ចាន់ វឌ្ឍនាកា នាំមុខ Choe Myong Ho ៦គ្រាប់ បន្ទាប់ពីធ្វើបាន Hat-Trick យប់មិញ

ភ្នំពេញ៖ អតីតម្ចាស់ស្បែកជើងមាសឆ្នាំចាស់ ចាន់ វឌ្ឍនាកា បាននឹងកំពុងធ្វើដំណើរឆ្ពោះគ្រងតំណែងពាននេះជាថ្មីម្ដងទៀតហើយបន្ទាប់ពីធ្វើបាន Hat-TricK ៣គ្រាប់ម្នាក់ឯង ដើម្បីជួយក្រុមបឹងកេតអង្គរ យកឈ្នះក្រុមភ្នំពេញក្រោន ៣-២ កាលពីយប់មិញដើម្បីបន្ដនាំមុខកីឡាករកូរ៉េខាងជើង Choe Myong Ho ខ្សែប្រយុទ្ធរបស់ក្រុមក្រសួងការពារជាតិនៅតារាងបញ្ជីឈ្មោះអ្នកស៊ុតចូលទីច្រើនជាងគេ(Top Scorer) នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រដូវកាលថ្មីនេះ ។

_MG_3812

សរុបគ្រាប់បាល់របស់ ចាន់ វឌ្ឍនាកា បន្ទាប់ពីឆ្លងកាត់ការប្រកួត ១៦សប្ដាហ៍កន្លងទៅ គឺរកបាន ២២គ្រាប់ហើយ ពោលគឺនាំមុខ ៦គ្រាប់លើកីឡាករ Choe Myong Ho ដែលទើបរកបាន ១៦គ្រាប់ បន្ទាប់ពីខ្សែប្រយុទ្ធមានរហស្សនាម Ronaldo កូរ៉េខាងជើងរូបនេះខកខានរកបានគ្រាប់បាល់បន្ថែមក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ ។ ប៉ុន្ដែទោះជាយ៉ាងណាកីឡាករឆ្នើមទាំងពីររូបក៏នៅមានឱកាសជួយក្រុម ២ប្រកួតទៀត ដើម្បីស្វែងរកគ្រាប់បន្ថែមទៀតផងដែរ ។

_MG_3665

គួរបញ្ជាក់ថា នៅក្នុងចំណោមគ្រាប់បាល់ទាំង ២២គ្រាប់របស់កីឡាករ ចាន់ វឌ្ឍនាកា បានទាត់ចូលទីគូប្រកួតចំនួន ១៣គ្រាប់កាលពីជុំទី១ខណៈ ៥គ្រាប់ទៀត បានកើតឡើងនៅដើមជុំទី២នេះ ។ ជុំទី១ រួមមានម្ចាស់ស្បែកជើងមាសឆ្នាំចាស់នេះបានទាត់ចូលទីក្រុមព្រះខ័នរាជស្វាយរៀង ៣គ្រាប់ ស៊ីម៉ាក់ ៣គ្រាប់ អាស៊ីអឺរ៉ុប ២គ្រាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ ២គ្រាប់ខេមបូឌានថាយហ្គឺរ ១គ្រាប់ វេស្ទើនភ្នំពេញ ១គ្រាប់ និងក្រុមណាហ្គាវើល ១គ្រាប់ ។ ដោយឡែកជុំទី២ បើកឆាក ចាន់ វឌ្ឍនាកា បានទាត់ចូលទីក្រុមអាស៊ីអឺរ៉ុប ២គ្រាប់ ស៊ីម៉ាក់ ៣គ្រាប់ ខេមបូឌានថាយហ្គឺរ ១គ្រាប់និងកាលពីយប់មិញបានទាត់ចូលក្រុមភ្នំពេញក្រោន ៣គ្រាប់ ។ សរុបមកគេធ្លាប់ធ្វើបាន Hat-Trick ចំនួន ៤លើកដោយបំប៉ោងសំណាញ់ទីគូប្រកួត ៣គ្រាប់ម្នាក់ឯងក្នុងមួយប្រកួត ។ ក្រៅពីកីឡាករ ២រូបខាងលើ ដែលជាដៃគូប្រជែងក្នុងតារាង TopScorer គេសង្កេតឃើញកីឡាករមួយចំនួន ក៏តាមពីក្រោយដែរ ដូចជាកីឡាករ Tomoki Muramatsu របស់ខេមបូឌានថាយហ្គឺររកបាន ១៣គ្រាប់, កីឡាករ Kipson របស់ព្រះខ័នរាជស្វាយរៀង រកបាន ១០គ្រាប់ ខណៈកីឡាករ ឃួន ឡាបូរ៉ាវី របស់បឹងកេតអង្គរ និងកីឡាករ Okereke Timothy របស់ស៊ីម៉ាក់រកបាន ៩គ្រាប់ស្មើគ្នា ៕

_MG_3788

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ