ជៀស ស្រួច ចូលរៀនវគ្គបណ្តុះបណ្តាលចៅក្រម និងអាជ្ញាកណ្តលរបស់សហព័ន្ធប្រដាល់ព្រឹកមិញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហានេះ សហព័ន្ធកីឡាប្រដាល់បានបើកជាផ្លូវការវគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាលប្រដាល់ដោយមានសិក្ខាកាមចំនួន១១៧នាក់ ចូលរួម ហើយនេះជាវគ្គបឋមដែលសិក្សាលម្អិតទៅច្បាប់ប្រកួត បទបញ្ជាប្រកួត តួនាទីអាជ្ញាកណ្ដាល ចៅក្រម ការថ្លឹងទម្ងន់ តួនាទីអ្នកឲ្យទឹក អ្នករៀបចំខ្លួនកីឡាករ ក៏ដូចជាតួនាទីភារកិច្ចរបស់អាជ្ញាកណ្ដាល ចៅក្រម មុនពេលប្រកួត ពេលកំពុងប្រកួត និង ក្រោយពេលប្រកួតជាដើម ក្នុងគោលដៅដើម្បីពង្រឹងសមត្ថភាពរបស់ចៅក្រម អាជ្ញាកណ្ដាលនៃក្បាច់គុនបូរាណខ្មែរ ។ អ្វីដែលគួរឱ្យកត់នោះគឺ គេសង្កេតឃើញថាអ្នកប្រដាល់ជើងចាស់ដូចជាជៀស ស្រួច ដែលជាអ្នកប្រដាល់ជំនាន់អេភូថងហើយបាត់មុខរាប់ឆ្នាំទៅហើយនោះ ព្រមទាំងអ្នកប្រដាល់ឡៅ ស៊ីណាត ដែលបានបាក់ជើងដោយសារប្រកួតជាមួយថៃកាលពីប៉ុន្មានខែមុននោះក៏បានមកចូលរៀនវគ្គនេះដែរ ។

photo_2016-08-15_10-01-07 [800x600]

ឯកឧត្តមឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាបានមានប្រសាសន៍ថា អ្នកប្រដាល់ដែលវ៉ៃលែងកើតបើគេចង់បន្តអាជីពជាមួយប្រដាល់ទៀតនោះសហព័ន្ធផ្ដល់ឱកាសឲ្យគេមករៀនដើម្បីបានក្លាយខ្លួនជាអាជ្ញាកណ្ដាលឬចៅក្រមបាន ។ ប្រធានសហព័ន្ធប្រដាល់រូបនេះក៏អះអាងដែរថា សហព័ន្ធមិនបោះបង់នរណាចោលឡើយព្រោះគេជាអ្នកប្រដាល់ជើងចាស់ហេតុនេះយើងត្រូវតែជួយគេ ។

photo_2016-08-15_10-15-14 [800x600]

សូមបញ្ជាក់ថា វគ្គនេះឧទ្ទេសនាមដោយលោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េន អនុប្រធានសហព័ន្ធប្រដាល់ទទួលបន្ទុកបច្ចេកទេស លោកម៉ិល កាដូ អគ្គលេខាធិការសហព័ន្ធប្រដាល់ និងលោករាជ សុផែន ប្រធានអនុគណៈកម្មការវិន័យរបស់សហព័ន្ធប្រដាល់ផងដែរ ។ សម្រាប់អ្នកដែលសិក្សានៅវគ្គនេះនឹងបានទទួលវិញ្ញាបនបត្រដែលមានតម្លៃសម្រាប់ចូលរួមបំពេញការងារនៅក្នុងការប្រកួតកីឡាថ្នាក់ជាតិ (National Games) ។ ជាងនេះទៅទៀត បើតាមការឲ្យដឹងបន្ថែមនោះ គឺនៅដើមខែតុលាខាងមុខនេះសហព័ន្ធមានគម្រោងស្នើសុំទៅសហព័ន្ធប្រដាល់អន្តរជាតិឲ្យជួយបើកវគ្គសម្រាប់អាជ្ញាកណ្ដាល ចៅក្រមដល់កម្ពុជាដើម្បីត្រៀមសម្រាប់ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ SEA Games នោះ៕

photo_2016-08-15_10-00-47 [800x600]

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ