើទឹកដីរបស់ខ្លួនបានរឺយ៉ាងណា?

ចុះសម្រាប់ប្រិយមិត្តជាអ្នកគាំទ្រក្រុមមួយណាដែរ! 

ម៉ោង១៥:៣០ វេស្ទើន Vs ណាហ្គាវើល កីឡដ្ឋានWestern
ម៉ោង១៥:៣០ បឹងកេតអង្គរ Vs បៀលប្រាយ យូណាយធីត ស្តាតចាស់
ម៉ោង១៥:៣០ ស្វាយរៀង Vs អគ្គស្នងការដ្ឋាននគរបាលជាតិ បាទី

អត្ថបទ៖ បារាំង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ